សម្ដេច​តេ​ជោ ​បាន​ដូរ​របៀប​ទាក់ទង ជាមួយ​ប្រជាពលរដ្ឋ ដោយ​មិន​ឆ្លង កាត់​អ្នក​កណ្ដាល​

1444

ភ្នំពេញ ៖ បន្ទាប់ពី​ក្រុម​មន្ត្រី​ក្រោម​ឱវាទ ​រាយការណ៍ ​មិន​ពិត​ និង​ការប្រកាស​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​មក​ សម្ដេច​តេ​ជោ ​បាន​ប្ដូរ​របៀប​ទាក់ទង​ជាមួយ​ប្រជាពលរដ្ឋ​ផ្ទាល់ ដោយ​មិន​ឆ្លងកាត់​មន្ត្រី​ថ្នាក់​កណ្ដាល​នោះ​ឡើយ​ ពោល​គឺ​សម្ដេច​អាច​ដឹង និង​ផ្តល់​ព័ត៌មាន ទៅវិញទៅមក ​ជាមួយ​ប្រជាពលរដ្ឋ​ដោយ​ផ្ទាល់​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​តែម្ដង​។

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ឯកឧត្តម​ ខៀវ កាញារីទ្ធ ​បាន​ថ្លៃ​ប្រាប់​អ្នកសារព័ត៌មាន​កាល​ពី​ថ្ងៃទី​០២ កុម្ភៈ​ឆ្នាំ​២០១៦​នេះ​ថា សម្ដេច​តេ​ជោ ​បាន​ដូរ​របៀប​ទាក់ទង ​ជាមួយ​ប្រជាពលរដ្ឋ ​ដោយ​មិន​ឆ្លងកាត់​អ្នក​កណ្ដាល ជា​ចំណុច​មួយ​ដ៏​ល្អ ​បន្ថែម​ពីលើ​ក្រុម​របស់​សម្ដេច​នៅ​លើ​សំណើ​ផ្សេងៗ ដែល​សម្ដេច​មាន​ក្រុម​ជំនាញ​សម្រាប់​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ទាំង​នោះ​ដែរ​។​

ឯកឧត្តម ​ខៀវ កាញារីទ្ធ លើកឡើង​បែបនេះ​បន្ទាប់ពី សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ប្រកាស​ពី Facebook ផ្ទាល់ខ្លួន​របស់​សម្ដេច​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើការ​ទំនាក់ទំនង​ដោយ​ផ្ទាល់​មកកាន់​សម្ដេច ដែល​គេ​មើល​ឃើញ​ថា Facebook នោះ មាន​អ្នក​ចូល​មក​គាំទ្រ និង​ផ្តល់​មតិយោបល់ ឆ្លើយឆ្លង​ផ្ទាល់​រវាង​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ​ជាមួយ សម្ដេច​មានការ​កើនឡើង​កាន់​តែ​ខ្លាំង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។​

លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា “ កន្លងមក​គេ​មិន​ស្គាល់​ច្បាស់​ថា​មួយ​ណា​ជា Page របស់​សម្ដេច និង​មាន Page​ក្លែងក្លាយ​ លើកលែង​តែ​មាន​Page ដែល​សម្ដេច​ប្រកាស​ច្បាស់​ថា​ជា​Page ផ្ទាល់​របស់​សម្ដេច ដូច​ពេលនេះ ទើបបាន​មាន​អ្នកគាំទ្រ​(like)​ច្រើន​។​

លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​បន្ត​ថា “​ប្រជាពលរដ្ឋ​លោក​មាន​បញ្ហា​អ្វី​ចង់​ទាក់ទង​តាម Facebook ក៏បាន តាម​តំណាងរាស្ត្រ​ក៏បាន ឬ​តា​ម​ណា​ក៏បាន​ដែរ ព្រោះ​ប្រភព​ព័ត៌មាន​របស់​សម្ដេច​មាន​ច្រើន មិនមែន​មានតែ​តាម Facebook តែមួយ​នោះទេ “​។​

សូម​រំលឹក​ថា កាលពី​ថ្ងៃទី​២ សម្ដេច​តេ​ជៅ បាន​សរសេរ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​សម្ដេច​ថា ខ្ញុំ​ប្រើប្រាស់​បណ្ដាញ​សង្គម​នេះ​មិន​ទៅ​ប្រកួតប្រជែង​ជាមួយ​អ្នកណាម្នាក់​ឡើយ​។ ​ចំនួន​អ្នកគាំទ្រ​ច្រើន​នៅក្នុង​បណ្ដាញ Facebook គឺជា​សម្លេង​គាំទ្រ​របស់​ពលរដ្ឋ​ដែល​ចូលចិត្ត​ខ្ញុំ នៅ​ពេល​ដែល​បងប្អូន​ដឹង​ថា នេះ​គឺជា​គេហទំព័រ​ពិត​តែមួយ​របស់ខ្ញុំ​។ ខ្ញុំ​សូម​ស្វាគមន៍​ទាំងអស់គ្នា ទោះបី​បងប្អូន​មកពី​បក្ស​ណាក៏ដោយ​។ ខ្ញុំ​ក៏​សូម​អរគុណ​ជនរួមជាតិ និង​យុវជន​ដែល​បាន​គោរព​ស្រឡាញ់​ខ្ញុំ និង​នៅ​ជាមួយ​ខ្ញុំ ដើម្បី​ថែរក្សា ការពារ​សន្តិភាព​សម្រាប់​ជាតិ​យើង​ទាំងមូល​៕