សេចក្តី​ព្រាង​អនុក្រឹត្យ​រឹបអូស​ទ្រព្យសម្បត្តិ អ្នក​ជួញដូរ​គ្រឿងញៀន នឹង​បញ្ចប់​ឆាប់ៗ​នេះ​

292

ភ្នំពេញ៖ សេចក្តី​ព្រាង​អនុក្រឹត្យ​មួយ​ ស្តី​ពី​ការរៀបចំ​ការប្រព្រឹត្ត​នៃ​មូលនិធិ ​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ដើម្បី​រឹបអូស​យក​ទ្រព្យសម្បត្តិ​របស់​ជនល្មើស​ជួញដូរ​គ្រឿងញៀន មក​ប្រើប្រាស់​បណ្ដោះអាសន្ន មកដល់ពេលនេះ បាន​ដំណើរការ​ជិត​ចប់​ហើយ ហើយ​នៅពេល​ឆាប់ៗ​នេះ អនុក្រឹត្យ​នេះ​ ប្រមុខ​រាជរដ្ឋាភិបាល​នឹង​ចេញ​ឲ្យ​អនុវត្ត​ជា​ផ្លូវការ​។​

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន មា​លីន នៅ​ថ្ងៃទី​៤ ខែកុម្ភៈ​នេះ បាន​ប្រាប់​​​​តាម​ទូរ​សព្ទ​ថា​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បន្ទាប់ពី អនុក្រឹត្យ​នេះ​នឹង​ត្រូវ​បាន​ប្រកាស​ចេញ​ឲ្យ​អនុវត្ត នោះ​រាល់​ទ្រព្យសម្បត្តិ​របស់​ជនល្មើស​ជួញ​ដូរ​គ្រឿងញៀន ដែល​កំពុង​ដំណើរការ​ក្តី​នៅ​តុលាការ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​នោះ នឹង​អាច​យក​ប្រើប្រាស់​ជា​បណ្ដោះអាសន្ន ហើយនឹង​ត្រូវ​បាន​ដាក់​ចូល​ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​។​

លោក បន្តថា ដោយឡែក​ច្បាប់ ​ដែល​មាន​មាត្រា​ពាក់ព័ន្ធ​នឹង​ការ​រឹបអូស​ទ្រព្យសម្បត្តិ​ជនល្មើស​គឿង​ញៀន ហើយ​រយៈពេល​នៃ​ការ​បណ្ដឹងឧទ្ធរណ៍​ ដែល​មាន​រយៈពេល​យូរ​ពេក​នោះ នឹង​ត្រូវ​ធ្វើការ​កែប្រែ​ផង​ដែរ ខណៈ​ការ​អនុវត្ត​បាន​នឹង​កំពុង​ជួប​បញ្ហា​ប្រឈម​ជា​ខ្លាំង ដល់​ការ​ថែរក្សា និង​ខូចខាត​នៃ​ទ្រព្យសម្បត្តិ​ទាំងនោះ​។​

គួរ​រំលឹក​ថា​ នៅក្នុង​ពិធី​អង្គសន្និបាត​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នា​ពេល​ថ្មី​កន្លង​មកនេះ ឯកឧត្តម កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ថា ក្នុង​មួយឆ្នាំៗ ទ្រព្យសម្បត្តិ​ដែល​រឹបអូស ដកហូត​ពី​ជនល្មើស និង​ពួក​ឧក្រិដ្ឋជន​គ្រឿងញៀន គឺ​មាន​តំលៃ​រាប់​លាន​ដុល្លា​។

ឯកឧត្តម​ក៏បាន​ស្នើសុំ​តុលាការ​ជួយ​ពន្លឿន​ដំណើរការ​ក្តី​ពួក​ជនល្មើស​ទាំងនោះ​ឲ្យ​បាន​លឿន ខណៈ​ឯកឧត្តម​ បាន​ដាក់​សំណួរ​ទៅ​តុលាការ​ថា ការអនុវត្ត​ច្បាប់​ជាទូទៅ​បាន​ល្អ និង​ទទួលជោគជ័យ ប៉ុន្តែ​ នៅ​មាន​ករណី​ខ្លះ​បិទបាំង​មិន​ហាន​ធ្វើ មានការ​រាយការណ៍​ហើយ​ធ្វើ​មិន​ដឹង​មិនលឺ ឬ​ខ្វះ​មនសិការ​វិជ្ជាជីវៈ ការ​កាត់ទោស ពេលខ្លះ​ គឺ​បាន​ឃ្លាត​ពី​ស្មារតី​ច្បាប់ ពិសេស​បទឧក្រិដ្ឋ​ធំៗ ដែល​មាន​ទ្រព្យសម្បត្តិ​ច្រើន​។​

សម្តេច​ក្រឡាហោម ស ខេង បាន​រឹះ​គន់​ថា ពាក់ព័ន្ធ​នឹង​ការ​ដោះស្រាយ​ទ្រព្យសម្បត្តិ​ពាក់ព័ន្ធ​គ្រឿងញៀន គ្រាន់តែ​អនុក្រឹត្យ​មួយ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ហើយ​ដោះស្រាយ​មិន​ចេញ ហើយ​ថា បញ្ហា​នេះ​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ត្រូវ​បំភ្លឺ​ព្រោះថា​បញ្ហា​នេះ​វា​មិន​មែន​ជា​រឿង​សាមញ្ញ​ទេ​៕​