គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៧​ខែ​កុម្ភៈ​កើតឡើង​១៥​លើក​ស្លាប់​៧​នាក់​របួសធ្ងន់​ស្រាល​២០​នាក់​

184

ភ្នំពេញ ៖ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​៧ ខែ​កុម្ភៈ​ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន ១៥​លើក ក្នុង​នោះ​យប់ ៧​លើក​, បណ្ដាល​អោយ​មនុស្ស​ស្លាប់ ៧​នាក់ ( ស្រី ២​នាក់​) រង​របួស​ធ្ងន់ ១៤​នាក់ ( ស្រី ៥​នាក់ ) និង​របួសស្រាល ៦​នាក់ ( ប្រុស ) ។​

នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ទាំង ១៥​លើក​នេះ បណ្ដាល​ឲ្យ​ខូចខាត​យានយន្ត សរុប ចំនួន ២៤​គ្រឿង​ រួមមាន ម៉ូតូ​ចំនួន ១៧​គ្រឿង​រថយន្ត​ធុន​តូច ចំនួន ៧​គ្រឿង​ និង​អ្នក​ថ្មើរជើង ១​នាក់ ។​

ប្រភព​ព័​ត៌​មាន​ដដែល​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា មូល​ហេតុ​ដែល​បណ្ដាល ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន ៧​លើក ,​ស្រវឹង ៣​លើក​, ប្រជែង​គ្រោះថ្នាក់ ១​លើក ,​មិន​ប្រកាន់​ស្តាំ ២​លើក និង​បត់​ស្តាំ ២​លើក ។ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ១៩​នាក់ (​យប់ ៩​នាក់​) ។​

គ្រោះ​ថ្នាក់លើ​ដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៩​លើក ផ្លូវ​ខេត្ត​/​ក្រុង ចំនួន ៤​លើក និង​ផ្លូវលំ ចំនួន ២​លើក​។ យានយន្ត​បង្កហេតុ រួមមាន ម៉ូតូ ៦​លើក និង​រថយន្ត​ធុន​តូច ៩​លើក ។​

យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បន្ត​ទៀត​ឲ្យ​ដឹង​ថា ខេត្ត រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់​ច្រើន រួមមាន ខេត្តព្រៃវែង ៣​លើក ស្លាប់ ៤​នាក់ (​ស្រី ២​នាក់​) ខេត្តក្រចេះ ២​លើក ស្លាប់ ១​នាក់ របួស ១​នាក់ ខេត្តបន្ទាយមានជ័យ ១​លើក ស្លាប់ ២​នាក់ របួស ១​នាក់ និង​ខេត្តសៀមរាប ១​លើក ស្លាប់ ១​នាក់ របួស ១​នាក់ ។​

ប្រភព​ព័​ត៌មាន​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​៧ ខែ​កុ​ម្ភៈ​ ឆ្នាំ​២០១៦ លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំង​ប្រទេស​មាន ចំនួន ២៥៨៧​គ្រឿង ក្នុង​នោះ​បាន​ធ្វើ​ការអប់រំ​ចំនួន ១៧៥៤​គ្រឿង និង​ពិន័យ​សរុប ៨៣៣​គ្រឿង ៕​