កម្ពុជា​-​គុយបា ​សន្យា​ពង្រឹង​ទំហំ​ពាណិជ្ជកម្ម​ឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត​

323

ភ្នំពេញ៖ ​ដើម្បី​ឲ្យ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត​នោះ​រដ្ឋាភិបាល​កម្ពុជា និង​ប្រទេស​គុយបា បាន​សន្យា​ថា​ ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​បន្ថែម​ទៀត ​ក្នុង​គោលបំណង​ផលប្រយោជន៍​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។​

រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​កុយ​បា​ បាន​សន្យា​ពង្រឹង​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត​ខណៈ​ទំហំ​ពាណិជ្ជកម្ម​នា​ពេល​បច្ចុប្បន្ន​រវាង​ប្រទេស​ទាំងពីរ មាន​តិចតួច​បំផុត​នោះ​។​

ការសន្យា​រវាង​ភាគី​ទាំងពីរ ​បាន​ធ្វើ​ឡើង​នៅក្នុង​កិច្ច​ជំនួប រវាង​ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា ឯកឧត្តម ហោ ណាំហុង ជាមួយ​លោក Juan de Jesus Hidalgo gato Perez​ឯកអគ្គរដ្ឋទូត​ពេញ​សិទ្ធ​ប្រចាំ​នៅ​កម្ពុជា​នៅ​ថ្ងៃទី​៨ ខែកុម្ភៈ​ឆ្នាំ​២០១៦​នេះ​។​

ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ ក្រោយពី​កិច្ច​ជំនួប​នោះ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង ការបរទេស​លោក ជុំ ស៊ុ​ន្ទ​រី បាន​ឲ្យ​ដឹងថា ​គុយបា បាន​សន្យាថា​នឹង​ទិញ​អង្ករ​ពី​កម្ពុជា​បន្ថែមទៀត​ខណៈ​អង្ករ​កម្ពុជា​បានជា​ប់​លំដាប់ថ្នាក់​លេខ​១​នៅ​ពិភពលោក​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ លោក​បន្តថា គុយបា ចង់​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​បន្ថែមទៀត​ជាពិសេស​គឺ​ទំហំ​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច​តែម្តង​។​

លោក​បន្ថែមថា ដើម្បី​ឲ្យ​ទំនាក់ទំនង​រវាង​ភាគី​ទាំងពីរ​កាន់តែ​លេចធ្លោ​បន្ថែមទៀត​នោះ ប្រមុខ​ការទូត​នៃ​ប្រទេស​ទាំងពីរ នឹង​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​ទៅវិញទៅមក​នាពេល​ឆាប់ៗ​ខាងមុខនេះ តែ​យ៉ាងណាក្តី​ភាគី​ទាំងពីរ​មិនទាន់​បញ្ជាក់​ពេលវេលា​ច្បាស់លាស់​សម្រាប់​ដំណើរ​ទស្សនកិច្ច​នោះឡើយ​។​

ជាមួយគ្នា​នោះ​លោក ជុំ ស៊ុ​ន្ទ​រី​ បាន​លើក​ឡើងថា រដ្ឋាភិបាល​កុយ​បា​ក៏បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​គាំទ្រ​គោលនយោបាយ​គុយបា​ខណៈ​ដែល​ប្រទេស​នេះ​ មាន​បញ្ហា​ជាមួយ​អាមេរិក​។​

សូម​រំលឹក​ថា ប្រទេស​កម្ពុជា​និង​កុយ​បា​ បាន​រឹតចំណង​ការទូត​នឹង​គ្នា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ណាស់​មក​ហើយ ​ក៏ប៉ុន្តែ ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​គឺ​ស្ថិតនៅ​កម្រិត​ទាប​បំផុត​៕