ឃាត់ខ្លួន​ក្មេង​ទំនើង​២​នាក់​​ ខណៈ​ជិះ​ម៉ូតូ​ដួល​ចេញ​ដាច​ស៊ាំម៉ូរ៉ៃ

452

បន្ទាយមានជ័យ​ ៖ ​ក្មេង​ទំនើង​២​នាក់ ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ​សង្ស័យ​កាប់​គ្នា ​បន្ទាប់ពី​បើក​ម៉ូតូ​ដួល​ ចេញ​ដាវ​ស៊ាំ​ម៉ូរ៉ៃ ​កាលពី​ព្រលប់​ម៉ោង​៧ ថ្ងៃទី​០៨ ត្រង់​ចំណុច​គោលដៅ​ប្រចាំ​បញ្ជា​របស់​នគរបាល​នៃ​ផ្លូវ​ចូល​ផ្សា​រាត្រី ​ស្ថិត​ក្នុងភូមិ​៣ ​សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ។

លោក ឃួន វណ្ណា ​នាយការិយាល័យ​ប្រឆាំង​ភេរវកម្ម នៃ​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ដែល​ ទទួល​ប្រចាំ​បញ្ជា​ការពារ​គោលដៅ ​មុខ​ផ្លូវ​ចូល​ផ្សា​រាត្រី​ធីអឹម ​ទៅតាម​ផែនការ​របស់​លោក​ឧ​ត្ត​សេនីយ៍​ទោ ​អាត់ ខែម ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ​ដើម្បី​បង្កា​ បង្ក្រាប ​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ  ​។លោក បានបន្ដ​ថា ​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ថា ​មាន​ក្មេង​ទំនើង​ដួល​ម៉ូតូ​ចេញ​ដាវ​ស៊ាំម៉ូ​រ៉ៃ សង្ស័យថា​ រត់​ចេញពី​ជម្លោះ​កាប់​ចាក់​គ្នា ​ទើប​កម្លាំង​របស់​លោក​បាន​ឃាត់ខ្លួន​ ក្មេង​ជំទង់​២​នាក់​ ក្នុងចំណោម​៣​នាក់ ​ដែល​ជិះ ​ម៉ូតូ​គេច​ខ្លួនបាត់ ​មាន​របួស​ដៃជើង​ និង​ខ្លួន ជាមួយ​និង​ដាវ​ស៊ាំ​ម៉ូរ៉ៃ​មួយ​ដើម ។ ក្រោយ​ឃាត់ខ្លួន​ក៏បាន​ប្រគល់​អោយ​ទៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រះ​ពន្លា​ធ្វើការ​ទៅ​តាម​នីតិវិធី​បន្ត ។

លោក សុខ ថៃ ​នាយ​ប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល​ព្រះ​ពន្លា​ បានអោយដឹង​ថា ​យុវជន​ទាំង​២​នាក់​មាន​ឈ្មោះ ច​ន រាជ្យ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ និង​ឈ្មោះ សាធ ធិ​ឡាង  ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ក្មេង​ទាំង​២នាក់ ​មាន​ទីលំនៅ​ភូមិ​-​សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ ​បាន​រៀបរាប់​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថា​ ពួក​ខ្លួន​មិនបាន​ដេញ​កាប់​គ្នា​នោះ​ទេ ​មូលហេតុ​ដែល​ខ្លួន​មាន​របួស​នេះ​ដោយ​សារតែ​ភ័យខ្លាច នឹង​ក្រុម​ក្មេង​មួយ​ក្រុម​ទៀត​ជិះ​ម៉ូតូ​ច្រើន​គ្រឿង ​ដេញ​ពួក​ខ្លួន ​ទើប​ពួក​ខ្លួន​បើក​ម៉ូតូ​រត់គេច​តែ​ក៏​ត្រូវ​ដួល​តែម្តង ​។ ចំណែក​ដាវ​គឺ​ពួក​ខ្លួន​ទុក​សម្រាប់​ការពារ​ខ្លួន​ប៉ុណ្ណោះ  ។

លោក​ បន្តទៀតថា ​ក្មេង​ទាំង​នាក់​នេះ​ នឹង​ធ្វើ​ការអប់រំ និង​កោះហៅ​អាណាព្យាបាល​មក​ធានា​យកទៅ​ផ្ទះ​វិញ ​ព្រោះ​ពួកគេ​ថ្វីត្បិតតែ​មាន​ដាវ​មែន​តែ​មិន​ទាន់​បាន​បង្កបញ្ហា​អ្វី​ឡើយ ៕

អ​,​ពៅ