​​សម្ដេច ហ៊ុន​ សែន​ ទទួល​ស្គាល់​ថា ​កសិករ​ខ្មែរ​បញ្ចេញ​ពលកម្ម​មិន​រួច​ថ្លៃដើម

323

ភ្នំពេញ ៖ សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ បាន​រំ​ឮ​ក​ពី​វិបត្តិ​សេដ្ឋកិច្ច​ពិភព​លោក​ក្នុង​ឆ្នាំ​២០០៨​ដែល​បាន​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​មកដល់​សេដ្ឋកិច្ច​កម្ពុជា ដែល​បច្ចុប្បន្ន​នេះ​នាំ​ឲ្យ​កសិករ​ខ្មែរ​បញ្ចេញ​ពលកម្ម​មិន​រួច​ថ្លៃដើម​។

ថ្លែង​ក្នុង​ឱកាស​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​សាកលវិទ្យាល័យ​ហេង សំរិន ត្បូងឃ្មុំ​នៅ​ថ្ងៃទី​១១​ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ សម្ដេច​តេ​ជោ​ហ៊ុន សែន បញ្ជាក់​ថា ចាំ​បាន​ទេ​នៅ​ឆ្នាំ​២០០៨​ស្រាប់តែ​តម្លៃ​ស្បៀង​ឡើង​ហើយ​កសិករ​យើង​ត្រូវប៉ាន់ ព្រោះ​បាន​ចំណេញ​ច្រើន ប៉ុន្តែ​អ្នកទិញ ឬ​អ្នក​ទទួលទាន ស្រែក​ថា ទំនិញ ឬ​ស្បៀង​ថ្លៃ​ណាស់​! តែ​ឥឡូវនេះ​អ្នក​ទទួលទាន ឬ​អ្នកទិញ កំពុង​សប្បាយ​ព្រោះ​អ្វីៗ​ថោក​រួមមាន សាំង និង អង្ករ និង​ដំណាំ​ផ្សេង​ជាដើម ឯ​អ្នក​ផលិត ឬ​ធ្វើ ក៏​ស្រែក​ម្ដង ព្រោះ​ខាតបង់ ដោយសារ​ខំ​ផលិត តែ​បាន​តម្លៃ​មកវិញ មិន​ស្នើ​នឹង​ថ្លៃដើម​ផង​នោះ​។

សម្ដេច​បន្ត​ថា នា​ពេល​នេះ​ពិភពលោក​កំពុង​ដោះស្រាយ​បញ្ហា​ផ្សេងៗ​រីឯ​កម្ពុជា​ក៏​កំពុង​ដោះស្រាយ​បញ្ហា​របស់​ខ្លួនឯង​ផង​ដែរ​។ សម្ដេច​ឲ្យ​ដឹង​ទៀត​ថា នៅ​ប្រទេស​ថៃ​បច្ចុប្បន្ន​ក៏​មាន​ចំការកៅស៊ូ​ខ្លះ​ឈប់​ចាក់​ជ័រ​ដែរ ព្រោះ​មិន​រួច​ថ្លៃ​ជួល​កម្មករ​៕