
ភ្នំពេញ ៖ បន្ទាប់ពីសារព័ត៌មាន បានផ្សាយថា តូបលក់ដូររបស់អាជីវករខ្មែរនៅ ផ្សាររ៉ុងក្លឿ ខេត្តសាកែវ ប្រទេសថៃ បានបិទទ្វារដោយសារមានការភ័យខ្លាចថា អាជ្ញាធរថៃ នឹងចុះចាប់ទំនិញរបស់ពួកគាត់ជាថ្មីម្តងទៀត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានណែនាំអោយស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំនៅខេត្តសាកែវ ចុះសួរសុខទុក្ខអាជីវករទាំងអស់ និងណែនាំអោយបើកលក់ដូរជាធម្មតាវិញ តែជៀស វាងការលក់ទំនិញក្លែងក្លាយខុសច្បាប់ ដែលនាំអោយមានបញ្ហាជាមួយសមត្ថកិច្ចផ្នែកកម្មសិទ្ធិ បញ្ញារបស់ថៃ។
ជួបទំនាក់ទំនងជាមួយអាជ្ញាធរថៃ ដើម្បីដោះស្រាយការព្រួយបារម្ភរបស់អាជីវករខ្មែរ និងធានាបានការប្រកបអាជីវកម្មធម្មតាឡើងវិញ។
តាមការចុះអង្កេតផ្ទាល់របស់ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំនៅខេត្តសាកែវ បានអោយ ដឹងថា ផ្សាររ៉ុងក្លឿ ពុំបានបិទទ្វារទេ ប៉ុន្តែដោយសារអាជីវករមួយចំនួនបានឈប់សំរាកក្នុងឱកាស បុណ្យចូលឆ្នាំចិន និងអាជីវករមួយចំនួនទៀតមានការភ័យខ្លាចដោយខ្លួនឯងថា សមត្ថកិច្ចថៃ នឹងចុះចាប់ទំនិញរបស់ពួកគាត់ទៀត។
អគ្គកុងស៊ុលកម្ពុជា បានបញ្ជាក់ទៀតថា ចំពោះករណីពលរដ្ឋខ្មែរចំនួន០២នាក់ ដែលអាជ្ញាធរថៃកាត់ទោសអោយជាប់ពន្ធនាគារ រយៈពេល០៣ខែ ក្នុងហេតុការណ៍នៃការប៉ះទង្គិចគ្នារវាងក្រុមអាជីវករខ្មែរ និងក្រុមស៊ើបអង្កេត ពិសេសថៃ មកពីទីក្រុងបាងកក ដែលចុះមកពិនិត្យកម្មសិទ្ធិបញ្ញាលើទំនិញនៅផ្សាររ៉ុងក្លឿ កាល ពីថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថានអគ្គកុងស៊ុលកម្ពុជានៅខេត្តសាកែវ បានជូនព័ត៌មានថា ៖ សាលាឧទ្ធរណ៍ថៃ បានបដិសេធសំណើធានាអោយនៅក្រៅឃុំរបស់មេធាវី ស្ថានអគ្គ- កុងស៊ុល។
មេធាវីស្ថានអគ្គកុងស៊ុល បានផ្ដល់យោបល់ថា ការប្ដឹងតវ៉ាបន្ធូរបន្ថយទោស នឹងត្រូវប្រើ ពេលវេលាយូរ ដែលអាចអូស បន្លាយរយៈពេលជាប់ពន្ធនាគារ និងថាគួរទទួលយកការកាត់ ទោសរបស់តុលាការជាប់ពន្ធនាគារ ០៣ ខែ។ ចំពោះករណីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានណែនាំអោយស្ថានអគ្គកុងស៊ុល ទំនាក់ទំនងជំរាបជូនឳពុក-ម្តាយរបស់សាមី ជនទាំងពីរនាក់នេះ៕