Louis van Gaal អះអាង​ថា Manchester United មិន​ដេញ​រូបលោក​ចោល​ឡើយ ប្រសិន​បញ្ចប់​លំដាប់ Top ៤

288
Louis van Gaal អះអាង​ថា Manchester United មិន​ដេញ​រូបលោក​ចោល​ឡើយ ប្រសិន​បញ្ចប់​លំដាប់ Top ៤

បាល់ទាត់៖ ​ដោយមាន​ការ​ជជែក​រឿង​គ្រូបង្វឹក​ថ្មី​រវាង Manchester United និង Jose Mourinho គ្រូបង្វឹក​បច្ចុប្បន្ន Louis van Gaal បាន​អះអាង​ថា ក្លឹប​នឹង​មិន​បណ្ដេញ​លោក​ចោល​ឡើយ ប្រសិន​អាច​បញ្ចប់​លំដាប់ Top ៤ រដូវ​កាល​នេះ​។

​​មួយ​រយៈ​ចុងក្រោយ​នេះ​ពិតជា​មានការ​ចុះផ្សាយ​ពី​ការ​នាំ​យក Jose Mourinho មកកាន់ Old Trafford ថែម​ទាំង​មានការ​ចុះផ្សាយ​ថា ភាគី​ទាំង​ពីរ​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ទៀត​ផង​ដោយ Manchester United ផ្តល់​កិច្ច​សន្យា​បី​ឆ្នាំ​អោយ Jose Mourinho ជាមួយនឹង​ថ្លៃ​នឿយហត់ ១៥​លាន​ផោន​ក្នុង​មួយឆ្នាំ​។ ​យ៉ាងណាក៏ដោយ​គ្រូបង្វឹក​ក្នុង​តំណែង​ និង​កំពុង​ស្ថិត​ក្នុង​សំពាធ Louis van Gaal នៅតែ​ជឿ​ថា​លោក​អាចបន្ត​ដឹកនាំ​ក្រុម​បាន​ប្រសិន​អាច​បញ្ចប់ Top ៤ នោះ​។

ដោយឡែកទោះបីជា​មានការ​លើកឡើង​បែបនេះ ​ពី​បុរស​សញ្ជាតិ​ហូ​ឡង់​រូប​នេះ​យ៉ាងណាក៏ដោយអ្នកគាំទ្រ Manchester United ភាគច្រើន​ពិតជា​មិន​ពេញចិត្ត​ចំពោះ​របៀប​ដឹកនាំ​របស់ Van Gaal ឡើយ​ដែល​ធ្វើអោយ​ពួកគេ​ជឿ​ជាក់​ថា ផ្លាស់ប្ដូរ​គ្រូបង្វឹក​ជា​ជំរើស​ល្អ​បំផុត​។ ​Manchester United បច្ចុប្បន្ន​កំពុង​ឈរ​លេខ ៥​ក្នុង​តារាង​តាម​ពីក្រោយ​ក្រុម​លំដាប់​ទី ៤ Manchester City ដល់​ទៅ ៦​ពិន្ទុ ខណៈ​ត្រូវ​ជួប​ក្រុម​ម្ចាស់ផ្ទះ​ឆ្មា​ខ្មៅ Sunderland ថ្ងៃ​សៅរ៍​ស្អែក​នេះ​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ