បញ្ជូន​ជនសង្ស័យ​១០​នាក់ ​ជា​មេ​ជួញដូរ​គ្រឿង​ញៀន​នឹង​ប្រើប្រាស់​ដ៏​សកម្ម​ ទៅ​តុលាការ

379

ភ្នំពេញ ៖ ​ជនសង្ស័យ​ជា​មេ​ជួញដូរ​គ្រឿងញៀន​ និង​ប្រើប្រាស់​ដ៏​សកម្ម​នៅ​ជាយក្រុង​ភ្នំពេញ ​ចំនួន​១០​នាក់​ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ កងរាជអាវុធហត្ថ​រាជធានី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ​នៅ​រសៀល​ថ្ងៃទី​១៣ ​កុម្ភៈ ឆ្នាំ​២០១៦​។

គួរ​បញ្ជាក់​​ថា​ ​កាលពីវេលាម៉ោង ​១៥ និង០០នាទី ​​ល្ងាច​ថ្ងៃទី​១០​ ខែកុម្ភៈ ​​ ​​នៅ​ចំណុច​ បន្ទប់​ជួល​គ្មាន​លេខ​ ស្ថិត​ក្នុង​ភូមិ​ដំណាក់​សង្កាត់​ភ្នំពេញ​ថ្មី ​ខណ្ឌសែន​សុខ​ កម្លាំង​ជំនាញ​អាវុធហត្ថ​ខណ្ឌ​ពោធិ​សែន​ជ័យ​ សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ការិយាល័យ​ស្រាវជ្រាវ​ប្រឆាំង​គ្រឿងញៀន​រាជធានី​ ចុះ​បង្ក្រាប ​ជាក់​ស្តែង​ករណី​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន ​ជា​លទ្ធផល​ឃាត់ខ្លួន​មនុស្ស៣​នាក់​ក្នុងនោះ​ស្រី​ម្នាក់​។

នៅ​ល្ងាច​ថ្ងៃទី​១២​ កុម្ភៈ ​ឆ្នាំ​២០១៦​ នៅមុខ​ពេទ្យ​លោក​សង្ឃ ក្នុងភូមិ​ទាំង​ឈូក​សង្កាត់​ទឹក​ថ្លា​ ខណ្ឌសែន​សុខ​ កម្លាំង​អាវុធហត្ថ​ការិយាល័យ​ស្រាវជ្រាវ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​រាជធានី​ចុះ​បង្ក្រាប​ដោយ​ឃាត់ខ្លួន​ ជនសង្ស័យ​ចំនួន​៧​នាក់ ​ពី​បទ ​ប្រើប្រាស់​។​

សមត្ថកិច្ច​ជំនាញ​ថា ​ពួក​ជនសង្ស័យ​ទាំង​៣​នាក់ ​សុទ្ធតែជា​មេ​ចែកចាយ​គ្រឿងញៀន​ និង​ជនសង្ស័យ​៧​នាក់​ ទៀត​ពី​បទ​ប្រើប្រាស់​។

មន្ត្រី​អាវុធហត្ថ​ការិយាល័យ​ជំនាញ​ បានអោយដឹង​ថា​ ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​នោះ​រួមមាន​ ទី​ ១.​ឈ្មោះ ជា វណ្ណឌី ហៅ​ខ្មៅ​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​ មុខរបរ​មិន​ពិត​ប្រាក​ដ៏​ទីលំនៅ​បច្ចុប្បន្ន​ ស្នាក់នៅ​បន្ទប់​ជួល​ខាងលើ​។​ ទី​២​.ឈ្មោះ យឿន ចាន់​ដា​រ៉ា ភេទ​ប្រុស អាយុ​១៩ ​ឆ្នាំ​ មុខរបរ​មិន​ពិត​ប្រាក​ដ៏​ស្នាក់នៅ​ភូមិ​ប៉ប្រក ​ខាងត្បូង​ សង្កាត់​កា​កាប​ខណ្ឌ​ពោធិ​សែន​ជ័យ​។ទី​៣.​ឈ្មោះ ហួត ស្រី​ល​ក្ខ័ ភេទ​ស្រី អាយុ​២០​ឆ្នាំ​មុខរបរ​ មិន​ពិត​ប្រាក​ដ៏​ជា​ស្រី​ស្នេហ៍ របស់​ឈ្មោះ​ ជា វណ្ណឌី​។

មន្ត្រី​ដដែល​ បន្តថា​ វត្ថុ តាង​ដែល​ដកហូត​បាន​ រួម​មាន ៖
1.​ម្សៅ​ក្រាម​សរ​ថ្លា​11​កញ្ចប់ ​(​តូច​3​ធំ​ល្មម​7​ធំ​1)​ បើ​គិត​ទៅ​ស្មើ​រាប់​រយ​កញ្ចប់​តូច​ឯណោះ​
2.​ទូរស័ព្ទ​01​គ្រឿង​
3.​កាបូប​ដាក់​លុយ​01​មាន​លុយ​2$
4.​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​01
5.​ប្រដាប់​ចូក​01
6.​ថង់​ច្រក ថ្នាំ​មួយ​ចំនួនធំ​
7.​សម្ភារៈ ​សំរាប់​ប្រើប្រាស់​មួយ​ចំនួន។

បច្ចុប្បន្ន​ជនសង្ស័យ ​និង​វត្ថុ តាង​ទាំងអស់​ខាងលើ​ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​សាកសួរ​បន្ត​តាម​នីតិ​វិធី​៕