ផ្ដន្ទាទោស​បុគ្គលិក​ស្ម័គ្រចិត្ត​អង្គការ​ម្នាក់​ដាក់គុក​៧​ឆ្នាំ​ពី​បទ​រួមភេទ​ជាមួយ​កុមារា​៤​នាក់​

317

ភ្នំពេញ​ ៖ ​ចៅក្រម​សាលាឧទ្ធរណ៍ លោក ប៉ុល សំអឿន សម្រេច​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៦ តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ទុក​ជា​បាន​ការ​ដដែល ពោល​គឺ​បុគ្គលិក​ស្ម័គ្រចិត្ត​បម្រើ​ការងារ​ឲ្យ​អង្គការ AIM ម្នាក់ ដាក់​ពន្ធនាគារ​៧​ឆ្នាំ ​ពី​បទ​រួមភេទ​ជាមួយ​អនីតិជន​អាយុ​ក្រោម​១៥​ឆ្នាំ ពាក់ព័ន្ធ​ការប្រព្រឹត្ត​អំពើ​បៀម​លិង្គ​កុមារា​៤​នាក់ ។

មន្ត្រី​សាលាឧទ្ធរណ៍ បាន​ឲ្យ​ដឹង​ថា​ជនជាប់ចោទ​រូប​នេះ​ឈ្មោះ ស៊ឹម សំ អាយុ​២១​ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​នគ​របាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​កាលពី​អំឡុង​ខែឧសភា ឆ្នាំ​២០១៤ តាម​ពាក្យបណ្ដឹង​របស់​ប្រធាន​អង្គការ AIM

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កាលពី​អំឡុង​ជនជាប់ចោទ​ធ្វើការ​ងារ​ជា​បុគ្គល​ស្ម័គ្រចិត្ត​អង្គការ AIM ជនជាប់ចោទ​បាន​ប្រព្រឹត្ត​អំពើ​បៀម​លិង្គ​កុមារា​៤​នាក់ ដែល​រស់​នៅ​ក្នុង​អង្គការ​នោះ ។ មួយ​រយៈ​ពេល​កន្លង​មក រឿងរ៉ាវ​ទាំងនេះ បែក​ការណ៍ រហូត​ប្រធាន​អង្គការ AIM ប្តឹង​សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន ជនជាប់ចោទ​តែម្ដង ។

ដោយឡែក នា​ពេល​សវនាការ កាលពី​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០១៦ កន្លងមក ជនជាប់ចោទ​បាន​សារភាព​ថា ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​មែន និង ស្នើ​ឲ្យ​តុលាការ​បន្ធូរ​បន្ថយទោស ។ ប៉ុន្តែ នៅពេល​ប្រកាស​សាលដីកា សាលាឧទ្ធរណ៍​សម្រេច​តម្កល់​សាលក្រម​តុលាការ​ថ្នាក់ក្រោម ទុក​ជា​បាន​ការ​ដដែល ​ពោល​គឺ ​ពុំ​មាន​ការ​បន្ធូរ​បន្ថយ​នោះ​ទេ ៕​