ប្រមុខ​ការពារ​ជាតិ​ក​ម្ពុ​ជា​ទៅ​ចូលរួម​តាំង​ពិព័រណ៍​បច្ចេកវិទ្យា​លំហ​អាកាស​នៅ​សិង្ហបុរី​ចំនួន​៥​ថ្ងៃ​

2436

ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា នាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ បាញ់ នៅ​ព្រឹក​ម៉ោង​៩​ថ្ងៃ​នេះ​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ជា​ច្រើន​រូប​ទៅកាន់​ប្រទេស​សិង្ហបុរី​ចំនួន ៥​ថ្ងៃ គឺ​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​១៩ ខែកុម្ភៈ​នេះ​ដើម្បី​ចូលរួម​ការ​តាំង​ពិព័រណ៍​សព្វាវុធ​ទំនើបៗ​។​

ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​ការពារ​ជាតិ​រូប​នេះ គឺ​បាន​ធ្វើឡើង​តប​តាម​ការ​អញ្ជើញ​របស់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​សិង្ហបុរី​ហើយ ក្នុងអំឡុងពេល​ទស្សន​កិច្ច​ជា​ផ្លូវការ​នេះ​នាយ​ឧ​ត្ត​ម​សេនីយ៍​ទៀ បាញ់ គ្រោង​នឹង​ជួបពិភាក្សា​ការងារ​ជា​មួយ​និង​មន្ត្រី​ការពារ​ជាតិ​មួយចំនួន​នៃ​សមាជិក​អាស៊ាន​ផង​ដែរ​។​

នៅ​ព្រលាន​យន្តហោះ​មុននឹង​ចេញដំណើរ​នោះ​នាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ បាញ់ មិនបាន​ថ្លែង​អ្វី​ប្រាប់​អ្នកសារព័ត៌មាន​ទាក់ទង​នឹង​ដំណើរ​ទស្សនកិច្ច​នោះ​ឡើយ​តែ​យ៉ាងណាក៏ដោយ​សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​ជាប្រចាំ​រាល់​ពីរ​ឆ្នាំ​ម្តងនេះ គឺ​នឹង​ចូល​រួម​ការ​តាំង​ពិព័រណ៍​បច្ចេកវិទ្យា និង​វិស្វកម្ម លម្ហ​អាកាស​សិង្ហបុរី​។​

សូម​រំលឹក​ថា​ ការ​តាំង​ពិព័រណ៍​នូវ​បច្ចេកវិទ្យា​លម្ហ​អាកាស​នេះ ក៏​មាន​សព្វាវុធ​ទំនើបៗ​ជាច្រើន រួម​ទាំង​​​យន្តហោះ​ចម្បាំង និង​ផ្កាយ​រណប​ដែល​សម្រាប់​មើល​តាម​អាកាស​ផង​ដែរ​។ តែ​យ៉ាង​ណា​ក្តី​គេ​មិនបាន​បញ្ជាក់​ថា​បច្ចេកវិទ្យា​ទំនើបៗ​ទាំងនោះ​ផលិត​នៅ​ប្រទេស​ណាខ្លះ​នោះ​ឡើយ​៕