បណ្ឌិតសភា​នគរបាល​កម្ពុជា ថា​យន្តការ​ពង្រឹងគុណភាព​អប់រំ​មន្ត្រី​នគរបាល​គឺ​ពឹង​ផ្អែកលើ​អង្គភាព​ប្រើប្រាស់​កំលាំង​នគរបាល​

308

ភ្នំពេញ ៖ បណ្ឌិតសភា​នគរបាល​កម្ពុជា​ថា យន្តការ​ធានា​គុណភាព​នៃ​ការអប់រំ​កង​កំលាំង​មន្ត្រី​នគរបាល​នៅ​សាលា​បណ្ឌិតសភា​នគរបាល​ឲ្យ​មាន​ប្រសិទ្ធភាព គឺ​បាន​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​ការ​ផ្តល់​កិច្ចសហការ​ចូលរួម​ពី​បណ្ដា​អង្គភាព​ដែល​ប្រើប្រាស់​កង​កំលាំង​នគរបាល និង​អាស្រ័យ​លើ​ភាព​ខិតខំ​ប្រឹងប្រែង​ព្យាយាម​របស់​មន្ត្រី​ដែល​បាន​បញ្ជូន​រៀនសូត្រ​នីមួយៗ​។

កិច្ច​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៥ និង​លើក​ទិសដៅ​ប្រចាំ​២០១៦ របស់​បណ្ឌិតសភា​នគរបាល​កម្ពុ​ជានា​ព្រឹក​ថ្ងៃទី​១៥ ខែកុម្ភៈ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សេង ផល្លី ប្រធាន​បណ្ឌិត​នគរបាល​កម្ពុជា ថ្លែង​ថា​នៅក្នុង​អង្គសន្និបាត​នា​ពេល​នេះ នឹង​បើក​ការពិភាក្សា​រក​ដំណោះស្រាយ ជូន​បណ្ដា​អង្គភាព​ប្រើប្រាស់​កង​កំលាំង​នគរបាល​សំដៅ​ផ្តល់​ទុកចិត្ត​ជូន​មន្ត្រី​នគរបាល​ដែល​ទទួល​បាន​ការសិក្សា ហើយ​ក្រោយពេល​បញ្ចប់​ការ​បណ្តុះបណ្តាល ធានា​គេ​មិន​បាត់​ដំណែង​តួនាទី​របស់​ខ្លួន ហើយ​ត្រូវ​បាន​អង្គភាព​សា​ម៉ី​លើកទឹកចិត្ត​ផ្តល់​មុខងារ​តួនាទី ទៅតាម​ជំនាញ សមត្ថភាព ដែល​គេ​បាន​មក​សិក្សា​នៅក្នុង​សាលា​។​

​​ឯកឧត្តម បន្ត​ថា សាលា​បណ្ឌិត​នគរបាល​កម្ពុជា ចាប់តាំងពី​កើត​កម្មវិធី​បណ្តុះបណ្តាល​ឋានានុក្រម​ថ្មី​មួយទៀត បាន​សង្កេត​ឃើញ​ថា មាន​បណ្ដា​ស្នង​នគរបាល​មួយ​ភាគ​ធំ បាន​កិច្ចសហការ​បញ្ជូន​មន្ត្រី​នគរបាល មក​សិក្សា ហើយ​យ៉ាងហោចណាស់​មាន​មន្ត្រី​នគរបាល​ប្រមាណ​ជាង​៥០% ពេល​គេ​បញ្ចប់​វគ្គ គឺ​គេ​បាន​ទទួល​មុខ​ដំណែង​ថ្មី​ទៅតាម​តម្រូវ​របស់​គេ ហើយ​ក្នុង​នោះ​ក៏​មាន​មន្ត្រី​មួយចំនួន​បាន​បន្ទាប់ពី​បញ្ចប់​មាន​ជំនាញ ក៏​ត្រូវ​បាន​ស្នើ​ឡើង​ដើម្បី​ដំណើរ​ឋានន្តរសក្តិ និង​មុខ​ដំណែង​ជូន​ផង​ដែរ​។

​​​តាម​របាយការណ៍​បណ្ឌិត​សភា​នគរបាល​កម្ពុជា បញ្ជាក់​ថា​នៅ​ឆ្នាំ​២០១៥ សាលា​មាន​មន្ត្រី​នគរបាល និង​មន្ត្រី​ពន្ធនាគារ​បាន​កំពុង​ទទួល​ការ​បណ្តុះបណ្តាល​មាន​ចំនួន​ប្រមាណ ៥​ពាន់ ៧៦៧​នាក់ ក្នុង​នោះ​មាន​នារី​ប្រមាណ​ជាង​៦០០​នាក់​ ៕​