ទាហាន​ម្នាក់​ស្លាប់​ នឹង​កន្លែង ​រីឯ​រថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បើក​រត់គេច​បាត់​​

474

​ព្រះវិហារ ៖ ​ទាហាន​ម្នា​ក់​បាន​ស្លាប់បាត់​បង់ជីវិត ​នៅនឹងកន្លែង​ លើ​ដង​ផ្លូវជាតិ​លេខ​៦២​ ដោយសារ​គ្រោះ​ថ្នាក់​ចរាចរណ៍​រថយន្ត​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក​ ដែល​គេ​ដឹង​ថា​ តៃកុង​បើកបរ​ពី​ខេត្តព្រះវិហារ​ឆ្ពោះទៅ​ស្រអែម​ក្នុង​ល្បឿន​លឿន​ទៅ​បុក​ជនរងគ្រោះ​ពេញទំហឹង ​។

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើត​ទ្បើង​កាលពី​វេលា​ម៉ោង​៤​និង​១៥​នាទី​ទៀបភ្លឺ​ថ្ងៃទី​១៤​ កុម្ភៈ​ឆ្នាំ​២០១៦ ​ស្ថិតនៅ​ភូមិ​កង​យ៉ូ​ង​ ឃុំ​ព្រីង​ធំ​ស្រុក​ជាំ​ក្សាន្ត​។

សមត្ថកិច្ច​ប៉េអិម ​ស្រុក​ជាំ​ក្សាន្ត​ បាន​អោយ​ដឹង​ នៅ​ព្រឹក​ថ្ងៃទី​១៥​ កុម្ភៈ​ នេះ​ថា​ ជនរងគ្រោះ​ត្រូវ​បាន​រថយន្ត​បុក​ស្លាប់​កាលពី​វេលា​ម៉ោង​៤​និង​១៥​នាទី​ទៀបភ្លឺ​ថ្ងៃទី​១៤​ កុម្ភៈ​ ២០១៦​ស្ថិតនៅក្នុង​ឃុំ​ព្រីង​ធំ​ស្រុក​ជាំ​ក្សាន្ត​។

សមត្ថកិច្ច​ ​បាន​និយាយថា ​តាម​ការស្រាវជ្រាវ​ពី​សាក្សី​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​ការណ៍​បាន​អោយ​ដឹងថា​ រថយន្ត​ល្មើស​ដែល​បុក​ជនរងគ្រោះ​បណ្តាល​អោយ​ស្លាប់​ភ្លាម​មួយ​រំពេច​ឃើញ​បើកបរ​ចេញ​មក​ពី​ទី​រួម​ខេត្តព្រះវិហារ​ ហើយ​បាន​បើក​រត់គេចខ្លួន​ឆ្ពោះ​ទៅ​ស្រអែម​។

សមត្ថកិច្ច​ ដដែល​បញ្ជា​ក់​ថា​ សព​ជនរងគ្រោះ​ឈ្មោះ​ ផល​ ថា​ន់​នី​ ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​ជា​ទាហាន​ក្នុង​អង្គភាព​បញ្ជាការដ្ឋាន​កាំភ្លើង​ធំ​នៃ​អគ្គបញ្ជាការដ្ឋាន​កងទ័ព​ជើងគោក​។

​បើ​តាម​ការស្រាវជ្រាវ​ក​រ​ណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើត​ទ្បើង​ ខ​ណៈពេល​ជនរងគ្រោះ​កំពុង​ដើរ​ឆ្លងថ្នល់ ​សំដៅ​ចូល​ក្នុង​អង្គភាព​វិញ​ក៏​ត្រូវ​រថយន្ត​បង្ក​បុក​ស្លាប់​តែម្តង​។​សព​ជនរងគ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ចាត់ចែង​ធ្វើ​បុណ្យ​សព​តាម​ប្រពៃណី​៕
​មង្គល