កូនបំណុល​ចោទប្រកាន់ ​លោក ហ្គូ​វ ឆេង​លុយ​ ឃុបឃិត​ជាមួយ​អាជ្ញាធរ​រំលោភ​ដី​សមូហភាព

324

ភ្នំពេញ ៖ ​កូនបំណុល​ក្នុង​សំណុំរឿង​រដ្ឋប្បវេណី​ បាន​ចោទប្រកាន់​លោក ហ្គូ​វ ឆេង​លុយ ជា​ម្ចាស់​បំណុល ថា កំពុង​ឃុបឃិត​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​រំលោភ​យក​ដី​សមូហភាព​របស់​ភូមិ​សេ​ប៉េសេ ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ធ្វើជា​កម្មសិទ្ធិឯកជន ។

កូនបំណុល​ បាន​សំណូមពរ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ទប់ស្កាត់​ និង​អន្តរាគមន៍ កុំ​ឲ្យ​ការប៉ុនប៉ង​នេះ​បាន​សម្រេច ព្រមទាំង​ត្រូវ​មាន​ចំណាត់ ការ​តាម​ផ្លូវ​ច្បាប់​ដល់​ជនខិលខូច​ទាំងនេះ ។

លោក ប៉ែន ប៊ុន​អេង អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ផ្ទុះ​លេខ​១៦៧ ​ផ្លូវលំ ភូមិ​សេ​ប៉េសេ ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ​បាន​និយាយថា​ ឈ្មោះ ហ្គូ​វ ឆេង​លុយ បាន​នឹង​កំពុង​ឃុបឃិត​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ​ដើម្បី​រំលោភ​យក​ដី​សមូហភាព​ទំហំ ១១,៥​ម៉ែត្រការ៉េ គុណ​នឹង​ ១១,៥​ម៉ែត្រការ៉េ ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ខណៈដែល​គណៈកម្មការ​ចម្រុះ​ពុំ ទាន់​ចុះ​អនុវត្ត​សាលដីកា​ស្ថាពរ​តុលាការ​កំពូល ផង​នោះ ។

តុលាការ​កំពូល កាលពី​ចុង​ឆ្នាំ​២០១៤ កន្លងទៅ បានសម្រេច ” ទុក​ដី​ទំនាស់​ទំហំ AB=CD= ១១,៥​ម៉ែត្រ  , AD=CD=១១,៥​ម៉ែត្រ​ នៃ​ភូមិ​សេ​ប៉េសេ ប្រើប្រាស់​ជា​សមូហភាព ” ។

លោក ប៉ែន ប៊ុន​អេង បាន​​បន្តទៀតថា ​ក្រោយ​ការសម្រេច​របស់​តុលាការ​កំពូល លោក​បានដាក់​ពាក្យបណ្ដឹង​តវ៉ា​ចំពោះ​ការអនុវត្ត​នេះ និង ​បាន​ដាក់​ពាក្យបណ្ដឹង​សើរើ​ទៅ​តុលាការ​កំពូល ​ដែល​បច្ចុប្បន្ន​តុលាការ​កំពូល ​កំពុង​ដំណើរការ​នីតិវិធី ។  ប៉ុន្ដែ នៅ​ចន្លោះ​ពេលដែល​តុលាការ​កំពូល​កំពុង​ដំណើរកា​រ​នីតិវិធី នោះ ឈ្មោះ ហ្គូ​វ ឆេង​លុយ ​បាន​និងកំពុង​ឃុបឃិត​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ​ដើម្បី​ធ្វើ​ប្លង់រឹង​កាន់កាប់​ដី​ទំនាស់​នេះ​តែម្នាក់ឯង ។

លោក​ ក៏​មានការ​អាក់អន់ស្រពន់ចិត្ត​ផងដែរ ដែល​តុលាការ​កំពូល សម្រេច​ប្រគល់​ដី​ទំនាស់​នេះ ដែល​លោក​កាន់កាប់​តាំងពី​ឆ្នាំ​១៩៧៩​ មក​ធ្វើជា​ដី​សមូហភាព​របស់​ភូមិ ​ហើយ​បានសម្រេច​ឲ្យ​ជនខិលខូច​មាន​សិទ្ធិ​កាន់កាប់​នេះ​ទៀតផង ។

ពាក់ព័ន្ធ​ករណីនេះ​ កាលពី​ថ្ងៃទី​២៦ ​ខែមករា ឆ្នាំ​២០១៦ កន្លងទៅ លោក ប៉ែន ប៊ុន​អេង ​បានដាក់​ពាក្យ​បណ្ដឹង​តវ៉ា​ចំពោះ​ការអនុវត្ត សាលដីកា​លេខ ៦៥៧ (​ញ​) ចុះ​ថ្ងៃទី​១៧ ខែ វិច្ឆិកា ឆ្នាំ​២០១៤ របស់​តុលាការ​កំពូល ចូល​ទៅ​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ​ដែល​មាន​កម្មវត្ថុ ទប់ស្កាត់​ការអនុវត្ត​នេះ  ។

ខ្លឹមសារ​នៃ​ពាក្យបណ្ដឹង​នេះ បាន​រៀបរាប់ថា ​ដី​ទំនាស់​នេះ​មិន​អាច​ប្រគល់​ឲ្យ​ជនណាម្នាក់​ យកទៅ​ប្រើប្រាស់​ជា​ទ្រព្យសម្បត្តិ​ឯកជន​បាន​ឡើយ ​ព្រោះថា​អ្នកមាន​សិទ្ធិ​ប្រើប្រាស់​លើដី​នេះ ​មិនមែន​មាន​តែ​ប្រជាពលរដ្ឋ​១៣​គ្រួសារ​នោះ​ប៉ុណ្ណោះ​ទេ ពោលគឺ ​ប្រជាពលរដ្ឋ​ផ្សេងទៀត រួម​ទាំង​លោក ប៉ែន ប៊ុន​អេង ដែល​រស់នៅ​ភូមិ​នោះ​ក៏មាន​សិទ្ធិ​ប្រើប្រាស់​ដែរ ។  ប៉ុន្ដែ​ផ្ទុយ​ទៅវិញ ឈ្មោះ ហ្គូ​វ ឆេង​លុយ បាន​កាន់កាប់​ និង​ចាត់ចែង​ក្នុង​លក្ខណៈ​ឯកជន​ទៅវិញ ។

ពាក្យបណ្ដឹង បន្តថា ​បើ​ពិនិត្យ​ដោយ​លម្អិត​លើ​សាលដីកា​របស់​តុលាការ​កំពូល មិន​មាន​ខ្លឹមសារ​ណាមួយ​បានសម្រេច ថា ប្រគល់​ដី​ទំនាស់​ទៅ​ឲ្យ​ភាគី​ណាមួយ នោះទេ ​។  ​លោក ប៉ែន ប៊ុន​អេង ក៏បាន​ស្នើ​ឲ្យ​មានការ​លុបចោល​ការអនុវត្ត​នេះ​ចោល​ជា​អសារ​បង់​ ដើម្បី​បង្ហាញ​ការ​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​ចំពោះ​ខ្លឹមសារ​នៃ សាលដីកា​លេខ ៦៥៧ (​ញ​) ចុះ​ថ្ងៃទី​១៧ ខែវិច្ឆិកា ​ឆ្នាំ​២០១៤ របស់​តុលាការ​កំពូល ។ ​ពាក់ព័ន្ធ​ករណីនេះ ​ពុំទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​ភាគី​ម្ចាស់បំណុល​ ហ្គូ​វ ​ឆេង​លុយ បាន​នៅឡើយ​ទេ ៕