អាជ្ញាធរ​ ​ចាប់​ផ្ដើម​រុះរើ​ស្ថានីយប្រេងឥន្ធនៈ​៤​កន្លែង ​ក្នុង​ក្រុង​ស្ទឹងត្រែង​ ​​ដើម្បី​ត្រៀម​លក្ខណៈ​ធ្វើជា​ម្ចាស់​បុណ្យ​ទន្លេ​

489
អាជ្ញាធរ​ ​ចាប់​ផ្ដើម​រុះរើ​ស្ថានីយប្រេងឥន្ធនៈ​៤​កន្លែង ​ក្នុង​ក្រុង​ស្ទឹងត្រែង​ ​​ដើម្បី​ត្រៀម​លក្ខណៈ​ធ្វើជា​ម្ចាស់​បុណ្យ​ទន្លេ​

ស្ទឹងត្រែង ៖ ក្នុង​សកម្មភាព​រុះរើ​ស្ថានីយប្រេងឥន្ធនៈ នៅ​ថ្ងៃ​ទី​១៥​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៦​នេះ​ គណៈ​កម្មការ​ថ្នាក់​ខេត្ត​ចាប់ផ្ដើម​រៀបចំ​សោភណភាព​ទីក្រុង​ស្អាត ដើម្បី​ត្រៀមលក្ខណៈ​ធ្វើជា​ម្ចាស់​បុណ្យ​ទន្លេ​ នៅ​ដើម​ឆ្នាំ​២០១៧​ សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​ចាប់អារម្មណ៍​ និង​នាំគ្នា​មកលេង​ខេត្ត​ស្ទឹង​ត្រែង ​ឲ្យ​បាន​ច្រើន​ក្នុង​ពេល​ដ៏​ឆាប់​ ខាងមុខនេះ។

លោក ប៊ុន​ ណា​រី អភិបាលក្រុង​ស្ទឹងត្រែង​មានប្រសាសន៍ថា​ នេះ​ជា​សកម្មភាព​ជាក់ស្ដែង ​ដែល​អាជ្ញាធរ​បាន​ជួយ​សម្រួល​ដល់​ការ​រុះរើ​ស្ថានីយប្រេងឥន្ធនៈ​ដែល​ម្ចាស់​ បាន​យល់ព្រម​ចាកចេញ​ដោយ​ប្រើ​គ្រឿងចក្រ​គាស់​កម្ទេច​ចោល ដើម្បី​ឈាន​ទៅ​រៀបចំ​ទីក្រុង​ឲ្យ​បាន​ស្អាត។

លោក ​អភិបាលក្រុង​ បញ្ជាក់​ថា កាលពី​ឆ្នាំ​២០១៥ ​ស្ថានីយ​ប្រេង​ចំនួន​៤​កន្លែង នៅ​ក្រុង​ស្ទឹង​ត្រែង ត្រូវ​អាជ្ញាធរ​ខេត្ត ចេញ​សេចក្ដីជូនដំណឹង​ស្នើ​សុំ​ឲ្យ​ម្ចាស់​ផ្លាស់ប្ដូរ​ទីតាំង ដើម្បី​គណៈកម្មការ​ខេត្ត​កែលំអ​សោភណភាព​ក្រុង​យក​ទីតាំង រៀបចំ​ធ្វើ​សួនច្បារ​ត្រៀម​ទទួល​ធ្វើជា​ម្ចាស់​បុណ្យ​ទន្លេ​នៅ​ឆ្នាំ​២០១៧​ នេះ ជា​កិច្ច​ការ​ចាប់ផ្ដើម​ដំបូង​របស់​ក្រុមការងារ​ឲ្យ​គាត់​ចូលរួម​សហការ​ ក្នុង​ការ​រើ​ស្ថានីយ អញ្ចឹង​រដ្ឋ​ហ្នឹង​កែលំអ​ឲ្យ​ទៅជា​សួន​ច្បារ​ទៅ​ជា​រមណីយដ្ឋាន​ផ្សេងៗ​ សម្រាប់​ការ​កម្សាន្ត​របស់​យើង​និង​ភ្ញៀវ​ទេសចរ។

លោក ​ ដែង ភិរម្យ​ ម្ចាស់​ស្ថានីយ​ប្រេង​នៅមុខ​រង្វង់​មូល​សាលាខេត្ត ដែល​ត្រូវ​រុះរើ​ចេញ​ដែរ​នោះ​បាន​អះអាងថា ​លោក​យល់ព្រម​ជាមួយ​អាជ្ញាធរ​ខេត្ត​រួចហើយ​ចំពោះ​ការ​រុះរើ​នេះ ​តែ​លោក​កំពុង​ប្រឹង​ប្រែង​ធ្វើ​ស្ថានីយ​ដោះដូរ​ឲ្យ​បាន​រួចរាល់​នៅ​ក្នុង​ខែ ​មីនា​ខាងមុខនេះ ​ដើម្បី​ផ្លាស់ប្ដូរ​ទីតាំង​ឲ្យ​បាន​ឆាប់​ ពីព្រោះ​នេះ​វា​ជា​ភារកិច្ច​របស់​យើង​ទាំងអស់គ្នា​ធ្វើ​ឲ្យ​ទីក្រុង​ស្អាត វា​អាច​ខែ​២ ​ឬ​ចុងខែ​បី​នេះ​ហើយ ឥឡូវ​ខ្លាច​មិន​ទុក​ចិត្ត​រុះរើ​ដំបូល​ចេញ ​អស់រលីង​ហើយ វា​សំខាន់​សោភណភាព​ក្រុង​ហ្នឹង​ហើយ វា​ធម្មតា​ទេ ​ទាំងអស់គ្នា​ទេ​ មិនមែន​តែ​យើង​ម្នាក់​ទេ ​បើ​យើង​ផល​ប្រយោជន៍​តែ​យើង ក្រុង​ទាំងមូល​គេ​ដូចជា​មិន​សប្បាយចិត្ត​ជាមួយ​យើង​ប៉ុន្មាន​ទេ ព្រោះ​កន្លងមក​ ក្រុង​វា​អត់​ទាន់​រីក​ដល់​ប៉ុណ្ណឹង អត់​មាន​ផល​ប៉ះពាល់​ឥឡូវ​ក្រុង​វា​រីកចម្រើន​ហើយ។

លោក ​ ឈាង​ ឡាក់​ អភិបាលរង​ខេត្ត​ចុះ​ពិនិត្យ​គ្រឿងចក្រ កម្ទេច​ស្ថានីយប្រេងឥន្ធនៈ ក្រុង​ស្ទឹងត្រែង​ លោក​មិនបាន​ប្រាប់​ពី​គម្រោង​ផែនការ​រៀបចំ​សោភណភាព​ក្រុង​នេះ​ទេ​ តែ​លោក​ប្រាប់​ថា ពាក់ព័ន្ធ​រឿងនេះ ​សុំឲ្យ​អ្នកសារព័ត៌មាន​សាកសួរ​ទៅ​អ្នកនាំពាក្យ​សាលាខេត្ត​វិញ។

ជា ​មួយ​នេះ​ លោក ម៉ែង​ គុង​ អ្នកនាំពាក្យ​សាលាខេត្ត​ និង​ជា​នាយករង​បាន​អះអាង​ថា ​សសរ​គ្រឹះ​ស្ថានីយ​ណា ​មាន​លក្ខណៈ​រឹងមាំ ​ខាង​អាជ្ញាធរ​អាច​យក​គ្រឿងចក្រ​របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត មក​ជួយ​រុះរើ​បាន​បើសិនជា​ភាគី​ម្ចាស់​ស្ថានីយ​ស្នើសុំ​នោះ។

លោក ​ថា អាជ្ញាធរ​ខេត្ត​ព្យាយាម​សម្របសម្រួល​ពន្លឿន​ដល់​ម្ចាស់​ស្ថានីយ​ចំនួន​៤ ត្រូវ​រុះរើ​ចេញ​ឲ្យ​បាន​ឆាប់​បំផុត​តប​តាម​លិខិត​ជា​គោលការណ៍​របស់​ ក្រសួងមហាផ្ទៃ​ ក្នុង​នោះ​ស្ថានីយ​ដែល​មាន​ឈ្មោះ គង់ ម​ន្ថា​, និង គាង​ សុធី បាន​កំពុង​រុះរើ និង​ស្ថានីយ​ប្រេង​ដែង​ភិរម្យ​, កំពង់ចម្លង សេកុង​រង់ចាំ​ធ្វើ​លើ​ទីតាំង​ថ្មី ហើយ​នៅ​ខែ​មីនា​នេះ៕

btv-a1990