សំណុំរឿងសម្លាប់កាត់ក្បាលនៅក្រុងសៀមរាប ឃាតក ប្រឈមជាប់គុកមួយជីវិត

2124

សៀមរាប​ ៖ ​ជនសង្ស័យ​ចំនួន​ពីរ​នាក់​ក្នុង​នោះ​មាន​ម្នាក់​ជា​ជន​ដៃដល់​ក្នុង​ការ​សម្លាប់​នារី​ម្នាក់​ដោយ​កាត់​យក​ក្បាល​យក​ទៅ​ដុត​ចោល​នោះ​ត្រូវ​បាន​លោក​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តសៀមរាប​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជា​បណ្ដោះអាសន្ន​ហើយ ​កាលពី​ថ្ងៃទី​១៥​កុម្ភៈ ​បន្ទាប់​ពី​តំណាង អយ្យការ​ចោទប្រកាន់​ពួកគេ​ពី​បទ​ មនុស្សឃាត​គិត​ជាមុន​។​

ជនសង្ស័យ​ទាំងពីរ​នាក់​នោះ​មានឈ្មោះ​ចាន់ ឆាយា ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ​មាន​ទីលំ​នៅ​ភូមិ​ព្រៃ​ចាស់​សង្កាត់​គោក​ដូង​ក្រុង​សៀមរាប​ជា​ជន​ដៃ​ដល់​និង​ឈ្មោះ​ណិ​ប ​សិទ្ធ​ជា​អ្នកបើកបរ​រថយន្ត​រ​ស់​នៅ​ខេត្តកំពត​។ អ្នក​ទាំងពីរ​ត្រូវ​បាន ​តំណាង​អយ្យការ ​អម​សាលាដំបូង​ខេត្តសៀមរាប​ចោទប្រកាន់​ពី បទ​មនុស្សឃាត​ គិតទុក​ជាមុន​។​

សូម​រំលឹក​ថា ​កាលពី​ថ្ងៃទី​១៣​ខែកុម្ភៈ ​មានការ​ភ្ញាក់ផ្អើល ​មួយ​បន្ទាប់​ពី​គេ​បាន ​ប្រទះឃើញ​សាកសព​នារី​ម្នាក់​ត្រូវ​គេ​សម្លាប់​ដោយ​កាត់​ក្បាល​នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់​យីហោ​ប្រាសាទកែវ​ក្នុងភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​។​

បន្ទាប់ពី​មាន​ករណីនេះ​នៅ​ល្ងាច​ថ្ងៃ​ដដែល​ កម្លាំង​សមត្ថកិច្ច​បាន​ ធ្វើការ​ស្រាវជ្រាវ​ ដោយ​ចាប់បាន​ជន ​ដៃដល់​ឈ្មោះ​ចាន់ ​ឆាយា​ក្នុង​ខណៈ​ពេល​ដែល​ជន​នេះ​កំពុងតែ​ដុត​ក្បាល​របស់​នារី​រងគ្រោះ​នៅ​ខាងក្រោយ ​ផ្ទះ​របស់​គេ​។ ​ជា​មួយ​គ្នា​នេះ​សមត្ថកិច្ច​ក៏បាន​ធ្វើការ​ចាប់​ខ្លួន​ បុរស​ម្នាក់​ទៀត​ឈ្មោះ​ណិ​ប សិទ្ធ បន្ទាប់ពី​គេ​សង្ស័យ​ថា​ ជាប់​ពាក់ព័ន្ធ​នឹង ការ​សម្លាប់​នេះ​ព្រោះ​សាកសព​នារី​រងគ្រោះ​ត្រូវ​គេ​ប្រទះឃើញ​ក្នុង​បន្ទប់​ដែល​ជន​រូប​នេះ​ជួល​ស្នាក់​នៅ​ក្នុង​យប់​កើត​ហេតុ​។​

យោង​តាម​ចម្លើយ ​សារភាព​របស់​ជន ​ដៃដល់​ចាន់ ឆាយា ដែល​ប្រាប់​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា​ រូបគេ​និង​ជនរងគ្រោះ​ឡេ​ន សីលា​បាន​ស្រលាញ់​គ្នា​បី​បួន​ឆ្នាំ​មក​ហើយ​និង​បាន​ព្រមព្រៀង​រៀបការ​ជាមួយគ្នា​ថែម​ទៀត​ផង​។ ​ប៉ុន្តែ​គំរោង​រៀបការ​បាន ​បរាជ័យ​ដោយសារតែ​ជនសង្ស័យ​មាន​ប្រពន្ធ​ដែល​មិនទាន់​លែងលះ​ដាច់ស្រេច​ផង​នោះ​។​ជនសង្ស័យ​បន្ត​ថា​ ដោយ​សារតែ ហេតុ​នេះ​ហើយ​ទើប​ម្តាយ​របស់​ជនរងគ្រោះ ចេះតែ​ព្យាយាម ​បំបែក​នាង​ពី​រូបគេ ដោយ​ចុងក្រោយ​បាន​ឲ្យ​ជនរងគ្រោះ​មក​ធ្វើការ នៅ​ភូមិ​វប្បធម៌ និង​ឲ្យ​នាង​ភ្ជាប់​ពាក្យ​ជាមួយ​បុរស​ម្នាក់​ដែល​ធ្វើការ​ជាមួយ ​នាង​ថែម​ទៀត​ផង​។​

ជនសង្ស័យ​បាន​ប្រាប់​សមត្ថកិច្ច​បន្ថែម​ទៀត​ថា​នៅ​យប់​កើត​ហេតុ​ពួកគេ​បានសម្រេច​ចិត្ត មក​លេបថ្នាំ​សម្លាប់​ខ្លួន​នៅក្នុង​បន្ទប់ ​ផ្ទះសំណាក់​យីហោ ​ប្រាសាទកែវ​។ ​ក្រោយពេល​លេបថ្នាំ​ខ្លួន​បាន​សន្លប់​មួយសន្ទុះ​ធំ​ហើយក៏​ដឹងខ្លួន​វិញ​ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ចងក​សម្លាប់​ខ្លួន​ក្នុង​បន្ទប់ទឹក​បាត់​ទៅ​ហើយ​។​

ជនសង្ស័យ​បន្ត​ថា​នៅ​ពេល​នោះ​រូបគេ​ចង់​យក​សាកសព ចេញពី​កន្លែង​កើត​ហេតុ តែ​មិនដឹង​ត្រូវ​យក​ដូច​ម្ដេច​ក៏​សម្រេចចិត្ត​ចុះទៅ​ទិញ​កាំបិត​ទាំងយប់​យក​មក​កាត់​ក​ជនរងគ្រោះ​យក​ទៅ​តែម្តង​រីឯ​ដងខ្លួន​រូប គេ​បាន​យក​ទៅ​លាក់​ទុក​ក្រោម​គ្រែ​ក្នុង​បន្ទប់​មួយ​ផ្សេងទៀត​ដែល​ភ្ញៀវ​ស្នាក់នៅ​ទីនោះ​បាន​ចេញពី​បន្ទប់​ហើយ​មិនបាន​ចាក់​សោរ​ទ្វារ​។​

ចំណែក​ជនសង្ស័យ​ឈ្មោះ​ណិ​ប​សិទ្ធ​បាន​និយាយ​ថា​យប់​នោះ​គេ​បាន​បើករថយន្ត​ដឹក​មេ​របស់​ខ្លួន​ជា​ជនជាតិ​ចិន​មក​ខេត្តសៀមរាប​ហើយ​ខ្លួន​បាន​មក​ជួល​បន្ទប់​៣០១​របស់​ផ្ទះសំណាក់​ប្រាសាទកែវ​នេះ​ស្នាក់នៅ​។​នៅ​យប់​នោះ​ខ្លួន​ដេក​មិន​លក់​ក៏បាន​ចុះ​មក​អង្គុយ​និយាយ​លេង​ជាមួយ​អ្នកទទួល​ភ្ញៀវ​រហូតដល់​យប់​ជ្រៅ​បាន​ឡើង​ទៅ​ដេក​វិញ​។​ជនសង្ស័យ​ណិ​ប ​សិទ្ធ​ បន្ត​ថា​ខ្លួន​មិនបាន​ដឹង​ថា​ក្នុង​បន្ទប់​នោះ​មាន​មនុស្ស​ស្លាប់​ទេ​ហើយក៏​មិនបាន​ដឹង​ថា​ខ្លួន​បាន​ដេក​លើ​សាកសព​ដែរ​។​បើ​ទោះ​បី​ជា​មាន​ចម្លើយ​សារភាព​យ៉ាង​ដូច្នេះ​ក្តី ​ក៏​លោក​សំរិទ្ធ សុខុន ដែល​ជា​តំណាង ​អយ្យការ​បានសម្រេច​ចោទប្រកាន់​អ្នក​ទាំងពីរ​ពី​បទ​មនុស្សឃាត​គិតទុក​ជាមុន​ ហើយ​ចៅក្រម​គឺ​លោក​ឈុន ​ច័ន្ទ​សីហា ក៏បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​អ្នក​ទាំងពីរ​ជា​បណ្ដោះអាសន្ន​រង់ចាំ​ការស៊ើបអង្កេត​បន្ត​៕​