ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​នៅ​ប្រទេស​ម៉ាឡេស៊ី​ជួយសង្គ្រោះ​ពល​ការិនី​ខ្មែរ​ពីរ​នាក់​ទៀត ​ក្រោយពី​ជួ​ប​ការ​លំបាក​ក្នុង​ការងារ​

421

ភ្នំពេញ៖ ​មិន​មែន​ជា​លើកទីមួយ​នោះ​ឡើយ ​ខណៈ​ដែល​ប្រជាពលរដ្ឋ​ឬក៏​ពលករ ពល​ការិនី​ខ្មែរ​ ដែល​មាន​ទុក​លំបាក​នោះ ​ស្ថានទូត ឬ​អគ្គ​កុងស៊ុល​ខ្មែរ ​តែងតែ​ជួយ​អន្តរាគមន៍​ដល់​ពួកគេ​ក្រោយពី​មាន​បញ្ហា​អ្វី​ផ្សេងៗ​ជាដើម​ជាក់ស្តែង​កាលពី​ឆ្នាំ​កន្លង​ទៅ​នេះ​ ពលករ​-​ពល​ការិនី​ខ្មែរ ជាង​ប្រាំ​រយ​នាក់​ត្រូវ​បាន​ជួយសង្គ្រោះ​នឹង​បាន​បញ្ជូន​ពួកគេ​មក​កម្ពុជា​វិញ​ដោយ​សុវត្ថិភាព​ផង​ដែរ​។

ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី ​បាន​អន្តរាគមន៍​ជួយ​ពល​ការិនី​ខ្មែរ​ចំនួន​០២​នាក់​ដែល​បាន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី​ ហើយ​ជួបប្រទះ​ការ​លំបាក​ក្នុង​ការងារ ឲ្យ​បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ​។​ នេះ​បើ​យោង​តាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួងការបរទេស​។​

សេចក្តី​ជូនដំណឹង​ ដែល​បាន​ចេញ​នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ​បាន​ឲ្យ​ដឹង​ថា ​ពល​ការិនី​ខ្មែរ​ទាំង​០២​នាក់​នេះ​មានឈ្មោះ​ ​ប៊ុន ចាន់​ដេ​ត​ បាន​ទៅ​ធ្វើ​ការ​ជា​ស្ត្រី​ជំនួយការ​មេផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី តាំង​ឆ្នាំ​២០១៣​កន្លង​ទៅ​ហើយ​បាន​ជួបប្រទះ​លំបាក​នឹង​ការងារ​។ តែ​យ៉ាងណាក៏ដោយ ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​នៅ​ទីនោះ បាន​ជួយ​អន្តរាគមន៍​នាង​ទាន់​ពេលវេលា​ហើយនឹង​ប​ញ្ចូ​ន​មក​កម្ពុជា​វិញ​នា​ថ្ងៃទី​២១​ខាងមុខនេះ​ផង​ដែរ​។​

ដោយឡែក​ពល​ការិនី​ម្នាក់ទៀត​ ដែល​មាន​ឈ្មោះ​ឌី ស៊ី​ណេ​ត បាន​ទៅ​ធ្វើ​ការ​ជា​អ្នក​បោសសំអាត​នៅ​ប្រទេស​ម៉ាឡេស៊ី តាំងពី​ខែ វិច្ឆិកា ឆ្នាំ ២០១៥ និង​បាន​មក​ស្ថានទូត នៅ​ថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ ២០១៦ សុំ​អោយ​ជួយ​បាន​ត្រឡប់​មក​កម្ពុជា​វិញ​។​

សេចក្តី​ជូនដំណឹង​ដដែល​បាន​បន្ត​ទៀត​ថា ក្នុងអំឡុងពេល​រង់ចាំ​ការ​ត្រឡប់​មក​កម្ពុជា​វិញ នោះ​ស្ថានទូត​ បាន​ផ្តល់​កន្លែង​ស្នាក់នៅ និង​ហូប​-​ចុក ជូន​ដល់​ពល​ការិនី​ទាំង​០២​នាក់​នេះ​ដូច​សព្វមួយដង​យ៉ាង​ដូច្នេះ​ដែរ ។​

សូម​រំលឹក​ថា ​ក្នុង​កិច្ចប្រជុំ​ជាមួយ​ឯកអគ្គរាជទូត និង​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​នៅ​បរទេស នៅ​ទីស្ដីការ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៦ កន្លង​ទៅ​នោះ ​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​ណែនាំ​ជាថ្មី​ម្ដងទៀត​អោយ​ស្ថាន​តំណាង​កម្ពុជា​ទាំងអស់ យកចិត្តទុកដាក់​អោយ​បាន​ខ្លាំង​ក្នុង​ការ​ជួយ​ដល់​ពលករ​-​ពល​ការិនី​កម្ពុជា ទាំង​ស្របច្បាប់ និង​មិន ស្របច្បាប់​មិន​ថា​ករណី​ណា​នោះ​ឡើយ​៕