បុរស​ម្នាក់​​ស្រវឹង​ជោគ​ បើក​រថយន្ដ​បុក​ម៉ូតូ​​អូស​ជាង​២០០​ម៉ែត្រ​ ​​បន្ដ​ទម្លុះ​ជញ្ជាំង​ផ្ទះ​ គេ​ទាំងយប់

466
បុរស​ម្នាក់​​ស្រវឹង​ជោគ​ បើក​រថយន្ដ​បុក​ម៉ូតូ​​អូស​ជាង​២០០​ម៉ែត្រ​ ​​បន្ដ​ទម្លុះ​ជញ្ជាំង​ផ្ទះ​ គេ​ទាំងយប់

ភ្នំពេញ ៖​ បុរសម្នាក់ស្រវឹង​ស្រា​ជោគជាំ​ បើក​រថយន្ត​ម៉ាក​ហាយ​លែ​ន​ឌ័​រ​ មួយ​គ្រឿង​ បុក​កៀរ​ម៉ូតូ​​​គាប​ជាប់​ ​អូស​ជាង​២០០​ម៉ែត្រ​ ​បន្ដ​បុក​ចូល​ផ្ទះ​គេ​​ទម្លុះ​ជញ្ជាំង​ បណ្ដាល​ឲ្យ​ខូចខាត​ម៉ូតូ​បី​គ្រឿង ​និង​សម្ភារៈ​មួយ​ចំនួនទៀត ​តែ​សំណាងល្អ​មិន​បណ្ដាល​ឲ្យ​មនុ​ស្ស​ណា​ម្នាក់​រង​របួស​អ្វី​ឡើយ​។

ហេតុការណ៍​នេះ បង្ក​ការ​ភ្ញាក់ផ្អើល​ កាលពី​វេ​លា​ម៉ោង ២១​យប់​ថ្ងៃទី ១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​លក់​ភេសជ្ជៈ​យីហោ ​សំអុល គ​ន្ធា ​តាម​បណ្តោយ​ផ្លូវ​បេតុង ភូមិ​ថ្មគោល សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បើ​តាម​សម្តី​របស់​បុរស​ឈ្មោះ​ សេង ហ៊​ង អាយុ ២៥​ឆ្នាំ​មុខរបរ​ជាងដែក ​សា្នក់​នៅ​ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ ​ជា​ជនរងគ្រោះ​ជិះ​ម៉ូតូ​វ៉េវ ​ដែល​ត្រូវ​ឡាន​បុក​មុនគេ ​បាន​និយាយ​អោយដឹ​ង​ថា​ មុន​ដំបូង​រូបគាត់​ បាន​ជិះ​ម៉ូតូ​ម៉ាកវ៉េវ​ សេ​១១០​ពណ៌ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1BL-0074 តាម​បណ្តោយ​ផ្លូវ​បេតុង ​ក្រោយ​វត្ត​អង្គ​តា​ម៉ិញ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ​លុះ​មកដល់​ចំណុច​ក្រោយ បន្ទាយ​ទាហាន​ភេរវកម្ម​ក៏​មាន​រថយន្ត​ម៉ាក​ ហាយ​ឡែ​ន​ឌ័​រ​ ពណ៌ស្ករ​មួយគ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ 2J 0240 ​បើកបរ​ដោយ​បុរស​ស្រវឹង​ស្រា​ជោគ ជាំ​ម្នាក់​ ដោយ​បើក​មកពី​ក្រោយ​យ៉ាង​លឿន​បាន​បុក​ពេញទំហឹង ​បណ្តាល​អ្នក​ជិះ​ម៉ូតូ​ខ្ទាត​ចេញ​ក្រៅ​រង​របួស​ស្រាល​ ចំណែក​ឯ​ម៉ូតូ​នៅ​កៀប ​ជាប់​ក្រោម​កាង​រថយន្ត​ខាងមុខ​អូស​បែក​ផ្កាភ្លើង​ព្រៀតៗ​ ពេលនោះ​ក៏​មាន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​នាំគ្នា​ឡើង​ជិះ​ម៉ូតូ​ដេញ​តាម​ហើយ​រថយន្ត​បង្ក​ព្យាយាម​បើក​រត់ ​ទៅដល់​ផ្លូវ​បេតុង​ភូមិ​ត្រពាំង​ថ្លឹង ​ទើប​របូត​ម៉ូតូ​ចេញពី​រថយន្ត ។

ប្រភព​នេះ​ បន្ដថា​ បន្ទាប់មក​រថយន្ត​នៅ​បន្ត​ល្បឿន​ទៅ​មុខទៀត ​ដោយមាន​អ្នក​ដេញ​តាម​ពីក្រោយ​ផង​ខ្លាច​គេ​វាយ​ធ្វើបាប​ផង ​ស្រវឹងស្រា​ផង ​ចេះតែ​បន្ថែម​ល្បឿន​រហូត មកដល់​ផ្លូវ​បេតុង​ភូមិ​ថ្មគោល ជា​កន្លែង​កើតហេតុ ​ដោយ​ស្ថានភាព​ផ្លូវ​ងងឹត ​ហើយ​កោង ​បណ្តាលអោយ​អ្នក​បើករថយន្ត ​ទប់​ចង្កូត​មិន​ជាប់​ទៅ​បុក​ទម្លាយ​ចូល​ក្នុង​ផ្ទះ ​លក់​ភេសជ្ជៈ​យីហោ​ សំអុល គ​ន្ធា តែ​ពិតជា​សំណាងល្អ​ណាស់​ដែល​មិន​មាន​នរណាម្នាក់​គ្រោះថ្នាក់ ​និង​រងរបួស​អ្វី​ឡើយ គ្រាន់តែ​ខូចខាត ​សម្ភារៈ​មួយ​ចំនួន​ក្នុងផ្ទះ រួម​ និង​ម៉ូតូ​ចំនួន​៣​គ្រឿង​តែប៉ុណ្ណោះ​។

បើតាម​សម្តី ​របស់លោក​ មាន សំអុល អាយុ ៥៥​ឆ្នាំ ស្នាក់នៅ​ភូមិ​កើតហេតុ​ខាងលើ ​ដែលជា​ម្ចាស់​ផ្ទះ​រងគ្រោះ​ បាន​ប្រាប់​​ថា ​នៅ​មុនពេល​កើតហេតុ រូបគាត់​និង​ប្រពន្ធ​កំពុង​ដេក​នៅ​ជាន់​ឡៅតឿ ចំណែក ​កូនស្រី​ប្រុស​របស់​គាត់​មិនទាន់​ចូល​គេង​ទេ ​នៅ​មើល​ទូរទស្សន៍ ខាងមុខ​ក្នុងផ្ទះ ​ស្រាប់តែ​លាន់ឮ​សំឡេង​បុក​ជញ្ជាំង​ផ្ទះ​គាត់​ដូច​គ្រាប់បែក​ផ្ទុះ​ហើយ​គាត់​អើតមើល​ក៏​ស្រាប់តែ​ឃើញ​រថយន្ត​នៅ​ក្នុង​ផ្ទះ​គាត់ តែម្តង ។

ប្រភព​នេះ​ បន្តទៀតថា​ វា​ពិតជា​សំណាងល្អ​ណាស់​ដែល​កូន​របស់​គាត់​មិនទាន់​ចូល​គេង​ព្រោះ​កន្លែង​ដែល​រថយន្ត​បុក​ទម្លាយ​នេះ ​ជា​កន្លែង​ដែល​កូន​គាត់​គេង​ជា​រៀងរាល់​យប់​ បើ​តាម​ទម្លាប់​រាល់ថ្ងៃ​នៅ​ម៉ោង​កើតហេតុ ​កូន​គាត់​បាន​ចូល​គេង​អស់​បាត់​ទៅហើយ​ តែ​លើក​នេះ​គេ​មិនទាន់​ចូល​ដេក​។

បន្ទាប់មក​រូប​គាត់​និង​អ្នកជិតខាង​បាន​ឃាត់​ម្ចាស់​រថយន្ត​បង្ក​មិន​អោយ​ចេញ​មកក្រៅ​ទេ​ព្រោះ​ខ្លាច​ប្រជាពលរដ្ឋ​ដែល​មាន​ចិត្ត​ខឹង​សម្បារ​និង​ម្ចាស់​រថយន្ត​នោះ​បញ្ចេញ​កំហឹង ​អាច​ទៅជា​ហិង្សា​ដោយ​ទុក​សមត្ថកិច្ច​មកដល់​កន្លែង​កើតហេតុ​សិន​ទើប​ប្រគល់​ឲ្យ​នគរបាល​ជួយ​ការពារ​។

ក្រោយពេល​កើតហេតុ ម្ចាស់​រថយន្ត​ត្រូវ​សមត្ថកិច្ច​ជំនាញ​នាំ​ខ្លួន​មក​ទុក​នៅ​ផ្នែក​ចរាចរណ៍​ខណ្ឌ​ពោ​ធិ៍សែន​ជ័យ រង់ចាំ​ជំនាញ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​រាជធានី​មក​យក​និង​ស្ដួច​យក​រថយន្ត​បង្ក​ទៅ​ទុក​ ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា​តាមច្បាប់​នៅ​ពេល​ក្រោយ​៕

btv-a2023 btv-a2023