តុលាការ​ឃុំខ្លួន​ក្រុម​ចោរប្លន់​៨​នាក់​ ដែលធ្វើ​​សកម្ម​ប្លន់​នារីៗ​ ពេលយប់

258
ក្រុម​ចោរ​ប្លន់​ដ៏​សកម្ម​ ២​ក្រុម​ ត្រូវ​បាន​​អាវុធហត្ថ​បញ្ជូន​ខ្លួន​ទៅ​តុលាការ

ភ្នំពេញ ៖ ​ក្រុមចោរប្លន់​ប្រដាប់​អាវុធ​ ៨​នាក់ ​ដែល​ធ្វើ​សកម្ម​ប្លន់​នារីៗ ​ពេលយប់ ​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​កាលពី​ថ្ងៃទី​២០ ​ខែកុម្ភៈ ឆ្នាំ​២០១៦ ឃុំខ្លួន​ដាក់​ពន្ធនាគារ ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​រក​បក្ខ​ពួក​កំពុង​រត់គេចខ្លួន ​បន្ថែមទៀត​។

អាវុធហត្ថ​រាជធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹងថា ​ក្រោយ​មាន​អំពើ​ប្លន់​កើតឡើង​រួចមក ​កម្លាំង​អាវុធហត្ថ​រាជ​ធានី​ភ្នំពេញ​ បាន​ស្រាវជ្រាវ​ចាប់ខ្លួន​មុខសញ្ញា​ប្លន់​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃទី​១៥ ​ខែកុម្ភៈ ឆ្នាំ​២០១៦ ។

ក្នុងនោះ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌចំការមន ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នា​ក់​ នៅ​ចំណុច​មុខផ្ទះ​លេខ​១៩BE0 ផ្លូវ​លេខ​៣០៤ សង្កាត់​បឹង​កេងកង​ ក្រោយពី​ក្រុម​នេះ​បាន​ភ្ជង់​គំរាម​ប្លន់​យក​ម៉ូតូ ​ស្កុប​ពី ពណ៌​ស ស្លាក​លេខ​កណ្ដាល 1R-0950 របស់​ជនរងគ្រោះ ឈ្មោះ អ៊ិន គឹម​ស្រ៊ា​ន​។ ក្រោយពេល​ឃាត់ខ្លួន ជនសង្ស័យ​សារភាពថា​ ក្រុម​ពួកគេ​មាន​គ្នា​៤​នាក់ ​បានគេច​ខ្លួន​អស់ហើយ  រីឯ​ម៉ូតូ​មួយ​គ្រឿង ​របស់​ជនរងគ្រោះ​សមត្ថកិច្ច​បាន​ប្រគល់​ឲ្យ​ម្ចាស់​ដើម​វិញ​។

នៅ​ថ្ងៃទី​១៧ ខែ កុម្ភៈ ឆ្នាំ​២០១៦ កម្លាំង​កងរាជអាវុធហត្ថ​ រាជធានី​ភ្នំពេញ ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​៧​នាក់​ផ្សេងទៀត​ជា​ បន្តបន្ទាប់ ក្នុង​នោះ​៣​នាក់ ​ឃាត់ខ្លួន​បាន​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ២​នាក់​ឃាត់ខ្លួន​បាន​នៅ​ខណ្ឌចំការមន​ និង​២​នាក់​ទៀត​ឃាត់ខ្លួន​បាន​នៅ​ខណ្ឌឫស្សីកែវ​។

តាម​ចម្លើយសារភាព​របស់​ក្រុម​នេះ​ ពួកវា​តែងតែ​ធ្វើ​សកម្មភាព​ចេញ​ប្លន់​ក្នុង​រាជធានី​ភ្នំពេញ​សរុប​មិនតិចជាង​២០​ដង​ រួចមកហើយ ​ភាគច្រើន​គឺ​ពួកវា​តែង​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​កាបូប​លុយ ទូរស័ព្ទ​ពី​ស្ត្រី​ដែល​ដើរ​ម្នាក់ឯង ​ឬ​ចុះ​ពី​រថយន្ត​បើកទ្វារ​ចូល​ផ្ទះ ៕

btv-a2030