គ​.​ជ​.​ប​ តែង​តាំង​មន្ត្រីជាន់ខ្ពស់​ជាច្រើន​រូប​នៅ​ថ្ងៃ ២៣ កុម្ភៈ​នេះ​

310

ភ្នំពេញ៖ មាន​មន្ត្រី​ជាង​បី​រយ​នាក់ ដែល​ត្រូវ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ឬ ហៅ​កាត់​ថា គ​.​ជ​.​ប ប្រកាស​តែងតាំង​ជា​ផ្លូវការ​នៅ​ថ្ងៃ ២៣ កុម្ភៈ​នេះ​។ នៅក្នុង​ចំណោម​មន្ត្រី​ដែល​ត្រូវ​តែងតាំង នៅក្នុង​ថ្ងៃនេះ ក៏​មាន​ទាំង​អគ្គលេខាធិការ គ​.​ជ​.​ប ចំនួន​មួយ​រូប រួម​ទាំង​អគ្គលេខាធិការ​-​រង ចំនួន​បួន​រូប​ទៀត​ផង​។​

មានប្រសាសន៍​ នៅក្នុង​ពិធី​តែងតាំង​នោះ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ ឯកឧត្តម​ ស៊ិ​ក ប៊ុន​ហុក ថ្លែងថា ការតែងតាំង​មន្ត្រី​ទាំងនេះ គឺ​ដើម្បី​ឱ្យ​ដំណើរការ​បោះឆ្នោត​កាន់​តែ​មាន​ភាព​ប្រសើរឡើង​ព្រមទាំង​ប្រជាពលរដ្ឋ​ ដែល​ជា​ម្ចាស់​ឆ្នោត​កាន់​តែមាន​ទំនុកចិត្ត​លើ គ​.​ជ​.​ប ថែមទៀត​។​

ថ្លែង​នៅក្នុង​ពិធី​នោះដែរ​ អនុប្រធាន​គ​.​ជ​.​ប ឯកឧត្ដម​ គួ​យ ប៊ុន​រឿន​ ក៏បាន​អំពាវនាវ​ដល់​មន្ត្រី​ ដែល​ទើប​តែងតាំង​នា​ពេលនេះ​ត្រូវ​រួបរួម​សហការ​គ្នា​ ដើម្បី​ជំរុញ​ការបោះឆ្នោត​នា​ពេលខាងមុខ​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ និង កាន់តែ​ជឿជាក់​លើ គ​.​ជ​.​ប បន្ថែម​ទៀត​។​

សូម​បញ្ជាក់​ផង​ដែរ​ថា អគ្គលេខាធិការ និង​អគ្គលេខាធិការ​-​រង​នៃ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដែល​ទើប​តែងតាំង​នា​ពេលនេះ មាន​ឋានៈ​និង​បុព្វសិទ្ធិ​ស្មើនឹង​រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ​។ អគ្គលេខាធិការ ដែល​ត្រូវ​តែងតាំង​នៅក្នុង​ថ្ងៃនេះ គឺ​ឯកឧត្ដម ទេព នីថា​, អគ្គលេខាធិការ​-​រង មាន​ឯកឧត្ដម ម៉ៅ សុភា​រិ​ទ្ធ​, ឯកឧត្ដម សោម សូ​រី​ដា​, ឯកឧត្ដម នី ចរិយា និង ឯកឧត្ដម ម៉ុក ដា​រ៉ា​ជាដើម​៕