​អតិ​ត​គ្រូបង្វឹក Juventus, Antonio Conte ក្លាយជា​បេក្ខភាព​ទី​៣ ដឹកនាំ​តោ​ខៀវ Chelsea

316

បាល់ទាត់៖ ​អតិ​ត​គ្រូបង្វឹក​ក្រុម​សេះបង្កង់ Juventus លោក Antonio Conte បាន​ក្លាយជា​បេក្ខភាព​ទី ៣ ដែល​នឹង​អាច​ដឹកនាំ​តោ​ខៀវ Chelsea នេះ​បើ​តាម​ព័ត៌មាន​ក្នុង​ប្រទេស​អ៊ីតាលី​បាន​ចុះផ្សាយ​។

​​ប្រភព​ព័ត៌មាន​ដដែល​បាន​ចុះផ្សាយ​ថា គ្រូបង្វឹក​ក្រុម​ជំរើស​ជាតិ​អ៊ីតាលី​បច្ចុប្បន្ន​លោក Antonio Conte បាន​យល់ព្រម​សំណើ​ដឹកនាំ Chelsea ហើយ​នៅ​រង់​ចាំ​តែ​ការ​សំរេច​របស់​ប្រធាន​ក្លឹប​លោក Roman Abramovich ប៉ុណ្ណោះ​។ បើសិនជា​ព័ត៌មាន​ពិតមែន​នោះ​លោក Antonio Conte នឹង​ក្លាយជា​មនុស្ស​ទី ៣ ដែល​គិតថា​អាច​បន្ត​តំណែង​ពី​លោក Jose Mourinho នៅ Chelsea បន្ទាប់ពី​គ្រូបង្វឹក Atletico Madrid បច្ចុប្បន្ន Diego Simeone និង​គ្រូបង្វឹក Juventus, Massimilliano Allegri ដែល​សុទ្ធតែ​ស្ថិត​ក្នុង​បញ្ជី​ចង់បាន​របស់​ក្លឹប​។ ​និយាយ​ពី Antonio Conte កាលពីដើម​រដូវ​កាល​ក៏​មាន​ពាក្យ​ច​ចាម​អារាម​ផ្សេងៗ​ថា ​នឹង​អាច​ទៅកាន់​ទឹកដី​អេ​ស្ប៉ា​ញ​ដឹកនាំ Real Madrid ផង​ដែរ​បន្ទាប់ពី Rafael Benitez ត្រូវ​បាន​បណ្ដេញ​ចេញ​នោះ តែ​ក្រោយ​មក​ទៀត​លោក​បាន​បញ្ជាក់​ថា​ មិន​ចាកចេញ​ទៅណា​ឡើយ លុះត្រា​ដឹកនាំ​ក្រុម​ជំរើស​ជាតិ​អ៊ីតាលី​អោយ​ចប់ Euro 2016 សិន​។

​​គ្រូបង្វឹក​អ៊ីតាលី​វ័យ ៤៦​ឆ្នាំ​រូប​នេះ​ត្រូវ​បាន​គេ​អោយ​ដឹង​ថា កំពុង​រៀន​ភាសា​អង់គ្លេស​ផង​ដែរ ដែល​ជា​តម្រុយ​ភាគរយ​ដឹកនាំ Chelsea ច្រើន​ជាង​គេ​។ Chelsea បច្ចុប្បន្ន​ស្ថិត​ក្រោម​ការដឹកនាំ​រប​ស់​លោក Guus Hiddink បណ្ដោះអាសន្ន​តែ Chelsea មិន​ដែល​ចាញ់​ឡើយ​តាំងពី​បុរស​សញ្ជាតិ​ហូ​ឡង់​រូប​នេះ​មកដល់​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ