ពិធីករ​ទូរទស្សន៍​​លោក ​សាន់ ពិសាល ​ប្តឹង​អតីត​ភរិយា​ឥត​ខាន់ស្លា​ ពី​បទ​បរិហារកេរ្តិ៍ ​និង គំរាម​កំហែង​ទារប្រាក់

24420
ពិធីករ​ទូរទស្សន៍​​លោក ​សាន់ ពិសាល ​ប្តឹង​អតីត​ភរិយា​ឥត​ខាន់ស្លា​ពី​បទ​ បរិហារកេរ្តិ៍ ​និង គំរាម​កំហែង​ទារ ប្រាក់

ភ្នំពេញ ៖ ​ពិធីករ​ទូរទស្សន៍​ហង្ស មាស​ លោក សាន់​ ពិសាល បាន​ដាក់​ពាក្យ​បណ្តឹង​ចោទប្រកាន់ ​នារី​ម្នាក់​ ដែល​ធ្លាប់​រស់នៅ​ជាមួយគ្នា​ជាង​៦​ ខែ​ឆ្នាំ​ ពីបទ​ បរិហារកេរ្តិ៍ និង គំរាមកំហែង​ទារប្រាក់ ។ រហូត​មក​ទល់​រសៀល​ថ្ងៃទី​២៤ ​ខែ​កុម្ភៈ ឆ្នាំ​២០១៦ ​ពាក្យ​បណ្តឹង​នេះ ​ពុំទាន់​ចាត់​ទៅ​ឲ្យ​ព្រះរាជ​អាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ រូប​ណា ​ចាត់ការ​នៅឡើយ​ទេ ។

ក្នុង​ពាក្យ​បណ្តឹង ចុះ​ថ្ងៃទី​១៨ ខែ​ កុម្ភៈ ឆ្នាំ​២០១៦ លោក ​សាន់ ពិសាល បាន​បញ្ជាក់ថា ​ខ្លួន​បាន​ស្គាល់​នារី​ម្នាក់​ឈ្មោះ ​សេង រ៉ាវី ​តាំងពី​ឆ្នាំ​២០០៨ ​មកម្ល៉េះ​ តែ​ឈ្មោះ​នេះ ​តែង​គំរាមកំហែង​និង​បរិហារកេរ្តិ៍​មក​លើ​រូប​ ខ្លួន​ជា​ញឹកញាប់ ​។ រហូតមកដល់​រយៈពេល​មួយ​សប្តាហ៍ ​ចុងក្រោយ​នេះ ឈ្មោះ ​សេង រ៉ាវី ​បាន​បរិហារកេរ្តិ៍​ខ្លួន ​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ នូវ​ពាក្យ ​អសុរោះ​ជាច្រើន​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ ​កិត្តិយស​របស់​ខ្លួន​យ៉ាង​ធ្ងន់ធ្ងរ ​ពិសេស​ថែមទាំង គំរាមកំហែង ​ទារប្រាក់​ពី​ខ្លួន​ និង គំរាម​បង្ក​របួស​ស្នាម​លើ​ខ្លួន ​ថែម​ទៀតផង ។

ក្នុង​ពាក្យ​បណ្តឹង​នេះ បាន​សំណូមពរ​ឲ្យ​តុលាការ​ផ្តន្ទាទោស​ឈ្មោះ សេង រ៉ាវី ​តាមច្បាប់ និង ទាមទារ​ថ្លៃ​ខាតបង់​ពេលវេលា ​និង ជម្ងឺ​ចិត្ត​៥០០០​ដុល្លារ​អាមេរិក ។

ទាក់ទិន​នឹង​បញ្ហា​នេះ នាង សេង រ៉ាវី អាយុ​២៨​ឆ្នាំ បាន​អះអាង​ប្រាប់​បណ្តាញ​ផ្សព្វផ្សាយ​ ថា នាង​គឺជា​អតីត​ភរិយា​លួចលាក់​របស់​តារា ​សាន់ ពិសាល ​ដោយ​គ្រាន់តែ​ការ​រួមរស់ ​កន្លងមកនេះ​ មិនមាន​សំបុត្រអាពាហ៍ពិពាហ៍ ទេ ​។  តែ រយៈពេល​រួមរស់​នៅ​ជាមួយគ្នា​រយៈពេល​៩​ឆ្នាំ​ នេះ​មាន​ការ​ដឹងឮ​ពី​ឪពុកម្ដាយ​ខាង​ប្រុស​ ដោយសារតែ​ក្រោយ​ស្រឡាញ់គ្នា ​គឺ​អ្នកនាង​ជា​អ្នក​ចុះ​ចេញពី​ឪពុកម្ដាយ ​និង​គូ ដណ្ដឹង​ទៅ​រស់នៅ​ជាមួយ ​សាន់ ពិសាល នៅផ្ទះ​របស់​លោក​ស្ថិតនៅ​គៀនស្វាយ​សព្វថ្ងៃ​។

នាង សេង រ៉ាវី បាន​រំលឹកថា ​ពេល​នាង​សាង​ស្នេហ៍​ជាមួយ​អតីត​គូ​ដណ្ដឹង​ជា​អាណិកជន​​រស់នៅ​អាមេរិក ​បាន​បន្សល់​លុយកាក់​ច្រើន​ណាស់ ​ទើប​ជាហេតុ​ធ្វើ​ឲ្យ​លោក ​សាន់ ពិសាល ​ចូលខ្លួន​កាន់​តែ​កៀក​មក​ក្នុង​ជីវិត​របស់​នាង ​ដែល​ពេលនោះ​នាង​មាន​ប្រាក់​ប្រមាណ​ជា​៥​ទៅ​៦​ម៉ឺន​ដុល្លារ ​យក​ទៅ​រួមរស់​ជាមួយ​លោក ​សាន់ ពិសាល ។

នាង បន្តថា ​លុយកាក់​ដែល​នាង​មាន​នោះ​ អ្នកនាង​បាន​ប្រើ​មួយ​ចំណែក​ឲ្យ​លោក ​សាន់ ពិសាល ទិញ​ឡាន​ជិះ​ឲ្យ​សិក្សា​ផ្នែក​ច្បាប់​រហូតដល់​ចប់ ​ជួយ​សង់ផ្ទះ ​នៅ​កៀនស្វាយ​ និង​មួយ​ចំណែក​ធំ​យក​ទៅ​បើកហាង​រកស៊ី​ជាមួយគ្នា​។ ​នាង និង​លោក​បាន​ផ្ដើម​បើកហាង​លក់​គ្រឿងក្រអូប​យីហោ «Update Chamming» ​នៅ​ម្ដុំ​បឹងត្របែក​។ ក្រោយមក​ក៏​បែកគំនិត​ទិញ​លក់​ឡាន​ និង​ចុងក្រោយ​បាន​បើកហាង​លក់​សម្លៀក​បំពាក់​យីហោ​ «Pisal Collection» នៅ​ម្ដុំ​ទួល​ទំពូង​ ដើម្បី​អភិវឌ្ឍន៍​ជីវភាព​រស់នៅ​ឲ្យ​លោក សាន់ ​ពិសាល​ បាន​ហ៊ឺ ហារ​រហូត​ជោគជ័យ​ក្នុង​វិថី​សិល្បៈ​នា​ពេល​ចុងក្រោយ​។

នាង សេង រ៉ាវី បន្ដថា ខ្លួន​ជា​អ្នក​សម្រេចចិត្ត​លក់​ចិញ្ចៀន ពេជ្រ និង​ប្រមូល​លុយ​ចុងក្រោយ​ដែល​ជា​ចំណែក​សល់​ពី​គូ​ដណ្ដឹង​នៅ​អាមេរិក ​និង​ខំប្រឹង​សន្សំ​ប្រមាណ​ជាង​១​ម៉ឺន​ដុល្លារ​ឲ្យ​លោក ​សាន់ ពិសាល ​បាន​បញ្ចប់​ថត​រឿង «​រនាត​ស្នេហ៍​» ដែល​អ្នកនាង​ថា​ ជា​មូលហេតុ​នាំ​ឲ្យ​លោក​បាន​ជួប​តួឯក​ស្រី​ឈ្មោះ ​ម៉ម ស្រី​ពៅ ​និង​ឈាន​ដល់​ការ​ភ្ជាប់​ស្នេហ៍ ​បណ្ដាល​ឲ្យ​អ្នកនាង​ និង​ស្វាមី​លាក់​មុខ​បែក​គ្នា​។ នាង​ និយាយថា ​មុន​បែកបាក់ ​នាង​បាន​បើក​ចិត្ត​ឲ្យ​លោក ​សាន់ ពិសាល នាំ​ប្រពន្ធចុង​ម្នាក់​នោះ​មក​រួមរស់​ជាមួយ​ប្រមាណ​ជាង​២​ខែ ​នៅ​ហាង​លក់​ខោអាវ​ស្ថិតនៅ​ទួល​ទំពូង​ ដោយសារតែ នាង​ក៏​មាន​ជំងឺ​មិន​អាច​មានកូន ​និង​ដោយសារ​លោក ​សាន់ ពិសាល​ បាន​លួងលោម​ថា ឲ្យ​តែ​ប្រពន្ធចុង​សម្រាលកូន​រួច ​គឺ​តួឯក​ស្រី​នោះ​ នឹង​ប្រគល់​កូន​ឲ្យ​នាង​ចិញ្ចឹម​ធ្វើ​កូន​។ យ៉ាងណាក៏ដោយ នាង​អះអាងថា ​ស្ថានភាព​រង្គោះរង្គើ​បាន​ឈាន​ដល់​ដំណាក់​ចុងក្រោយ ​បន្ទាប់ពី​លោក សាន់ ពិសាល ធ្វើបាប​ចិត្ត​របស់​នាង ​ហើយ​បណ្ដាល​ឲ្យ​នាង​វេច​បង្វេច​ដើរចេញ​កាលពី​រង្វង់​មួយឆ្នាំ​មុន​។

នាង​បន្តទៀតថា​ លោក សាន់ ពិសាល បំផ្លាញ​លុយ​នាង​រហូត​អស់ពី​ខ្លួន ​ហើយ​បោះបង់​នាង​ចោល ទើប​ធ្វើ​ឲ្យ​នាង​អត់​ទ្រាំលែងបាន ​ឈានទៅ​ហែកហួរ​ជា​សាធារណៈ ​និង​បាន​ទូរស័ព្ទ​ទារលុយ​មួយ​ចំនួន​ដោយ​អ្នកនាង​ អះអាងថា ​តារា​រូបនេះ ​បាន​ល្បួង​សុំ​ខ្ចី​ចិញ្ចៀន ពេជ្រ និង​លុយកាក់​ចុងក្រោយ​ដែល​នាង​សល់​ពី​គូ​ដណ្ដឹង​នៅ​អាមេរិក​យក​ទៅ​ថតកុន​។

អ្នកនាង​ថា ត្រង់​ចំណុច​ហ្នឹងហើយ​ដែល​បណ្ដាល​ឲ្យ​លោក ​សាន់ ពិសាល ​ដាក់ពាក្យ​ប្ដឹង​នាង​ពី​បទ​បរិហាកេរ្តិ៍ ​និង​ពី​គំរាម​ទារលុយ​​៕

btv-a2102