រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប្រយ័ត្ន​ជំងឺ​ផ្ដាសាយ​ជ្រូក​ក្រោយ​បុរស​ម្នាក់​ស្លាប់​

262

ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​ផ្ដាសាយ​ជ្រូក បន្ទាប់ពី​បុរស​ម្នាក់​បាន​ទទួល​មរណភាព ដោយសារតែ​ជំងឺ​នេះ កាលពី​ម៉ោង​៤​ទៀបភ្លឺ ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​មន្ទីរ​ពេទ្យ​រុស្ស៊ី​ក្រោយពី​ទទួល​សម្រាក​ព្យាបាល​អស់​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​។​

​​​លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុន ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ថ្លែង​នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ​ថា នេះ​គឺជា​ករណី​ដំបូង​គេ​ក្នុង​ឆ្នាំ​២០១៦ ដែល​មាន​មនុស្ស​ស្លាប់​ដោយសារតែ​ជំងឺ​ផ្ដាសាយ​ជ្រូក (H1N1)​ដែល​នេះ​ជា​រឿង​មួយ​ដែល​ត្រូវ​ដោះស្រាយ​ជាបន្ទាន់​។​ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ លោក បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​មាន​ការប្រុងប្រយ័ត្ន ចំពោះ​ជំងឺ​នេះ​ឲ្យ​បាន​ខ្ពស់ បើ​ទោះ​បី​ជា​ប្រភេទ​ជំងឺ​ស្រាល​ក៏ដោយ ប៉ុន្តែ​អាច​វិ​វត្ត​ទៅជា​ធ្ងន់ធ្ងរ​បាន បើសិនជា​មិនបាន​ការពារ និង​ព្យាបាល​ត្រឹមត្រូវ ពិសេស​នៅ​ពេល​ដែល​អ្នកជំងឺ​មាន​ផ្ទុក​ជំងឺ​នៅក្នុង​ខ្លួន​ស្រាប់ ដូចជា​ជំងឺ​សួត​ជាដើម ដែល​អាច​ធ្វើ​ឲ្យ​ជំងឺ​ផ្ដាសាយ​នេះ​វិ​វត្ត​ទៅជា​ធ្ងន់​បាន​យ៉ាង​ឆាប់រហ័ស​។

សូម​រំលឹក​ថា ជំងឺ​ផ្ដាសាយ​ជ្រូក​នេះ កើតឡើង​ក្នុង​អំឡុង​ឆ្នាំ​២០០៩ ដែល​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាច្រើន​នាក់ ព្រោះ​ជា​ជំងឺ​ប្រភេទ​ថ្មី ភាគច្រើន​មនុស្ស​នៅ​មិន​ទាន់​មាន​ភាពស៊ាំ​នឹង​ជំងឺ ដូច្នេះ​ពេល​ឆ្លង ទៅ​អាច​គ្រោះថ្នាក់ ពិសេស​មនុស្ស​ក្នុង​វ័យ​ជំទង់ ប៉ុន្តែ​ឥឡូវ ទៅជា​ផ្ដាសាយ​ធម្មតា​ហើយ​។ ចំពោះ​អ្នក​ដែល វិ​វត្ត​ទៅកាន់​សភាព​ធ្ងន់ធ្ងរ គឺ​មនុស្ស​ក្រោម​អាយុ ៥​ឆ្នាំ និង​មនុស្ស​ចាស់​ដែល​មាន​វ័យ​ចាប់ពី​៦០​ឆ្នាំ​ឡើង​ទៅ ហើយ​អាច​វិ​វត្ត​ទៅជា រលាក​សួត​ថែម​ទៀត​ផង​។​ប៉ុន្តែ​ក៏​មាន​អ្នកជំងឺ​ខ្លះ ក៏បាន​ជាសះស្បើយ ដោយសារ​ការ​លេបថ្នាំ គេង​ឲ្យ​បាន​គ្រប់គ្រាន់​ជាដើម ធ្វើ​យ៉ាង​ណា​ជៀសវាង​ការប្រើ​ថ្នាំ​ផ្សះ​។​

​​​ដោយឡែក​ជំងឺ​ផ្ដាសាយ​ជ្រូក​នេះ​ឆ្លង​តាមរយៈ​ការ​ក្អក ក្រដាស និង​នៅ​ជិត​ប៉ះពាល់​អ្នកជំងឺ​ដោយ​ផ្ទាល់​​​​សូម​បញ្ជាក់​ថា បុរស​ម្នាក់​ដែល​ជា​បុគ្គលិក​បម្រើការ​ឲ្យ​ស្ថានីយទូរទស្សន៍​ក្នុងស្រុក​២​ផ្នែក​Camara​ដែល​បាន​ធ្លាក់ខ្លួន​ឈឺ​ជា​ទម្ងន់ ដោយសារ​ជំងឺ​ផ្ដាសាយ​ជ្រូក ( H1N1 ) ហើយ​បាន​ទទួល​មរណភាព​ដំបូង​គេ​បង្អស់​សម្រាប់​ប្រទេស​កម្ពុជា​។​លោក បាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រុស្សី កាលពី​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៦ ដែល​ករណីនេះ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ដល់​ប្រជាពលរដ្ឋ បន្ទាប់ពី​ជំងឺ​នេះ បាន​ស្ងាត់​ដំណឹង បន្ទាប់ពី​បាន​ផ្ទុះឡើង​កាលពី​ឆ្នាំ​២០០៩៕