រយៈ​ពេល​ជិត ​១៤​ឆ្នាំ សាលារៀន​ផ្នែក​សណ្ឋាគារ​ និង​ភោជនីយដ្ឋាន​បាន​បណ្តុះបណ្តាល​ដល់សិស្ស​ក្រីក្រកម្ពុជា​ជាង ១​៣០០​នាក់​

316

សៀមរាប៖ កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៦ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​​វិជ្ជាជីវៈ​ បាន​ថ្លែង​ក្នុង​ឱកាស​នៃ​ការ​បើក​សម្ពោធ​ទីតាំង​ថ្មី​របស់​សាលា​បាយ របស់​អង្គការ​អន្តរជាតិ​ក្រៅ​រដ្ឋាភិបាល​បារាំងដែល​មាន​ឈ្មោះថា អង្គ​ការ​ជួយ​កម្ពុជានៅ​ក្រុង​សៀមរាប ៖ សាលា​បាយ​បាន​រួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ជួយ​រំលែក​បន្ទុក​នៃ​ការ​កសាង​ធន​ធាន​មនុស្ស​ដែល​ជា​កត្តា​ដ៏​សំខាន់​បំផុត ដើម្បី​អភិវឌ្ឍន៍​សង្គម និង​សេដ្ឋកិច្ច​របស់​ប្រទេសជាតិ​។

នៅក្នុង​ពិធី​សម្ពោធ​នេះ​ក៏​មាន​វត្តមានរបស់​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា, ឯកឧត្តម​រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​ក្រសួង​ទេសចរណ៍ រួម​ទាំង​ភ្ញៀវ​បរទេស​ជាច្រើន​នាក់​។​ លោកស្រី Emmanuelle Dethomas​ តំណាង​អង្គ​ការ​ជួយ​កម្ពុជា​មានប្រសាសន៍ថា ៖ ៣២​ឆ្នាំ​កន្លង​មក​ហើយ​ដែល​អង្គ​ការ​ជួយ​កម្ពុ​ជា មាន​វត្តមាន​ជាមួយ​ប្រជាជន​កម្ពុជា​ហើយ​ឆ្នាំ​២០១៦​ នេះ​គឺជា​ឆ្នាំ​ដ៏​ល្អ​មួយ​សម្រាប់​កម្មវិធី​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​របស់​សាលា​បាយ​នៅក្នុង​ខេត្តសៀមរាប​។ សាលា​បាយបាន​បង្កើត​ឡើង​នៅក្នុង​ឆ្នាំ​២០០២ ជាមួយនឹង​ក្តី​សុបិន្ដ​ជាច្រើន​គឺ​ការ​ជួយ​យុវជន​កម្ពុជាឲ្យ​គេច​ផុត​ពី​ភាព​ក្រីក្រ និង​ហានិភ័យ​ផ្សេងៗ រួមមាន​ការ​ជួញដូរ​មនុស្ស​ជាដើម ជាមួយនឹង​ការគោរព​គោលការណ៍​រក្សា​សកម្មភាព​មនុស្សធម៌ ជាមួយ​ប្រជាជន​ក្រីក្រ​បំផុត តាមរយៈ​ការអប់រំ​និង​ការអភិវឌ្ឍន៍​។

លោកស្រី​បន្ត​ថា ៖ ដោយសារតែ​មានបំណង​ចង់​ពង្រីក​សាលា​បាយ ឆ្លើយតប​តាម​កំណើន​សិស្ស​ចាប់តាំងពី​ឆ្នាំ​២០១១​ មក​សាលា​បាយ​ដែល​ទើបនឹង​កសាង​ថ្មី​នេះ គឺជា​ក្តី​សុបិន្ដ​លើក​ទី​២ ដើម្បី​សម្រេច​បំណង​រៀបចំ​កម្មវិធី​បង្រៀន​បែប​សម័យ​ទំនើប បំពេញ​តាម​សេចក្តី​ត្រូវការ​របស់​បុគ្គលិក​ ដែល​មាន​សមត្ថភាព​ក្នុង​វិស័យ​ឧស្សាហកម្ម​ទេសចរណ៍។ ឯកឧត្តម អ៊ិត សំហេង ​បាន​ថ្លែង​នូវ​ការ​ចាប់​អារម្មណ៍​ផង​ដែរ ចំពោះ​របាយការណ៍​របស់​លោក​នាយក​សាលា​សណ្ឋាគារ​​ និង​ភោជនីយដ្ឋាន (​សាលា​បាយ​) ដែល​បង្ហាញ​ឲ្យ​ដឹង​ថា ៖ អង្គ​ការ​ជួយ​កម្ពុជា​បាន​ទិញ​​ដី​ទីតាំង​ថ្មី​នេះ និង​បាន​កសាង​អាគារ បំពាក់​គ្រឿង​សម្ភារៈ​ផ្សេងៗ​ចំណាយ​អស់​ថវិកា​អស់ ១​លាន ៣​សែន ៤​ម៉ឺន ៥​ពាន់​ដុល្លា​សហរដ្ឋ​អាមេរិក។

ឯកឧត្តម​បាន​សម្ដែង​នូវ​ការចាប់អារម្មណ៍​ ចំពោះ​សាលារៀន​ផ្នែក​សណ្ឋាគារ​ និង​ភោជនីយដ្ឋាន (​សាលា​បាយ ) ដែល​បាន​ផ្តល់​ការ​បណ្តុះបណ្តាល​ដល់​សិស្ស​ក្រីក្រ​ដោយ​ឥតគិតថ្លៃ ព្រមទាំង​ផ្តល់ សម្ភារៈ​សិក្សា អាហារ កន្លែង​ស្នាក់នៅ ឯកសណ្ឋាន ទោចក្រយាន ថ្នាំពេទ្យ​ពេញ ​១​ឆ្នាំ និង​បាន​ឧបត្ថម្ភ​ថវិកា​ក្នុង​ម្នាក់​ៗ២៥​ដុល្លារ សម្រាប់​ការ​ចំណាយ​ប្រចាំខែ​។ ចំណាប់អារម្មណ៍​បន្ថែម​នោះ​គឺ សាលា​បាន​សហការ​ជាមួយ​សណ្ឋាគារ​លំដាប់​ខ្ពស់​ប្រមាណ​ជា ១៨​សណ្ឋាគារ ដើម្បី​ឲ្យ​សិស្ស​បាន​អនុវត្ត​ជំនាញ​ពិត​ជា​រៀង​រាល់​ខែ ហើយ​ក្រោយពី​បាន​បញ្ចប់​ការសិក្សា​សិស្ស​ទាំងនោះ​ទទួល​បាន​ការងារ​ធ្វើ ១០០%៕

SS4

SS5