មន្ត្រីរាជការ និង​កងកម្លាំង​អាវុធ នឹង​ទទួល​បាន​ប្រាក់​បៀវត្សរ៍​ យ៉ាងតិច ​៧០​ម៉ឺន​រៀល​

308

ភ្នំពេញ ៖ ឯកឧត្តម អូន​ព័ន្ធ​ មុនី​រ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ នៅក្នុង​ពិធី​ជួប​សំ​ណោះ​សំ​ណា​ល និង​នាំ​យក​អំណោយ រួមមាន​សម្ភារៈ​សំណង់ ស្បៀងអាហារ និង​ថវិកា មួយ​ចំនួន​ទៀត ឧបត្ថម្ភ​ជូន​ដល់ កងកម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​ដែល​កំពុង​ឈរជើង បំពេញភារកិច្ច​នៅ​តំបន់​មុម​៣ ព្រំដែន​៣​ប្រទេស ( កម្ពុជា ឡាវ ថៃ ) ដែន​ភូមិសាស្ត្រ​សមរភូមិ​មុខ​ទិស​ទី​១ យោធភូមិភាគ​ទី​៤ បាន​ថ្លែង​ឲ្យ​ដឹង​ថា ប្រាក់បៀវត្សរ៍​មន្ត្រីរាជការ​ កងកម្លាំងប្រដាប់អាវុធ នឹង​ទទួល​បាន​ការ​ដំឡើង​ប្រាក់​បៀវត្សរ៍ បន្ថែម​ទៀត​នៅក្នុង​ខែមេសា​ខាង ដែល​ទាប​បំផុត យ៉ាង​ហោច​ណា ទទួល​បាន​ជាង​៧០​ម៉ឺន​រៀល ក្នុង​១​ខែ​។​

ឯកឧត្តម បន្ត​ថា​ បច្ចុប្បន្ន​នេះ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ខិតខំ​ប្រើប្រាស់​គ្រប់​កម្លាំង​ជំនាញ អនុវត្ត​បទបញ្ជា សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុង​ការ​ពង្រឹង​ប្រភព​ថវិកា​ចំណូល​សេដ្ឋកិច្ចជាតិ ដើម្បី​បំពេញ​មហិច្ឆតា​នៃ​ការ​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​មន្ត្រីរាជការ​ កងកម្លាំងប្រដាប់អាវុធ តាមរយៈ​នៃ​ផែនការ​ដំឡើង​ប្រាក់បៀវត្សរ៍ ហើយក៏​ជា​មធ្យោបាយ​ពង្រឹង​ប្រព័ន្ធ​ការងារ​ផង​ដែរ​។​

នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ និង​ជា​មេបញ្ជាការ​នគរបាល​ជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៤ និង​ទី​៥ រាយការណ៍​ថា សភាពការណ៍​ព្រំដែន​នា​ពេល​បច្ចុប្បន្ន ស្ថិត​ក្នុង​ស្ថានភាព​ល្អ​ប្រសើ​រ ហើយ​កំពុងតែ​ឈាន​ឆ្ពោះ​ទៅ​រក​ការអភិវឌ្ឍន៍ ទាំង​ក្នុង​ដែន​គ្រប់គ្រង​រដ្ឋបាល និង​ការ​កសាង​អង្គភាព​ប្រដាប់​អាវុធ​។ កងកម្លាំង​នគរបាល​ជាតិ បានសម្រេច​ភារកិច្ច ដោយមាន​កិច្ចសហការ​ជាមួយ​កងយោធពល​ខេមរភូមិន្ទ​។ ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​តំបន់​ព្រំដែន មាន​កិច្ចសហការ​ល្អជា​មួយ​អាជ្ញាធរ​ដែនដី និង​សមត្ថកិច្ច​ពាក់ព័ន្ធ អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព រក្សា​សន្តិសុខ​ក្នុង​មូលដ្ឋាន​បាន​ល្អ ។

សូម​បញ្ជាក់​ថា អង្គភាព​ប្រដាប់​អាវុធ​ទាំង​២​នេះ ជា​អង្គភាព​សម្ព័ន្ធមេត្រីភាព​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ អស់​រយៈកាល​ជាច្រើន​ឆ្នាំ​មក​ហើយ ដែល​បាន​បង្កើត​ឡើង តាម​អនុសាសន៍ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​បំរើ​ឲ្យ​ចលនា​ពង្រឹង​ខឿន​ការពារ​ជាតិ​របស់​ប្រជាជន ក្នុង​ពាក្យស្លោក​ដែល​ថា សមរភូមិ​ក្រោយ​ឧបត្ថម្ភ​សមរភូមិ​មុខ​៕