ម្រេច​កំពត​ទទួល​បាន​កិច្ចការពារ​ពី​សហភាព​អឺរ៉ុប​ជា​ទំនិញ​សម្គាល់​ភូមិសាស្ត្រ​(GI)​​ ជា​ផ្លូវការ

1294

ភ្នំពេញ ​៖ ផលិតផល​ម្រេច​ កំពត ​ត្រូវ​បាន​ទទួលស្គាល់​ជោគជ័យ​ជា​លើ​ដំបូងបង្អស់​ ដោយ​សហភាព​អឺរ៉ុប ​ទៅ​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​(GI) ដែល​បញ្ជាក់​ពី​គុណភាព​នឹង​កេរ្តិ៍ឈ្មោះ​របស់​ផលិតផល​ខ្មែរ​។

លោក ស៊ីម សុខ​ខេង ប្រធាន​នាយកដ្ឋាន​កម្មសិទ្ធិបញ្ញា​នៃ​ក្រសួងពាណិជ្ជកម្ម ​បាន​ឲ្យ​ដឹងថា ​ចំពោះ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ម្រេច​កំពត​ ដែល​បាន​ចុះបញ្ជី​ការពារ​កាល​ពីពេល​ថ្មីៗ​នេះ ​នៅ​សហភាព​អឺរ៉ុប​គឺ​បាន​ជួយ​តម្លៃ​បន្ថែម ​សម្រាប់​ម្រេច​កំពត​នៅ​កម្ពុជា ​ដែល​មាន​ភាព​ល្បីល្បាញ​នៅលើ​ឆាក​អន្តរជាតិ ។

លោក ស៊ីម សុខ​ខេង បាន​ថ្លែងថា បណ្តា​អ្នក​ដទៃទៀត ​ដែល​ធ្លាប់​យកឈ្មោះ​ម្រេច​កំពត​ ទៅប្រើ​ប្រាស់​ មិនមែន​ចេញពី​ប្រភព​ម្រេច​កំពត​នោះ ​នឹង​ប្រឈម​ផ្លូវច្បាប់​ នៅ​សហភាព​អឺរ៉ុប​ជាមិនខាន ហើយ​សហភាព​អឺរ៉ុប ​នឹង​ចាត់វិធានការ​ប្រឆាំង​ជន​ណា​ដែល​ក្លែងបន្លំ​ក្រៅពី​ម្រេច​កំពត​។

លោក​ បាន​អះអាង​ទៀតថា ​ផលប្រយោជន៍ ដែល​កម្ពុជា​ នឹង​ទទួល​បាន​នោះ​ម្រេច​កំពត​នឹង​មាន​តម្លៃ​បន្ថែម​ទៀត ​ដោយសារ​តែ​មាន​ស្ថាប័នរដ្ឋ​ទទួលស្គាល់​នឹង​មាន​គេ​ទិញ​ច្រើនជាង​មុន​ហើយ​មាន​ផលប្រយោជន៍​បន្ថែមទៀត​ ចំពោះ​ទីផ្សារ​ម្រេច​កំពត​។

ចំណែក លោក ងួន ឡាយ ប្រធាន​សមាគម​លើកកម្ពស់​ម្រេច​កំពត​ បាន​ថ្លែងថា​ ក្នុងនាម​សមាគម​មាន​មោទនភាព​ណាស់ ​ដែល​ផលិតផល​ម្រេច​កំពត ​បាន​ចុះបញ្ជី​នៅ​អឺរ៉ុប​ បាន​ដោយ​ជោគជ័យ ហើយ​ទទួល​ស្គាល់​ថែមទាំង​បាន​ជម្រុញ​ឲ្យ​ម្រេច​កំពត​កាន់តែ​មាន​កេរ្ដិ៍​ឈ្មោះ​ល្បីល្បាញ​លើ​ឆាក​អន្តរជាតិ​លើស​ពី​មុន​ទៅទៀត​។

លោក​ បាន​បន្តទៀតថា​ យុទ្ធសាស្ត្រ​នៅ​ឆ្នាំ​២០១៦ ខាងមុខនេះ​នឹង​ពង្រឹង​គុណភាព​ឲ្យ​កាន់​តែ​ខ្លាំង​ឡើង​ទន្ទឹម​និង​ទទួល​បាន​វិញ្ញាបនបត្រ​ពី​សហភាព​អឺរ៉ុប​នោះ ហើយ​មាន​យុទ្ធសាស្ត្រ​បង្កើន​លើ​ទីផ្សារ ។ ក្រៅពីនេះ​ នឹងធ្វើ​យ៉ាងណា​ឲ្យ​មានការ​ទទួលស្គាល់​នឹង​អាច​នាំចេញ​បាន​កាន់​តែច្រើន​នៅ​ឆ្នាំ​បន្ទាប់​ទៀត ​ហើយ​ខាង​សមាគម​នឹង​បង្កើន​ការ​នាំ​ចេញទៅ​ក្រៅ​ប្រទេស​ទៀត​។ ការកំណត់​អំពី​ម៉ាក​ទំនិញ​សម្គាល់​ភូមិសាស្ត្រ (GI) ​នេះ​ផ្តល់នូវ​កិច្ចការពារ​តាម​ផ្លូវ​ច្បាប់​ដល់​ម្រេច​កំពត​ ពី​ការ​ទាមទារ​របស់​ម្រេច​ផ្សេងៗ​ទៀត ​ដែល​មិន​មែនជា​ម្រេច​កំពត ​ហើយ​ការកំណត់​បែបនេះ​ផ្តល់​កិច្ចការពារ​ផ្សេងៗ នឹង​បង្កើន​តម្លៃ​ម្រេច​កំពត​កាន់តែ​ប្រសើរ​ប្រកប  ​ដោយ​សក្ដានុពល សម្រាប់​លក់​នៅ​លើ​ទីផ្សារ​ពិភពលោក​។

​ទីផ្សារ​ម្រេច​កំពត​មាននៅ​សហគមន៍​អឺរ៉ុប ​អាមេ​រិ​ក ជប៉ុន ​អាឡឺម៉ង់ ​កូរ៉េ តៃវ៉ាន់ ​ហុងកុង​ និង​បណ្តា​ប្រទេស​ផ្សេង​ទៀង​។ ​កាលពី​ឆ្នាំ​២០១៥​កន្លងទៅ​ម្រេច​កំពត​ បាន​នាំចេញ​ប្រមាណ​ ៧០%​ទៅ​ក្រៅ​ប្រទេស ​និង​៣០% ​ចរាចរ​ទីផ្សារ​ក្នុងស្រុក​។

កាលពី​ឆ្នាំ​២០១៥ ការនាំចេញ​សរុប​មាន​ប្រមាណ ​ជិត ៥០​តោន ស្មើ​ទឹកប្រាក់​ជាង​ ១​លាន​ដុល្លារ​អាមេរិក ​ហើយ​បើ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៤ ​កន្លងទៅ​មាន​ចំនួន​ជាង ​៣២​តោន ប៉ុណ្ណោះ​ដែល​មាន​កំណើន ៥០% ។

បច្ចុប្បន្ននេះ តម្លៃ​ម្រេច​នៅ​មាន​ស្ថិរភាព​នៅឡើយ ​ហើយ​លក់បាន ​១​តោន​ម្រេច​ខ្មៅ​មានតម្លៃ ១៥០០០​ដុល្លារ ​ហើយ​ចំពោះ ​ម្រេចស​ថ្លៃ ២៥០០០​ ដុល្លារ និង​ម្រេច​ក្រហម​ថ្លៃ ​២៨០០០ ​ដុល្លារ​អាមេរិក ក្នុង​១​តោន​។ ក​ន្លងមក​ក្រុមហ៊ុន​ចំនួន ​១៧​ហើយ​ដែល​បាន​នាំចេញ​ម្រេច​កំពត​ទៅ​ទីផ្សារ​អន្តរជាតិ ៕

btv-a2188

3