មន្ត្រី​ជំនាញ​ជំរុញ​ឱ្យ​ជន​ពិការ​បាន​បម្រើការ​ងារ​រាជការ​ឱ្យ​បាន​ចំនួន ២%

303
មន្ត្រី​ជំនាញ​ជំរុញ​ឱ្យ​ជន​ពិការ​បាន​បម្រើការ​ងារ​រាជការ​ឱ្យ​បាន​ចំនួន ២%

ភ្នំពេញ ៖ មន្ត្រី​ក្រសួងកសិកម្ម​និង​មន្ត្រី​ក្រសួង​សង្គមកិច្ច​ជាច្រើន​នាក់​បាន​ជួប​ប្រជុំគ្នា​នៅក្នុង​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ​ម្សិលមិញ​នេះ ក្នុង​គោលបំណង​ដើម្បី​ជំរុញ​ឱ្យ​ជន​ពិការ​បាន​ចូលរួម​បម្រើ​ការងារ​រាជការ​ឱ្យ​បាន​ចំនួន ២% នៅ​តាម​បណ្ដា​អង្គភាព​នីមួយៗ​។​

អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម ឯកឧត្តម ម៉ាន​សុ​ក្រី បាន​លើក​ឡើង​ថា កិច្ចប្រជុំ​នេះ​ក្នុង​គោលបំណង​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ដល់​សមាជិក​សមាជិកា​នៅ​តាម​ស្ថាប័ន អង្គភាព​ពាក់ព័ន្ធ​ក្រោម​ឪ​វាទ​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ​ធ្វើ​យ៉ាង​ណា​ជំរុញ​និង​ធ្វើការ​ផ្សព្វផ្សាយ​អោយ​មាន​សមាសភាព​ជន​ពិការ​បាន​ចូលរួម​បម្រើ​ការងារ​រាជការ​អោយ​បាន​ចំនួន​២%​សម្រាប់​បម្រើ​ការងារ​នៅ​តាម​បណ្ដា​អង្គភាព​នីមួយៗ​។​

ដោយ​ឯកឧត្តម ម៉ាន សុ​ក្រី បាន​បញ្ជាក់​ថា សម្រាប់​ក្រសួងកសិកម្ម គិត​មកដល់ពេលនេះ​បាន​ធ្វើ​ការ​ដាក់​បញ្ចូល​ជន​ពិការ​ឱ្យ​ចូល​បម្រើកា​រ​ងារ​ដោយ​សម្រេច​បាន​ជាង​២% ហើយ ។​

អគ្គលេខាធិការ​ក្រុមការងារ​សកម្មភាព​ជន​ពិការ​នៃ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន​និង​យុវនីតិ​សម្បទា ឯកឧត្តម ឯម ច​ន្ទ័​មករា បាន​លើក​ឡើង​ថា ជា​គោលដៅ​របស់​សកម្មភាព​ជន​ពិការ​នៅក្នុង​ក្រសួងកសិកម្ម​គឺ​ស្ថិត​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ទី​១ ដែល​គោលដៅ​ទី​១ នេះ​បាន​បែងចែក​យ៉ាង​ច្បាស់​អំពី​ការ​ជួយ​ធានា​និង​កាត់បន្ថយ​ភាព​ក្រីក្រ​ដល់​ជន​ពិការ​តាម​រយះ​ការ​បង្កើន​ការងារ​និង​មុខរបរ ដើម្បី​លើកស្ទួយ​ជីវភាព​រស់នៅ​របស់​ជ​ន​ពិការ​អោយ​បាន​សមរម្យ​ជាពិសេស​​មុខរបរ​ខ្នាត​តូច​ ឬ ​ខ្នាត​ធំ ជាដើម​។​

ឯកឧត្តម បាន​បន្ត​ថា​ មាន​ការងារ​ចំនួន ៥ ចំណុច​ដែល​បងប្អូន​ជន​ពិការ​យើង​អាច​ចូលរួម​ហើយ​អនុវត្ត​បាន​នៅក្នុង​វិស័យ​កសិកម្ម​ រួមមាន​ ទី​១ គឺ​ពាក់ព័ន្ធ​ទៅលើ​ការងារ​កសិកម្ម ទី​២ ពាក់ព័ន្ធ​ទៅ​លើ​សន្តិសុខ​ស្បៀងអាហារ ទី​៣ ពាក់ព័ន្ធ​ទៅលើ​វិស័យ​ព្រៃឈើ ទី​៤ ពាក់ព័ន្ធ​ទៅលើ បសុសត្វ និង ទី​៥ ពាក់​ព័ន្ធ​ទៅលើ​ជលផល​។​ពោល​ការងារ​ទាំង​៥ ចំណុច​នេះ គឺ​បងប្អូន​ជន​ពិការ​អាច​ជួយ​បាន ។​ជា​មួយ​គ្នា​នេះ​ដែរ សកម្មភាព​ជន​ពិការ​បាន​យកចិត្តទុកដាក់​ដើម្បី​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​ដល់​សហគមន៍​ដែល​មាន​ជន​ពិការ​ច្រើន​។​ជា​គោលដៅ​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​នេះ ភារកិច្ច​ដែល​ក្រសួងកសិកម្ម​មាន​គឺ​ធ្វើ​យ៉ាង​ណា​បង្កើន​ជីវភាព ធានា​ថា បងប្អូន​ជន​ពិការ​របស់​យើង​ទទួល​ពាន​នូវ​ជីវភាព​សមរម្យ និង កម្រិតជីវភាព​រស់នៅ​បាន​ល្អ​តាម​រយៈ​ការអនុវត្ត​នូវ​សកម្មភាព​ទាំង​៥​ចំណុច​ខាង​លើ​នេះ​ក្នុង​វិស័យ​កសិកម្ម​ផង​ដែរ​។​

សូម​រំ​ឮ​កថា បើ​យោង​តាម​សារលិខិត​របស់​រាជ​រ​ដ្ឋា​ភិ​បាល ជន​ពិការ​ត្រូវ​បាន​ផ្តល់​អាទិភាព ក្នុង​ការ​ជ្រើសរើស​ចូល​បម្រើ​ការងារ​នៅក្នុង​ក្រសួង​ស្ថាប័នរដ្ឋ​ចំនួន ៤០​។​ដោយ​កាល ក្នុង​ឆ្នាំ ២០១៤ មាន​ជន​ពិការ​ចូលរួម​បម្រើ​ការងារ​សរុប​ចំនួន ២៥៥០ នាក់​ស្មើនឹង ១,១៧ ភាគរយ​នៃ​ចំនួន​បុគ្គលិក​សុ​រប​ដែល​បច្ចុប្បន្ន​ក្រសួង និង​ស្ថាប័ន​នីមួយៗ​បាន​និង​កំពុង​ជ្រើសរើស​ឲ្យ​គ្រប់​តាម​អត្រា​កំណត់ ចំនួន ២ ភាគរយ​ក្នុង​ឆ្នាំ ២០១៥ គឺ​ស្មើនឹង ៣៩៤៩ នាក់​៕​