ប្រមុខ​ការពារ​ជាតិ​កម្ពុជា​នឹង​បំពេញ​ទស្សនកិច្ច​ នៅ​រុស្ស៊ី​ដើម្បី​ពង្រឹង​ចំណងមិត្តភាព​ផ្នែក​យោធា​រវាង​ប្រទេស​ទាំងពីរ​

252

ភ្នំពេញ ៖ ​ប្រសិនបើ​គ្មាន​ការប្រែប្រួល ប្រមុខ​ការពារ​ជាតិ​ក​ម្ពុ​ជា​នឹង​ដឹកនាំ​មន្ត្រី​ប្រតិភូ​យោធា​មួយ​ក្រុម​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​រុស្ស៊ី នា​ពេល​ខាងមុខនេះ​ដើម្បី​ពិភាក្សា​ការងារ​មួយចំនួន​ទាក់ទង​នឹង​វិស័យ​យោធា នៃ​ប្រទេស​ទាំងពីរ ជាពិសេស​ជំនួយ​របស់​រុស្ស៊ី​មក​កម្ពុជា​។​

ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា​នាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ បាញ់ នឹង​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ប្រទេស​រុស្ស៊ី​នា​ខែឧសភា​ឆ្នាំ​២០១៦​ខាងមុខនេះ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ផ្នែក​យោធា​រវាង​ប្រទេស​ទាំងពីរ​បន្ថែម​ទៀត​ខណៈ ​រុស្ស៊ី​លើក​ឡើង​ថា​ដំណើរ​ទស្សនកិច្ច​នេះ​កម្ពុជា​នឹង​ទទួល​បាន​ផលប្រយោជន៍​ពី​ខ្លួន​កាន់​តែ​ច្រើន​បន្ថែម​ទៀត​។​

លោក Dmitry Tsvetkov​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​សហព័ន្ធ​រុស្សី​ប្រចាំ​នៅ​កម្ពុជា​បាន​សន្យា​ថា រុស្ស៊ី​នឹង​ផ្តល់​ជំនួយ​ផ្នែក​យោធា​ដល់​កម្ពុជា​បន្ថែម​ទៀត​ជាពិសេស​លើ​ការ​បណ្តុះបណ្តាល​ជំនាញ​និង​ការ​ជួសជុល​សម្ភារៈ​យោធា​។​

ការសន្យា​របស់​ឯកអគ្គ​រដ្ឋទូត​រុស្ស៊ី​យ៉ាង​ដូច្នេះ​គឺ​បាន​ធ្វើឡើង នៅក្នុង​កិច្ច​ជំនួប​រវាង​ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា នាយ​ឧ​ត្ត​ម​សេនីយ៍​ទៀ បាញ់​នា​រសៀល​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៦​នេះ​នៅ​ទីស្ដីការ​ក្រសួង​ការពារ​ជាតិ​។​

ថ្លែង​នៅក្នុង​កិច្ច​ជំនួប​នោះ​លោក Dmitry Tsvetkov​បាន​លើក​ឡើង​អំពី​គម្រោង​ទស្សនកិច្ច​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍​ទៀ បាញ់​ទៅកាន់​ប្រទេស​រុស្ស៊ី​នា​ពេល​ខាង​មុខ​នេះ​ថា នឹង​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​បន្ថែម​ទៀត​ជាពិសេស​គឺ​ការ​បណ្តុះបណ្តាល​ផ្នែក​ធនធានមនុស្ស​ដល់​យោធា​កម្ពុជា​។ យ៉ាងណាក៏ដោយ​លោក​មិនបាន​បញ្ជាក់​ទេ​ថា ជំនួយ​ដែល​យោធា​រុស្ស៊ី​សន្យា​ផ្តល់ជូន​កម្ពុ​ជាមាន​អ្វីខ្លះ​។​

លោក Dmitry Tsvetkov​បាន​សង្កត់​ធ្ងន់​ថា​”​តាមរយៈ​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​នឹង​ទទួល​បាន​ផល​ច្រើន​ពី​ក្រសួងការពារជាតិ​រុស្ស៊ី ហើយ​ខ្ញុំ​រំពឹង​ថា​ទំនាក់ទំនង​យោធា​នៃ​ភាគី​ទាំងពីរ​កាន់តែ​ជិត​ស្និត​ថែមទៀត​”​។​

នៅក្នុង​កិច្ច​ជំនួប​នោះ​ដែរ​នាយ​ឧ​ត្ត​ម​សេនីយ៍​ទៀ បាញ់​ក៏បាន​លើកឡើង​អំពី​ទំនាក់ទំនង​រវាង​កម្ពុ​ជា​និង​ប្រទេស​រុស្ស៊ី​ថា​កាន់តែ​ទទួលលទ្ធផល​ល្អ​ប្រសើ ជាពិសេស​ឯកឧត្តម​បាន​ថ្លែងអំណរគុណ​ដល់​រុស្ស៊ី​ដែល​បាន​សន្យា​ផ្តល់​ជំនួយ​ផ្នែក​យោធា​ដល់​កម្ពុជា​បន្ថែម​ទៀត​នោះ​ ៕​