មនុស្ស​យ៉ាង​ហោច​ណាស់ ១៥​នាក់​ស្លាប់​ក្នុង​ហេតុការណ៍​បាញ់​ប្រហារ​មួយ​នៅ​មជ្ឈមណ្ឌល​មនុស្ស​ចាស់​ក្នុង​ទឹកដី​យេមែន​

383

យេមែន៖ ​ប្រភព​ផ្លូវការ និងពី​ក្រុម​គ្រូ​ពេទ្យនិយាយ​ថា ខ្មាន់កាំភ្លើង​ ៤នាក់បាន​វាយប្រហារលើមជ្ឈមណ្ឌល​ថែទាំ​មនុស្ស​ចាស់​មួយ​កន្លែង ក្នុង​ទីក្រុងកំពង់ផែអា​ដែនរបស់ប្រទេសយេមែន​កាលពី​ថ្ងៃសុក្រ​ម្សិលមិញ ដោយបាន​សម្លាប់មនុស្សយ៉ាងហោចណាស់​ ១៥នាក់ រួម​ទាំងយាយជីកាន់សាសនា​គ្រិស្ត ៤នាក់មកពីប្រទេសឥណ្ឌា។​
S1
​ប្រភព​ផ្លូវការក្នុង​តំបន់​មួយបាន​ឲ្យ​ដឹង​ថា ក្រុម​ខ្មាន់កាំភ្លើងដែលដំបូង​ឡើយ បាន​ប្រាប់ឆ្មាំ​យាមកាម​សន្តិសុខថា ពួកគេទៅ​សួរ​សុខ​ទុក្ខម្ដាយរបស់​គេនោះ​, បានសម្រុកចូល​ទៅ​ក្នុងផ្ទះ​ថែទាំ​មនុស្សជាមួយ​កាំភ្លើងវែង និងបើក​ការ​បាញ់​រះ​តែម្ដង។ ក្រៅពី​អ្នក​ស្លាប់ជា​យាយជីនោះ​ ក៏​មានស្ត្រីជា​ជនជាតិយេមែន ២នាក់ កំពុងធ្វើការ​នៅទីនោះ,​ មនុស្សចាស់ជរា ៨នាក់ និងឆ្មាំ​សន្តិសុខ​ម្នាក់ទៀតផង​ដែរ។

​អ្នកស្រី អ៊ុំ មហា​ម៉េ​ត ដែល​ជា​មនុស្ស​ចាស់ជរា​ម្នាក់​ក្នុង ផ្ទះ​ថែទាំ​មនុស្ស​ចាស់នេះ​ដែរនោះបាន​និយាយ​ថា ក្រុម​ខ្មាន់កាំភ្លើងបានបង្ខំ​ប្រុសៗ និង​ស្រីៗឲ្យ​ចេញទៅ​ក្រៅ​ជាមួយ​ដៃចាប់​ចំណង។ ពួកគាត់​បាន​លឺសម្លេងគ្រាប់កាំ ភ្លើង ហើយនៅពេលពួកគាត់អើតមើលក៏​ឃើញមនុស្ស​ស្លាប់ក្នុងសួនច្បារ​។​ ប្រភព​ផ្លូវការនិយាយ​ថា​ភ្លាមៗគេ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​ថា តើពួក​ខ្មាន់កាំភ្លើងទាំងអស់នេះ​ជា​នរណា។ ពួកគេ​បាន​រត់​គេច​ខ្លួន​បាត់ស្រមោល បន្ទាប់ពីវាយប្រហារ​រួច៕
​អត្ថបទ៖ សុខ​មាន