គិត​ត្រឹម​ ខែកុម្ភៈ​ ឆ្នាំ​២០១៦ ជប៉ុន មាន​ទុន​វិនិយោគ​នៅ​កម្ពុ​ជា​ ជាង​៧៣០​លាន​ដុល្លារ​អាមេរិក

298

​ភ្នំពេញ ៖ ​ចំនួន​គ្រោង​វិនិយោគ​ដ៏​ធំ​របស់​ក្រុមហ៊ុន​ជប៉ុន​នេះ ​ត្រូវ​បាន​ត្រូវ​បាន​គេ​បង្ហាញ​ឲ្យ​ដឹង​នៅ​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ចម្រុះ​កម្ពុជា -​ជប៉ុន​ លើក​ទី​១៣ នៅ​រសៀល​ថ្ងៃទី​០៤ ​ខែមីនា​  នៅ​ទីស្តីការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ក្រោម​អធិបតីភាព លោក​ សុខ ចិន្តា​សោភា ​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​និង​លោក​គូ​ម៉ា​ម៉ា​រុ យូ​ជិ ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​។

កិច្ចប្រជុំ​នេះ​ក៏​មាន​ការចូលរួម​ពី​តំណាង​ក្រសួង ស្ថាប័ន កម្ពុជា​ដែល​ពាក់ព័ន្ធ​នឹង​កិច្ចការ​វិនិយោគ មន្ត្រី​នៃ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន ​(JICA) ​អង្គការ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​ជប៉ុន​(JETRO) សមាគម​ធុរកិច្ច​ជប៉ុន​នៅ​កម្ពុជា (JBAC) ​និង​តំណាង​ក្រុមហ៊ុន​ជប៉ុន ដែលមាន​សកម្មភាព​វិនិយោគ​នៅ​កម្ពុជា​ផងដែរ​។

តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC)​ បាន​ឲ្យ​ដឹងថា ​គិត​ត្រឹម​ខែ កុម្ភៈ ឆ្នាំ​២០១៦ កម្ពុ​ជា​ មាន​គម្រោង​វិនិយោគ​ជប៉ុន​ធំៗ​ចំនួន​១០៧​ដែល​មាន​ទុនវិនិយោគ​សរុប​ប្រមាណ​ជាង​៧៣០​លាន​ដុល្លារ​អាមេរិក ។

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​ បាន​ឲ្យ​ដឹង​ទៀតថា “​បន្ថែម​លើ​ការវិនិយោគ​ធំៗ​ទាំងនេះ​ក៏មាន​ការ​កើនឡើង​នូវ​ចំនួន​ភោជនីយដ្ឋាន​ជប៉ុន​ជាច្រើន​ផងដែរ​ ដែល​បច្ចុប្បន្ន​មាន​ចំនួន​ប្រមាណ​២០០​កន្លែង​ហើយ​។ ជាមួយ​នេះដែរ ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន ក៏បាន​ចូលរួមចំណែក​ដល់​ការ​ធ្វើ​ពិពិធ​កម្ម​មូលដ្ឋាន​សេដ្ឋកិច្ចកម្ពុជា​ បន្ថែម​លើ​វិស័យ​ជា​ប្រពៃណី​រួមមាន​ឧស្សាហកម្ម​កាត់ដេរ​សម្លៀក បំពាក់ និង​ស្បែកជើង​, វិស័យ​កសិកម្ម និង​រោង​ម៉ាស៊ីនកិនស្រូវ​, វិស័យ​សំណង់ ​និង​វិស័យ​ទេសចរណ៍ ដោយ​បញ្ចូល​ឧស្សាហកម្ម​ថ្មីៗ ដូចជា ការ​ផ្គុំ​ដំឡើង​​សម្ភារៈ​បរិក្ខារ​អេ​ឡិច​ត្រូ​និ​ច​ និង​អគ្គិសនី ការ​ផលិត​គ្រឿងបន្លាស់​រថយន្ត ​និង​ការ​ផ្គុំ​ដំឡើង​មធ្យោបាយ​ដឹកជញ្ជូន​ជាដើម​។

កិច្ចប្រជុំ​គណៈកម្មាធិការ​នេះ គឺជា​ផ្នែក​មួយ​នៃ​យន្ត​ការថែទាំ​វិនិយោគិន ដោយ​ផ្តល់​ឱកាស​ឱ្យ​មាន​ការសន្ទនា រវាង​តំណាង​ស្ថាប័នរដ្ឋ​របស់​កម្ពុជា​ និង​វិនិយោគិន ដើម្បី​ស្វែងយល់​ពី​បញ្ហា​ប្រឈម​និង​ស្តាប់​នូវ​សំណូមពរ​ផ្សេងៗ​របស់​ពួកគេ​៕