កម្លាំង​ស្នងការ​ខេត្តកំពង់ចាម ​បង្ក្រាប​មុខសញ្ញា​ចោរប្លន់​ប្រដាប់​អាវុធ​យ៉ាងសកម្ម​បាន​៧​នាក់​

363

កំពង់ចាម​៖ មុខសញ្ញា​ចោរប្លន់ ប្រុស​ស្រី​៧​នាក់ ​ក្នុង​នោះ ​ស្រី​១ ដែល​ធ្លាប់ធ្វើ​សកម្មភាព​ប្លន់​នៅ​ខេត្តព្រៃវែង ត្បូងឃ្មុំ កណ្តាល និង​បណ្តា​ខេត្ត​ផ្សេងទៀត​នោះ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ខេត្តកំពង់ចាម​បង្ក្រាប​បាន​ហើយ​។ ប្រតិបត្តិ​ការណ៍​បង្ក្រាប​នេះ​កាលពី​ព្រឹក​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៦​។​

ប្រភព​ពី​លោក​ឧត្តមសេនីយ៍ បែន រ័ត្ន បាន​ប្រាប់​អោយ​ដឹងថា លោក​បាន​បញ្ជា​អោយ កម្លាំង​នគរបាល​ជំនាញ នៃ​ស្នងការដ្ឋាន​នគរ បាល​ខេត្តកំពង់ចាម សហការ​ជាមួយ​នគរបាល តាម​បណ្តា​ស្រុក រហូតដល់​ព្រឹក​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៦ កម្លាំង​របស់​លោក​ បាន​បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ ចុះ​បង្ក្រាប​មេចោរ​ប្លន់​លំដាប់​ទី​១​ឈ្មោះ អា​ក្រៃ​ថោង និង​បក្ខពួក​សរុប​៥​នាក់ ថែមទៀត នៅ​ស្រុក​ស្ទឹងត្រង់ និង​ស្រុក​ព្រៃឈរ​។​

ក្រោយពី​កម្លាំង​នគរបាល​បាន​ចុះទៅ​ចាប់ខ្លួន ជនសង្ស័យ​មេចោរ​ប្លន់​លំដាប់​ទី​២​ម្នាក់ នៅ​ស្រុក​ជើងព្រៃ នា​រសៀល​ថ្ងៃ​ម្សិលមិញ ខណៈ​ពួកគេ​មាន​គ្នា​៣​នាក់ ត្រៀម​ចេញ​ប្លន់​នៅផ្ទះ​លក់​គ្រឿងសំណង់​ក្បែរ​ផ្សារ​ស្គន់​។​

លោក​ឧត្តមសេនីយ៍ បែន រ័ត្ន បាន​បញ្ជាក់​ថា ក្រោម​ការ​បញ្ជា​ផ្ទាល់​យ៉ាង​មាន​ប្រសិទ្ធភាព​ពី​សំណាក់​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​មានការ​ណែនាំ​ពី​អភិបាល​ខេត្តកំពង់ចាម លោក លន់ លឹម​ថៃ យើង​បាន​ធ្វើការ​ស្រាវជ្រាវ តាម​ជំនាញ​រហូត​ច្បាម​បាន​ក្រុម​ចោរប្លន់​ទាំងនេះ ​បានជា​បន្តបន្ទាប់​៥​នាក់​ថែមទៀត សរុប ៦​នាក់​ហើយ​មកដល់ពេលនេះ​។​

លោកស្នងការ​បាន​បន្ត​ទៀត​ថា នៅ​ម្សិលមិញ​កម្លាំង​នគរបាល​របស់​យើង​បាន​ចាប់​ជនសង្ស័យ​ម្នាក់ ជា​មេចោរ​ប្លន់​លំដាប់​ទី​២ នៅ​ស្រុក​ជើងព្រៃ ហើយ​នៅ​ព្រឹក​ថ្ងៃនេះ មុនដំបូង​យើង​បាន​ចាប់​មេ​ធំ​របស់​ពួកវា គឺ​អា​ក្រៃ​ថោង និង​បក្ខពួក​សរុប​៤​នាក់​មាន​ស្រី នៅ​ស្រុក​ស្ទឹងត្រង់ រួចហើយ​តាម​ទៅ​ចាប់បាន​ម្នាក់​នៅ​ស្រុក​ព្រៃឈរ ដែល​ជា​អ្នក​ពាក់ព័ន្ធ​លក់​អាវុធ​ឲ្យ​។​

បច្ចុប្បន្ន​ជនសង្ស័យ​ទាំងអស់ ​ត្រូវ​បាន​ចាប់​ប្រគល់​ទៅ​ស្នងការ​នគរបាល​ខេត្តកណ្តាល ដើម្បី​កសាង​សុំណុំរឿង​ចាត់​ការ​បន្ត​តាម​នីតិ​វិធី៕​