រដ្ឋសភា​នឹង​ធ្វើ​សិក្ខាសាលា​ស្រង់​មតិ​លើ​សេចក្តី​ព្រាងច្បាប់​សហជីព​ដ៏​ចម្រូងចម្រាស​នា​ព្រឹក​ថ្ងៃស្អែក​

381

​​ភ្នំពេញ ៖ អ្នកនាំពាក្យ​រដ្ឋសភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ឯកឧត្តម សុខ ឥ​សាន្ត បាន​ថ្លែង​ថា រដ្ឋសភា​នឹង​ធ្វើ​សិក្ខាសាលា​ដ៏​ធំ​មួយ​នៅ​ថ្ងៃទី​៩​ស្អែក​នេះ​ដើម្បី​ស្រង់​មតិ​និង​យោបល់​ពី​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ទាក់ទង​នឹង​បញ្ហា​សេចក្តី​ព្រាងច្បាប់​សហជីព​ដោយ​ច្បាប់​នេះ​កំពុង​មាន​ភាព​ចម្រូងចម្រាស​រវាង​ភាគី​សហជីព ក្រសួង​ការងារ​និង​សមាគមន៍​រោងចក្រ​កាត់ដេរ​នោះ​។​

ថ្លែងប្រាប់​ទូរទស្សន៍​ប៊ី​ធី​វី​នា​ថ្ងៃទី​៨ ​ខែមីនា​ ឆ្នាំ​២០១៦​នេះ​ឯកឧត្តម សុខ ឥ​សាន្ត​បាន​បន្ត​ថា​សិក្ខាសាលា​នេះ​នឹង​មាន​ភាគី​ពាក់ព័ន្ធ​ប្រមាណ​ជិត​បួន​រយ​នាក់​ចូលរួម ដើម្បី​ធ្វើ​យ៉ាង​ស្រង់​មតិ​របស់​ពួកគេ​យក​ទៅ​ពិភាក្សា​គ្នា​បន្ត​ទៀត​នៅក្នុង​គណៈកម្មការ​រដ្ឋ​សភា​។ តែ​យ៉ាងណាក៏ដោយ​ឯកឧត្តម​បាន​បញ្ជាក់​ទៀត​ថា សេចក្តី​ព្រាងច្បាប់​សម្រាប់​សហជីព​នេះ​គឺ​ភាគី​នីមួយៗ​ដណ្ដើម​គ្នា​ធ្វើ​ធំ​ជានិច្ច ហើយ​ការ​ទាមទារ​របស់​ពួកគេ​នោះ​រដ្ឋ​សភាព​មិនបាន​ឯកភាព​នោះ​ឡើយ​។​

បើ​តាម​អ្នកនាំពាក្យ​រួប​នេះ​បាន​បញ្ជាក់​ថា​”​ភាគី GMAC​និង​ភាគី​សហជីព​តែងតែ​ទាមទារ​យក​ត្រូវ​ម្ខាងៗ​ហើយ អ្វី​ដែល​ពួកគេ​ចង់​ឲ្យ​មានការ​កែតម្រូវ​នោះ​គឺ​បញ្ហា​ប្រភព​ថវិកា តែ​យ៉ាង​ណាក្តី​យើង​មិនបាន​ឯកភាព​ទៅតាម​សំណើ​របស់​ពួកគេ​នោះ​ឡើយ​អ្វី​ដែល​រដ្ឋសភា​ធ្វើ​គឺ​ដើម្បី​ផលប្រយោជន៍​ទាំង​ភាគី រោងចក្រ សហជីព​និង​កម្មករ​តែប៉ុណ្ណោះ​”​។​

សូម​រំលឹក​ថា​សេចក្តី​ព្រាងច្បាប់​សហជីព មាន​១៧​ជំពូក និង​៩១​មាត្រា បាន​ស្ថិត​នៅ​ក្នុង​ភាព​ប្រទាញប្រទង់​គ្នា រវាង​សហជីព​និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ព្រមទាំង​ភាគី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ដោយសារ​សហជីព​មិន​ចង់​ឲ្យ​រដ្ឋសភា​អនុម័ត ដោយ​ពួកគេ​អះអាង​ថា ច្បាប់​នេះ បាន​បិទ​សិទ្ធិ​សេរី​ក្នុង​ការ​បញ្ចេញមតិ​រប​ស់​ពួកគេ​។​តែ​យ៉ាងណាក៏ដោយ​ច្បាប់​នេះ​ត្រូវ​បាន​គណៈកម្មការ ចំពោះ​កិច្ច​នៃ​បក្ស​ទាំង​ពីរ​បាន​បិទ​បញ្ចប់​កាលពី​ថ្ងៃទី​១៩ ខែមករា​ឆ្នាំ​២០១៦​កន្លងទៅ ក្រោយពី​បាន​ជួបពិភាក្សា​និង​ធ្វើ​វិសោធនកម្ម​នូវ​ចំនុច​មួយចំនួន​ជាច្រើន​ដង​មក​នោះ​៕

​​​