កូឡុំប៊ី៖ ប្រធានាធិបតីកូឡុំប៊ីលោក ជូអាន ម៉ានូអ៊ែល សាន់តូស មានប្រសាសន៍កាលពីថ្ងៃពុធម្សិលមិញថា លោកនឹងមិនចុះហត្ថលេខាលើដំណោះស្រាយមួយយ៉ាងអាក្រក់ជាមួយក្រុមឧទ្ទាមហ្វាក ដើម្បីជួបប្រជុំទៅតាមកាលបរិច្ឆេទកំណត់នៅថ្ងៃទី២៣ ខែមីនានេះ សម្រាប់កិច្ចព្រមព្រៀងសន្តិភាពមួយឡើង។
លោកប្រធានាធិបតីអាចនឹងចុះហត្ថលេខា លើដំណោះស្រាយសន្តិភាពមួយបានលុះត្រាតែមានការកំណត់ត្រឹមត្រូវ និងពេញចិត្ត។ កូឡុំប៊ីបានបន្តការចរចាបញ្ចប់សង្គ្រាមយូរអង្វែងរយៈពេលជាង ៥០ឆ្នាំកន្លងមក ជាមួយកងកម្លាំងប្រដាប់អាវុធបដិវត្តន៍កូឡុំប៊ី ហៅកាត់ឧទ្ទាមហ្វាកចាប់តាំងពីចុងឆ្នាំ២០១២កន្លងមក ហើយនៅក្នុងឆ្នាំ ២០១៥ ភាគីទាំង២ក៏បានព្រមព្រៀងចុះហត្ថលេខាលើគម្រោងដោះស្រាយសន្តិភាព និងកំណត់ធ្វើបន្តដោះស្រាយថែមទៀតនៅថ្ងៃទី២៣ ខែមីនាឆ្នាំ២០១៦នេះ។ លោកប្រធានាធិបតីមានប្រសាសន៍បន្តថា នេះជាដំណាក់កាលពិភាក្សានាពេលចុងក្រោយ ស្វែងរកតម្រូវការសន្តិភាពមួយ តែបើធ្វើឡើងមិនប្រកបដោយប្រសិទ្ធភាពទេនោះ លោកនឹងមិនចុះហត្ថលេខាធ្វើជំនួបចរចាជាមួយក្រុមឧទ្ទាមហ្វាកនោះឡើយ។
គួរឲ្យដឹងថា ក្នុងប្រធានបទនៃការចរចាដោះស្រាយមានដូចជាធ្វើកំណែទម្រង់ទឹកដី, ការបញ្ចូលក្រុមទ័ពព្រៃទៅក្នុងនយោបាយ, ការបង្កើតតុលាការយុត្តិធម៌អន្តរកាលមួយ, បង្កើតលក្ខខ័ណ្ឌរកមើលក្រុមអ្នកបាត់ខ្លួន, ការធ្វើប្រតិបត្តិការដោះមីន និងការបញ្ចប់ជួញដូរគ្រឿងញៀនដោយខុសច្បាប់៕
អត្ថបទ៖ រិទ្ធី