ស្ត្រី​កម្ពុជា​ជាង​៣០​ម៉ឺន​នាក់​សម្រាលកូន ​បែប​ធម្មជាតិ ​និង​ស្ត្រី​ជាង​១​ម៉ឺន​នាក់ ​សម្រាល​ដោយ​វះកាត់

840

ភ្នំពេញ ​ ៖​ តាម​របាយការណ៍​សង្ខេប​ស្ដីពី​វឌ្ឍនភាព​វិស័យ​សុខាភិបាល​ឆ្នាំ​២០១៥ ​ដែល​ចេញ​ដោយ​ក្រសួង​សុខាភិបាល ​នៅ​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៦​នេះ បាន​បង្ហាញ​ថា ​ក្នុង​ឆ្នាំ​២០១៥ មាន​ស្ត្រី​ជាង​៣០​ម៉ឺន​នាក់ ​បាន​សម្រាលកូន​តាម​បែប​ធម្មជាតិ ​និង​ស្ត្រី​ជាង​១៥.០០០​នាក់ បាន​សម្រាល ដោយ​វះកាត់​ ចំនួន​នេះ ​បាន​ធ្វើ​ឲ្យ​ស្ត្រី​សម្រាលកូន​ដោយ​ធម្មជាតិ​កើន​ឡើង​ ពី​៧៩,៨​ភាគរយ ឆ្នាំ​២០១៤ ទៅ​៨០,៣៥​ភាគរយ ​នៅ​ឆ្នាំ​២០១៥ ​រីឯ​សម្រាលកូន​ដោយ​វិធី​វះកាត់​មាន​ចំនួន​១៥.៧៤៨​នាក់ ឬ​៥,២៦​ភាគរយ ​នៃ​ចំនួន​សម្រាល​សរុប នៅ​មូលដ្ឋាន​សុខាភិបាល។

តាម ​របាយការណ៍​ដដែល​ បាន​ឲ្យ​ដឹង​ទៀត​ថា ៩៣​ភាគរយ នៃ​ស្ត្រី មានគភ៌​បាន​ទទួល​ការ​ពិនិត្យ​ថែទាំ​មុន​សម្រាល​លើក​ទី​២។ ការពិនិត្យ​ថែទាំ​គភ៌​មុន​សម្រាល​លើស​ពី​៤​ដង បាន​កើន​ពី​៥៨​ភាគរយ នៅ​ឆ្នាំ​២០១៤ ទៅ​៧២​ភាគរយ​នៅ​ឆ្នាំ​២០១៥​។ ​ក្នុង​នោះ​ស្ត្រី​៧៣​ភាគរយ បាន​ទទួល​ជីវជាតិ​ដែក អាស៊ីដ ហ្វូ​លិ​ក​៩០​គ្រាប់ និង​ស្ត្រី​ក្រោយ​សម្រាល​៦២​ភាគរយ បាន​ទទួល​ជីវជាតិ​ដែក​៤២​គ្រាប់​។ ដោយឡែក ស្ត្រី​មានគភ៌​៣២០.១៥១​នាក់ បាន​សម្រាលកូន ក្នុង​នោះ​មាន​២៩៩.៥៩៧​នាក់ បាន​សម្រាល​នៅ​មូលដ្ឋាន​-​សុខាភិបាល​សាធារណៈ ដោយ​កើន​ឡើង​ពី​៧៩,៨​ភាគរយ នៅ​ឆ្នាំ​២០១៤​ទៅ​៨០,៣៥​ភាគរយ នៅ​ឆ្នាំ​២០១៥។ រីឯ​ការ​សម្រាល​ដោយ​វិធី​វះកាត់ មាន​ចំនួន​១៥.៧៤៨​នាក់ ឬ​៥,២៦​ភាគរយ នៃ​ចំនួន​សម្រាល​សរុប​នៅ​មូលដ្ឋាន​សុខាភិបាល។ ដោយឡែក ​កុមារ​អាយុ​ពី​៦-៥៩​ខែ ចំនួន​២.១២៦.១០៦​នាក់​ បាន​ទទួល​ជីវជាតិ​អា​ពីរ​ដូ​ស ក្នុង​រយៈពេល​១២​ខែ ក្នុង​ជុំ​ទី​១ ចំនួន​៧៥​ភាគ​រយ និង​ជុំ​ទី​២ មាន​៨៨​ភាគរយ ដើម្បី​បង្ការ​ជំងឺ​ពិការ​ភ្នែក និង​ការ​ឆ្លង​រោគ​ផ្សេងៗ។

តាម ​របាយការណ៍​ខាងលើ​ បាន​ឲ្យ​ដឹង​ទៀត​ថា ​ការ​សម្រាលកូន​ ដោយ​ឆ្មប​ដែល​មានការ បណ្ដុះបណ្ដាល​បាន​កើន​ឡើងជា​បន្តបន្ទាប់ ​គឺ​នៅ​ឆ្នាំ​២០០០​ មាន​៣២​ភាគរយ ​ឆ្នាំ​២០០៥​ មាន​៤៤​ភាគរយ ​ឆ្នាំ​២០១០ ​មាន​៧១​ភាគរយ​ និង​ឆ្នាំ​២០១៤​ មាន​៨៩​ភាគរយ​ និង​ឆ្នាំ​២០១៥​ មាន​៨០,៣៥​ភាគរយ។

ឯកឧត្តម ​ម៉ម ​ប៊ុនហេង​ បាន​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ បាន​មានប្រសាសន៍ថា​ ការ​កើន​ឡើង​នៃ​ការ​សម្រាលកូន​ដោយ​ឆ្មប​ជំនាញ​នេះ​ គឺ​ដោយសារ​តែ​មាន​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​បាន​បង្កើន​ការ​ បណ្ដុះបណ្ដាល​ឆ្មប​បាន​ច្រើន​ហើយ​បា​ន​បញ្ជូន​ទៅកាន់​មណ្ឌល​សុខភាព​និង​ ប៉ុស្តិ៍​សុខភាព​នៅ​ទូទាំង​ប្រទេស​។

​ម្យ៉ាងវិញទៀត​រាជរដ្ឋាភិបាល​មាន​គោលនយោបាយ​លើកទឹកចិត្ត​ដល់​ឆ្មប ​ដែល​បាន​សំរាលកូន​រស់បាន​ម្នាក់​ នឹង​ទទួល​បាន​ថវិកា​៦​ម៉ឺន​រៀល​ សំរាប់​នៅ​ជន​បទនិង​៤​ម៉ឺន​រៀល​សំរាប់​នៅ​ទីក្រុង​៕