អារ៉ាប់​ប៊ី​សា​អូឌីត បង្ហាញ​ប្រព័ន្ធ​ថ្មី​នៃ​ការ​រើស​ពលករ​កម្ពុជា ខណៈ​មាន​តម្រូវការ​ច្រើន​

191

ភ្នំពេញ៖ ឯកឧត្តម ហ៊ូ វុ​ឌ្ឍី អនុ​រដ្ឋលេខាធិកា​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានប្រាប់​ឲ្យដឹង​​នា​ព្រឹក​ថ្ងៃទី​១០ មីនា ឆ្នាំ​២០១៦​នេះ​ថា ប្រព័ន្ធ​ថ្មី ​នៃ​ការ​ជ្រើសរើស​ពលករ​ក​ម្ពុ​ជា​នេះ​នឹង​បើក​សិទ្ធិ​ឲ្យ​ភាគី​ទាំងសងខាង​ពិភាក្សា​គ្នា​មុននឹង​ឈាន​ទៅដល់​ការសម្រេចចិត្ត​ទទួលយក​ការ​បណ្តុះបណ្តាល ដើម្បី​ចាកចេញ​ទៅ​បម្រើការ​ងារ​នៅ​ប្រទេស​អារ៉ាប់​។​

បើ​តាម​ឯកឧត្តម ហ៊ូ វុ​ឌ្ឍី បច្ចុប្បន្ន​ពលករ​ដែល​កំពុង​បម្រើ​ការងារ​នៅ​ប្រទេស អារ៉ាប់​ប៊ី សា​អូឌីត​នេះ មាន​មកពី​ជាង​១០​ប្រទេស​ផ្សេងគ្នា ដូចជា​មកពី​ប្រទេស​វៀតណាម ឥណ្ឌា បង់​ក្លា​ដេ​ស និង​ឥណ្ឌូនេស៊ី​ជាដើម​។

ដោយឡែក គោលបំណង ​នៃ​ការ​ជួប​ជុំគ្នា​នាពេល​នេះ គឺ​ទាមទារ​ឲ្យ​ទីភ្នាក់ងារ ឯកជន​នៅ​កម្ពុជា​យល់​ឲ្យ​បាន​ច្បាស់​ថា តើ​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​នៅ​អារ៉ាប់​ប៊ី សា​អូឌីត​មាន​ដំណើរការ​យ៉ាងដូច​ម្តេច​នោះ​។​

គួររម្លឹក​ថា ការ​ចុះ​កិច្ចព្រមព្រៀង ស្តីពី​ការជ្រើសរើស​ពលករ​កា​រងារ​តាម​ផ្ទះ​និង​ការងារ​ទូទៅ បានធ្វើ ឡើង​នៅ​ប្រទេស​អារ៉ាប់​ប៊ី សា​អូឌីត កាលពី​ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៦​កន្លងទៅ រវាង ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កម្ពុជា និង​ឯកឧត្តម Mofarrej S. Al-Hoquabani រដ្ឋមន្ត្រី ក្រសួង​ការងារ​អារ៉ាប់ ប៊ី​សា​អូឌីត ដែល​រំពឹង​ថា នឹង​ជួយ​ការពារ​សិទ្ធិ និង​ផលប្រយោជន៍​របស់​ពល​ករ​ខ្មែរ ដែល​ទៅ​ធ្វើ​ការ​នៅក្នុង​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត​៕