ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡានៅឆ្នាំនេះ នឹងដាក់បញ្ចូលវិញ្ញាសាតែងសេចក្តី និងសរសេរតាមអានទៅក្នុងកម្មវិធីប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬប្រលងឌីប្លូម។
ឯកឧត្ដម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានមានប្រសាសន៍ នៅក្នុងទិវាជាតិអំណានថ្ងៃទី១១ មីនា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញថាឆ្នាំនេះ ក្រសួងនឹងដាក់បញ្ចូលបន្ថែមវិញ្ញាសាសរសេរតាមអាន និងវិញ្ញាសាតតែងសេចក្តីទៅក្នុងកម្មវិធីប្រលងឌីប្លូម ដើម្បីឲ្យសិស្សមានទម្លាប់អានឲ្យបានច្រើននិងសរសេរពាក្យពេចន៍ឲ្យបានត្រឹមត្រូវ។
គួរបញ្ជាក់ថា ប្រលងឌីប្លូមកាលពីឆ្នាំ២០១៥ក្រសួរៀបចំ បានរៀបចំការប្រលងនៅថ្ងៃទី១០និងថ្ងៃទី១១សីហាដោយមានបេក្ខជនចូលរួមប្រលងប្រមាណ១៤ម៉ឺននាក់ ដោយចំណាយសំរាប់ដំណើរការប្រលងប្រមាណ៥ពាន់លានរៀលស្មើនឹងជាងមួយលានដុល្លាអាមេរិក។
ចំណែកការប្រលងមធ្យមសិក្សាបឋមភូមិកាលពីឆ្នាំ២០១៤ក្រសួង បានរៀបចំប្រលងរយៈពេល២ថ្ងៃគឺនៅថ្ងៃទី១៤និង១៥ខែកក្កដា ឆ្នាំ២០១៤ ដោយមានបេក្ខជនចូលរួមប្រលងចំនួនប្រមាណ១៤ម៉ឺននាក់ នៅតាមសាលាចំនួន១៥៧៦សាលា នៅទូទាំងប្រទេសហើយក្រសួងបានចំណាយថវិកាប្រមាណ៥ពាន់លានរៀលដូចគ្នា។
ក្រសួងអប់រំយុវជននិងកីឡា បានធ្វើការកែទំរង់ដោយឲ្យសាលានីមួយៗជាអ្នករៀបចំការប្រលងដោយខ្លួនឯង។ ការកែទំរង់នេះ បានធ្វើឲ្យកាចំណាយលើការប្រលងឌីប្លូមមានការថយចុះគួរឲ្យគត់សំគាល់។
ជាងនេះទៀត ការដែលឲ្យសាលានីមួយៗជាអ្នករៀបចំដោយខ្លួនឯងនេះ បានធ្វើឲ្យអាណាព្យាបាលក៏ដូចជាសិស្សានុសិស្សនិងសាធារណជនហាក់មិនមានការចាប់អារម្មណ៍នោះទេ ព្រោះគិតថាការប្រលងវាទៅជារឿងធម្មតាទៅហើយ ពោល គឺដូចជាប្រលងឆមាសឬប្រលងប្រចាំខែអញ្ចឹងដែរ៕