Hamilton និង Rosberg​ ចង់​ឲ្យ​រដូវ​កាល​ថ្មី​ប្រណាំង​រថយន្ត Formula 1 ឆ្នាំ​២០១៦ ឆាប់​មកដល់​

247

ប្រណាំង​រថ​យន្ត៖ ​ការ​ប្រកួត​ប្រណាំង​រថ​យន្ត Formula 1 រដូវ​កាល​ថ្មី​ឆ្នាំ2016 កាន់តែ​ឈាន​ជិត​មកដល់​ហើយ​ដោយ​បេក្ខភាព​ជើងឯក F1 ចំនួន ៤សម័យ Lewis Hamilton ជាមួយ​ក្រុម Mercedes ចង់​ឲ្យ​ការប្រកួត​ឆាប់​មកដល់។

​និយាយ​នៅក្នុង​ពិធី​បង្ហាញ​រថយន្ត​ឲ្យ​ក្រុម Mercedes នៅ Fellbach​ ក្បែរ​ទីក្រុង Stuttgart ប្រទេស​អាល្លឺម៉ង់​កីឡាករ​ប្រណាំង​រថយន្ត​មកពី​ចក្រភព​អង់គ្លេស​រូប​នេះ​បាន​និយាយ​ថា វា​ពិតជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្នុង​ការ​ត្រឡប់​មកកាន់ទីលាន​នា​រដូវ​កាល​ថ្មី២០១៦ ក្នុង​សប្ដាហ៍​នេះ។​ ​កីឡាករ​វ័យ ៣១ឆ្នាំ​រូប​នេះ​បន្ត​ទៀត​ថា ​អំឡុង​ការ​ប្រណាំង​សាកល្បង ២​ទីលាន​កន្លង​មក​នេះ គេ​ធ្វើ​បាន​ល្អ​ជាមួយនឹង​ភាព​ប្រុងប្រយ័ត្ន​ខ្ពស់​សហការ​នឹង​ក្រុម​ស្ថាបនិក​ ដើម្បី​ឈាន​ទៅ​ធ្វើការ​ការពារ​តំណែង​ជើងឯក​បន្ត​សម្រាប់​ឆ្នាំ២០១៦ នេះ​ទៀត។

​ចំណែកឯ​មិត្ត​រួម​ក្រុម​ប្រណាំង Mercesdes, NicoRosberg​ ដែល​បញ្ចប់​នៅ​តំណែង​ជើងឯក​រង​ឆ្នាំមុន​វិញ​បាន និយាយ​ផង​ដែរ​ថា វា​នៅ​តែ​មាន​ការ​លំបាក​ចាប់តាំងពី​ឆ្នាំមុន​ដើម្បី​ប្រជែង​ជើងឯក ខណៈ​ឆ្នាំ​ថ្មី​ក៏​នៅ​តែ​មាន​ការងារ​ធ្វើ​ច្រើន ទៀត​ព្រោះថា​វា​គឺជា​ការ​ប្រជែង​ជើង​ឯ​ក្នុង​ក្រុម​តែមួយ។​ ​គួរ​រំលឹក​បន្តិច​ថា​ក្រុម Mercedes បាន​យកឈ្នះ ៣២ទីលាន​ក្នុងចំណោម ៣៨ទីលាន​ចុងក្រោយ​រាប់​ចាប់តាំងពី​ឆ្នាំ២០១៣​។ ​ដោយឡែក​ការប្រកួត​ផ្លូវ​ការណ៍​រដូវ​កាល​ឆ្នាំ២០១៦ និង​ចាប់ផ្តើម​ទីលាន​ដំបូង​គេ​នៅ Australian Grand Prix ពីថ្ងៃ​ទី១៧ ដល់​ថ្ងៃទី២០ ខែ​មិនា​សប្ដាហ៍​នេះ​ហើយ៕

​ដោយ​៖ ទឹម សុវណ្ណារិទ្ធ