ការ​វាយ​ប្រហារ​តាម​អាកាស​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអ៊ូឌីត​​ក្នុង​​ប្រទេស​យេមែន​បណ្ដាល​ឲ្យ​​ជន​ស៊ីវិល ៤១នាក់​បាត់​បង់​ជីវិត​​

282

យេមែន៖ មន្ត្រីជាន់ខ្ពស់​មួយ​រូបនៃ​ក្រសួងសុខាភិបាល​ខេត្ត​និយាយ​ថា ​ការវាយប្រហារ​តាមអាកាសដឹកនាំ​ដោយ​​អារ៉ាប៊ីសាអ៊ូឌីត​សម្លាប់​ជន​ស៊ីវិល ​៤១​នាក់​​ និង​រង​របួស​ ៧៥​នាក់កាលពីថ្ងៃ​អង្គារម្សិលមិញ ក្នុងខេត្ត​ហា​ចាភាគ​ខាងជើងប្រទេសយេមែន។​ តំបន់នេះ​ត្រូវ​បានកាន់កាប់​យ៉ាង​ធំ ដោយកងជីវពលហូ​ទី​សម្ព័ន្ធមិត្តរបស់ប្រទេស​អ៊ីរ៉ង់។
W2
​​នាយ​ឧត្ដមសេនីយ៍ អា​ម៉េ​ត អាល់អា​សើ​រី ​មន្ត្រី​នាំពាក្យសម្រាប់កងកម្លាំង​ចម្រុះ​ដឹកនាំដោយ​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត​ ដែល​បានធ្វើ​អន្តរាគមន៍ក្នុង​សង្គ្រាមស៊ីវិល របស់ប្រទេសយេមែនបាន​និយាយ​ថា ពួក​លោកកំពុងស្វែងរក​របាយការណ៍នៃ​ការវាយប្រហារ​នេះ។ ​កងកម្លាំង​ចម្រុះ​នេះ​បាន​ចូលក្នុង​ជម្លោះនេះរយៈពេលមួយឆ្នាំ​ហើយ​ ដើម្បី​បញ្ឈប់កងកម្លាំងរបស់​ក្រុម​ហូ​ទី និងអ្នក​ស្ម័គ្រស្មោះផ្សេងទៀត ជាមួយអតីត​ប្រធានាធិបតីលោក អា​លី អាប់​ឌូ​ឡា​សា​ឡេ ពី​ការរឹបអូសប្រទេសទាំងមូល និង​បាន​វាយ​ដណ្ដើម ដើម្បីយកអំណាចប្រគល់​ជូន​លោក​ប្រធានា​ធិបតី អាប់រ៉ា​ប៊ូ ម៉ាន់​សួហា​ឌី ​វិញ។​ ​មន្ត្រី​មួយ​រូប​និយាយ​ថា ការ​វាយឆ្មក់តាម​អាកាស​ចំនួន​ ៣លើក​កាលពី​ថ្ងៃ​អង្គារ បានប៉ះទង្គិច​លើផ្សារ​មួយកន្លែងក្នុងស្រុកម៉ូ​ស្តា​បា។

​​ចំណែកសារព័ត៌មាន Saba Net ដែលជា​ទីភ្នាក់ងារសារព័ត៌មាន​របស់យេមែន ត្រូវ​បាន​គ្រប់គ្រង​ដោយក្រុម​ហូ​ទីបាន​រាយការណ៍​ថា មនុស្ស​ ៦៥នាក់បាន​ស្លាប់ និង​ ៥៥នាក់រង​របួស ក្នុង​ការ​វាយប្រហារលើផ្សារមួយ និង​ភោជ​នីយដ្ឋាន​មួយ​កន្លែងក្នុងស្រុកម៉ូ​ស្តា​បា។​ ពាក់ព័ន្ធ​បញ្ហា​ខាងលើកងកម្លាំង​សម្រុះ​ដឹកនាំ​ដោយ ​អារ៉ាប៊ីសាអ៊ូឌីតបាន​ច្រានចោល​យ៉ាង​ដាច់អហង្ការ​ថា​ ខ្លួន​មិនបានដាក់​គោលដៅ​លើ​ជន​ស៊ីវិល​ឡើយ៕
អត្ថបទ៖ សុខ​មាន