តំណែង​ខ្សែ​ប្រយុទ្ធ Christian Benteke នៅ​ក្នុង​ក្រុមជម្រើសជាតិ​ប៊ែ​ល​ហ្ស៊ិ​ក​ហាក់​មិន​ទាន់​ច្បាស់​សំរាប់ Euro 2016

301

បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​តំលៃ 32 លាន​ផោន​របស់ Liverpool, Christian Benteke ផ្ទេរ​ពី Aston Villa តំណែង​របស់​គេ នៅ​ក្រុម​ជម្រើសជាតិ​ប៊ែ​ល​ហ្ស៊ិ​ក​ហាក់​ស្ថិត​ក្នុង​ស្រមោល ក្រោយ​ចាប់ផ្តើម​រដូវ​កាល​ដំបូង​នៅ Liverpool មិន​ជោគជ័យ​។

​​ថ្មីៗ​នេះ​គ្រូបង្វឹក​ប៊ែ​ល​ហ្ស៊ិ​ក Marc Wilmot ទើបតែ​បាន​ប្រកាស​ជា​ការ​ពិត​ថា Benteke ពិតជា​មិនទាន់​ច្បាស់​មែន​ថា ​ត្រូវ​បូក​បញ្ចូល​ក្នុង​បញ្ជី​ឈ្មោះ​ចេញទៅ​បារាំង​។ ​Christian Benteke បាន​ផ្ទេរ​មកកាន់ Anfield ជាមួយ Liverpool កាលពី​ដើមរដូវ​កាល​កន្លងទៅតែ​ទើប​រក​បាន 8គ្រាប់​ប៉ុណ្ណោះ​ក្នុង​ចំណោម​ការ​បង្ហាញ​ខ្លួន 32 ប្រកួត ក៏ដូចជា​មិនសូវ​មានឱកាស 11 នាក់​ដំបូង​ក្រោម​ការដឹកនាំរបស់​គ្រូបង្វឹក​អាល្លឺម៉ង់ Jurgen Klopp​។ ជាក់ស្តែង​មួយ​រយៈ​ចុងក្រោយ​នេះ Danie Sturridge, Roberto Firmino និង មិត្ត​រួម​ជាតិ​ប៊ែ​ល​ហ្ស៊ិ​ក​ដែរ Divock Origi ជា​ខ្សែប្រយុទ្ធ​ជួរមុខ​។ ​យ៉ាងណាក៏ដោយប៊ែ​ល​ហ្ស៊ិ​ក​ដែល​ជា​ក្រុម Favorite មួយ​អាច​ឈ្នះ​ជើងឯក Euro 2016 នៅ​បារាំង​ដែរ​នោះគ្រូបង្វឹក Marc Wilmot សង្ឃឹមថា Jurgen Klopp នឹង​ផ្តល់​ឱកាស​អោយ​ខ្សែប្រយុទ្ធ​របស់​លោក​គ្រប់គ្រាន់ ដើម្បី​វិលមក​រក​ភាព​លេច​ធ្លោ​វិញ​ដូច​កាល​នៅ Aston Villa​។

​​សូម​បញ្ជាក់​ថា នៅ​ពេល​នេះ​លោក Marc Wilmot កំពុង​មាន​ស្រាប់​ខ្សែប្រយុទ្ធ​ជួរមុខ​ដែល​លោក​គ្រោង​កោះ​ហៅ​សំរាប់​បញ្ជី 23 នាក់​ចុងក្រោយ​គឺខ្សែប្រយុទ្ធ Everton, Romelu Lukaku ដែល​កំពុង​មាន​ទំរង់​លេង​ល្អ​នៅ Goodison Park រួម​ជាមួយ​ខ្សែប្រយុទ្ធ Marseille, Michy Batshuayi បូករួម​ជាមួយនឹង Divock Origi ផង​ដែរ​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ