សម្តេច​តេ​ជោ​លើក​ឡើង​ថា​ កម្ពុជា​និង​មីយ៉ាន់ម៉ា ​នៅ​តែមាន​កិច្ច​សហប្រតិបត្តិការ​យូរអង្វែង​បើ​ទោះបី​មានការ​ផ្លាស់ប្ដូរ​ប្រធានាធិបតី​ថ្មី​ក៏ដោយ​

239

ភ្នំពេញ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​ថា ​ប្រទេស​កម្ពុជា​និង​មី​យ៉ាន់​ម៉ា នៅ​តែមាន​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​នឹង​គ្នា​ដដែល​បើទោះបីជា ប្រទេស​នេះ​នឹងមាន​ការផ្លាស់ប្តូរ​ប្រធានាធិបតី​ថ្មី​នាពេល​ខាងមុខនេះ​ក៏ដោយ​នោះ​។​

យោងតាម​លិខិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​ផ្ញើ​ជូន​លោក ធិ​ន ច ត្រូវបាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​នៃ​សមភាព​មី​យ៉ាន់​ម៉ា​ថ្មី ដែល​បានចេញ​កាលពី​ថ្ងៃទី​១៥​កន្លងទៅនេះ​ថា​” តាំង​នាម​ឲ្យ​រាជរដ្ឋាភិបាល​និង​ប្រជាជន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​មាន​សេចក្តី​រីករាយ​ជាខ្លាំង​សូម​សម្តែង​នូវ​អំណរគុណ​សាទរ​យ៉ាង​កក់ក្តៅ​ជូន​ឯកឧត្តម​ ដែល​ត្រូវបាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា​។​

លិខិត​បានលើកឡើង​ទៀតថា ”​ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា​ទំនាក់ទំនង​មិត្ត​ភាពជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ​យូរអង្វែង​ដែលមាន ស្រាប់​រវាង​កម្ពុជា និង​មី​យ៉ាន់​ម៉ា​និង​ត្រូវបាន​ពង្រឹង​និង​ពង្រីក​ឲ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត ដើម្បី​ប្រយោជន៍​ទៅវិញទៅមក របស់​ប្រជាជន​និង​ប្រជាជាតិ​យើង​ទាំងពីរ ក៏ដូចជា​សម្រាប់​សហគម​ន៍​អាស៊ាន មួយ​ដ៏​រឹងមាំ និង​កាន់តែ​សមស្រប​តាម​សភាពការណ៍​បច្ចុប្បន្ន​”៕