មនុស្ស​១៣​នាក់​ រង​របួស​ធ្ងន់​-ស្រាល​ ​គ្រោះថ្នាក់​ចរាចរណ៍​រ​ថយន្ត​២​គ្រឿង​បុក​ គ្នា ​​នៅ​ស្រុក​មោងឫស្សី

483

បាត់ដំបង​ ៖​ មនុស្ស​១៣​នាក់​ បាន​រង​របួស​ធ្ងន់-​ស្រាល ​នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ ​រវាង​រថយន្ត​សាំ​យ៉ុង​ ដឹក​អ្នកដំណើរ ​បើក​ក្នុង​ល្បឿន​លឿន​ ជ្រុល​ទៅ​ បុក​រថយន្ត​ហ៊ីយ៉ាន់ដាយ ​ដែល​ធ្វើដំណើរ​បញ្ច្រាស ទិស​គ្នា​។

ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅវេលា​ម៉ោង​២​និង​២០​នាទី​រសៀល​ថ្ងៃទី​២៥ ​ខែមីនា​ ឆ្នាំ​២០១៦ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ក្រុមទី​១​ ភូមិ​ចក ឃុំ​កកោះ ស្រុក​មោង​ឫស្សី ខេត្ត​បាត់ដំបង​។

សាក្សី​នៅ​កន្លែង​កើតហេតុ​ បាន​ឲ្យ​ដឹងថា ​នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ម៉ាក​សាំ​យ៉ុង ​ធុន​ទេសចរណ៍​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AD-5073 បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ភ្នំពេញ​ទៅ​បាត់ដំបង​ក្នុង​ល្បឿន​លឿន ​ដោយ ផ្ទុក​អ្នកដំណើរ​ជាច្រើន​នាក់​។ ​លុះ​មកដល់​ចំណុច​កើតហេតុ ​មិន​ដឹង​ជា​យ៉ាង​ម៉េច ក៏បាន​រេ​មក​ខាងឆ្វេង ​ដោយ​បំពាក់​ទៅលើ​គំនូស​ខាងស្ដាំ​ រួច​បាន​បុក​ទៅលើ​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ហ៊ីយ៉ាន់ដាយ ​ពាក់​ស្លាក​លេខ​ភ្នំពេញ ​3C-5472 ដែល​ធ្វើដំណើរ​បញ្ច្រាស ទិស​គ្នា បណ្ដាល​ឲ្យ​រថយន្ត​សាំ​យ៉ុង​ រួញ​ពាក់កណ្ដាល ​និង​បណ្ដាល​ឲ្យ​មនុស្ស​រង​របួស​ធ្ងន់​ស្រាល​១៣​នាក់ ​ស្រី​៣​នាក់ ក្នុងនោះ ​មាន​អ្នក​កៀប​ក្នុង​រថយន្ត​ផង​ដែរ​។

សាក្សី​ បាន​បន្តថា ​អ្នករងរបួស​១៣​នាក់ ​ក្នុងនោះ​ធ្ងន់​៤​នាក់ ​ជា​អ្នកដំណើរ​ក្នុង​រថយន្ត​សាំ​យ៉ុង​ទាំងអស់​ ហើយ​រហូតមកដល់​ម៉ោង​២​និង​២០​នាទី​រសៀល​ថ្ងៃ​ដដែល​នេះ ​រថយន្ត​ទាំងពីរ​គ្រឿង​កំពុង​ស្ថិត​នៅលើ​ផ្លូវជាតិ​នោះ​ដដែល ​ដោយសារ​សភា​ព​បុករួញ​ចូលគ្នា​មាន​លក្ខណៈ​ខ្លាំងពេក​។ ​ចំណែក​អ្នកបើកបរ​រថយន្ត​ទាំង​២​ បាន​រត់​គេច​ខ្លួនបាត់ ​ស្រមោល ​បន្សល់ទុក​នូវ​អ្នករបួស​រដូករណែល​ពេញ​ផ្លូវ​រង់ចាំ​រថយន្ត​ដឹក​បញ្ជូន​យកទៅ​សង្គ្រោះ​៕

btvnews(25-03-2016(5))