ក្រសួង​ធនធាន​ទឹកនឹង​រៀបចំ​ជា​សហគមន៍​ដើម្បី​គ្រប់គ្រង​ព្រែក​នីមួយៗ​ក្នុង​ប្រទេស​ឡើងវិញ​

283

កណ្ដាល៖ ដោយសារតែ​ព្រែ​ក​ បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ពិសេស​គឺ​ទឹក​សម្រាប់​បម្រើ​ដល់​ការប្រើប្រាស់​ប្រចាំថ្ងៃ​និង​ការងារ​ដាំ​ដុះ​ផង​នោះ​ក្រសួង​ធនធាន​ទឹកនឹង​រៀបចំ​ជា​សហគមន៍​ដើម្បី​គ្រប់គ្រង​ព្រែក​នីមួយៗ​ឡើងវិញ​។​

ក្រសួង​ធនធានទឹក​មាន​គម្រោង​នឹង​រៀបចំ​ជា​សហគមន៍​ដើម្បី​គ្រប់គ្រង​ព្រែក​នីមួយៗ​ឡើងវិញ​ក្រោយ​ពេល​ដែល​ក្រុម​ជំនាញ​ បាន​ធ្វើ​ការ​ស្តា​រួច​ហើយ​នោះ ​ដែល​ការរៀបចំ​នេះ​ គឺ​ដោយសារ​ព្រែក​តាំងតែ​ពី​បុរាណកាល​មក ​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុងការ​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ព្រោះ​ព្រែក​នាំមក​នូវ​ដីល្បាប់​មច្ឆា​ជាតិ​គ្រប់​ប្រភេទ​ពិសេស​គឺ​ទឹក​សម្រាប់​បម្រើ​ដល់​ការប្រើប្រាស់​ប្រចាំថ្ងៃ​និង​ការងារ​ដាំ​ដុះ​។​

នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​ឯកឧត្តម​លឹម​ គានហោ ​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម ខណៈ​អញ្ជើញ​ចុះ​ពិនិត្យ​ការដ្ឋាន​ស្តា​ព្រែក​នៅក្នុង​ស្រុក​ស្អាង​និង​ស្រុក​កោះធំ​ខេត្តកណ្តាល​កាលពី​ព្រឹក​ថ្ងៃទី​២៥​ខែមីនា​នេះ​។​

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​ ក្នុង​ក្របខ័ណ្ឌ​ទូ​ទាំងប្រទេស​កម្ពុ​ជា​មាន​ព្រែក​តូចធំ​ជាង​១​ពាន់​៣៥០​ព្រែក​។​ដោយឡែក​តែ​ក្នុង​ខេត្តកណ្តាល​នេះ​មាន​ព្រែក​ចំនួន​៣៥៤​ព្រែក ​ប៉ុន្តែ​ ដោយសារ​ពេលវេលា​កត្តា​ធម្មជាតិ​និង​កត្តា​មនុស្ស​ បាន​ធ្វើ​ឲ្យ​ព្រែក​មួយ​ចំនួន​ធំ​ត្រូវបាន​គោក​រាក់​និង​ខ្លះទៀត​បាន​បាត់​រូបរាង​ទាំងស្រុង​តែម្តង​។​

ឯកឧត្តម​បន្ត​ថា ​នៅ​ខេត្តកណ្តាល​ក្រសួង​ បាន​ធ្វើ​ការសិក្សា​វាយតម្លៃ​បឋម​លើ​ព្រែក​ចំនួន​៣០៣​ព្រែក​និង​បានកំណត់​យក​ព្រែក​ចំនួន​៧៧ ​ដែល​មាន​សក្ដានុពល​ខ្ពស់​ជាងគេ​ជា​អាទិភាព​សម្រាប់​ការ​ស្តារ​ឡើងវិញ​ដោយ​បែង​ចែក​ជា​ពីរ​ដំណាក់កាល​។​

ដំណាក់កាល​ទី​១​ដែល​កំពុង​អនុវត្ត​ក្រោម​ហិរញ្ញប្បទាន​ពី​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍន៍​(AFD)​ពេលនេះ​មាន​ចំនួន​៣០​ព្រែក​និង​ត្រូវអនុវត្ត​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​។

​ពាក់ព័ន្ធ​នឹង​លក្ខណៈ​បច្ចេកទេស ឯកឧត្តម លឹម គានហោ បាន​ឲ្យ​ដឹងថា​ជា​ធម្មជាតិ​ព្រែក​មាន​តួនាទី​នាំ​ទឹក​ពី​ស្ទឹង​ទន្លេ​ទៅកាន់​បឹង​ឬ​តំបន់​ទំនាប​នៅ​រដូវ​ទឹក​ឡើង​ហើយ​នៅ​រដូវ​សម្រក​ព្រែក​នឹង​នាំ​ទឹក​ពី​បឹង​តំបន់​ទំនាប​មកកាន់​ស្ទឹង​ទន្លេ​វិញ​។​

ប៉ុន្តែ​ នៅ​ក្នុង​ការ​ស្តា​ឡើងវិញ​នា​ពេលនេះ ​បាន​ធ្វើការ​កែប្រែ​ខ្លះ​នូវ​ចរន្តទឹក​ធម្មជាតិ​នេះ ​ដោយ​សាងសង់​សំណង់​ទ្វារ​ទឹក​នៅ​នឹង​មាត់​ព្រែក​និង​សាងសង់​សំណង់​សិល្បការ​មួយចំនួន​នៅ​លើ​តួ​ព្រែក​ដើម្បី​ស្ទាក់​ទឹក​ទុក​មិន​ឲ្យ​ហូរ​ចេញ​មក​វិញ​ដូច​ពីមុន​ទេ​។​

ចំពោះ​ការគ្រប់គ្រង​ត្រូវ​បាន​ឯកឧត្តម លឹម គានហោ បញ្ជាក់ថា​ពី​បុរាណ​មក​ព្រែក​នីមួយៗ​សុទ្ធ​តែ​មាន​មេ​ព្រែក​ដែល​មេ​ព្រែក​ទាំងនោះ​ជា​អ្នកគ្រប់គ្រង​ចាត់ចែង​លើ​ការប្រើប្រាស់​ព្រែក​ដូចនេះ​ហើយ​បានជា​បានឮ​ឈ្មោះ​មេ​ព្រែក​ទាំងនោះ​រហូតដល់​បច្ចុប្បន្ន​ដូចជា​ព្រែ​កតា​អ៊ុក​ ព្រែ​កតា​ឡៃ ​ព្រែក​កុង​វ៉ាន់​ព្រែក​យាយ​ហៃ​។​ល​។​

ប៉ុន្តែ​សម្រាប់​ស្ថានភាព​បច្ចុប្បន្ន​ក្រោយ​ពេល​ដែល​ស្តា​រួច​ក្រសួង​នឹង​រៀបចំ​ជា​សហគមន៍​ដើម្បី​គ្រប់គ្រង​ព្រែក​នីមួយៗ​។​

ដូច្នេះ​ដើម្បី​ឲ្យ​ការងារ​អាច​សម្រេច​បាន​ជោគជ័យ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ផ្តល់​អនុសាសន៍​ដល់​ក្រុមហ៊ុន​ដែល​កំពុង​សាងសង់​យកចិត្តទុកដាក់​អនុវត្ត​ការងារ​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​ទៅតាម​ស្តង់ដារ​និង​បទដ្ឋាន​បច្ចេកទេស ​ដើម្បី​ធានា​បាន​នូវ​គុណភាព​និង​ការប្រើប្រាស់​បាន​យូរ​អង្វែង​៕