រដ្ឋមន្ត្រី​សង្គមកិច្ច​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ស្រុក​ពញាក្រែក​ជួយ​ថែរក្សា​សមិទ្ធផល​នានា​នៅក្នុង​មូលដ្ឋាន​

240

ត្បូងឃ្មុំ៖ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច​អតីត​យុទ្ធជន និង​យុវនីតិសម្បទា​កាលពី​ថ្ងៃទី ២៧ ខែ​មិនា​ម្សិលមិញ បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ស្រុក​ពញាក្រែក​ខេត្ត​ត្បូងឃ្មុំ​ជួយ​ថែរក្សា​សមិទ្ធផល​នានា​ដែល​កើតឡើង​តាម​មូលដ្ឋាន ។​

ឯកឧត្តម វង សូត​ បាន​ស្នើ​បែបនេះ​ ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ​វត្ត​ឧ​ត្ត​ម​មុនី​សុវណ្ណ​ព្រឹក្សា​ហៅ​វត្ត​ត្រពាំង​រំ​សែង ស្ថិត​នៅ​ក្នុង​ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក។​

ឯកឧត្តម​មានប្រសាសន៍​ថា ក្រោយ​ថ្ងៃ​រំដោះ ០៧ មករា ១៩៧៩ ក្រោម​ការដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ប្រទេសជាតិ​ ត្រូវបាន​កសាង​ឡើង​ពី​បាត​ដៃទទេ​រហូត​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ មាន​ផ្លូវ មាន​ស្ពាន សាលារៀន វត្ត​អា​រ៉ា​ម​នានា ដែល​បាន​ផ្តល់​ផលប្រយោជន៍​យ៉ាង​សំខាន់​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ជាពិសេស​បណ្តាញ​គមនាគមន៍​ ដែល​ជា​ឱកាស​កាត់បន្ថយ​ពេល​វេលារ​យ៉ាង​ប្រសើរ ក្នុង​ការ​ដឹកជញ្ជូន​កសិផល និង​ការ​ធ្វើដំណើរ​ទៅកាន់​ទីកន្លែង​ផ្សេងៗ​ជាដើម ។​

ឯកឧត្តម​បន្ត​ថា ចំពោះ​សមិទ្ធផល​ក្នុង​វិស័យ​ព្រះពុទ្ធសាសនា ក៏​ត្រូវ​បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង ដោយ​បាន​កសាង​វត្ត​អារាម​ជាច្រើន​ពាសពេញ​ផ្ទៃ​ប្រទេស មិន​ថា​ទីប្រជុំជន ឬ​ជនបទ​ដាច់ស្រយាល​ឡើយ ព្រោះ​ទី​អារាម​គឺជា​កន្លែង​ទី​សក្ការៈ​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ ជាពិសេស​សម្រាប់​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូល​ផ្ទាល់​តែម្តង និង ជា​ការ​រួមចំណែក​ការពារ​សមិទ្ធផល និង​ទំនៀម​ទម្លាប់​ប្រពៃណី​តាមរយៈ​ការ​គោរពវិន័យ​ធម៌​អារ​ជាដើម​។​

ឯកឧត្តម​ បាន​លើកឡើង​ថា ជាក់ស្តែង​ព្រះវិហារ​ថ្មី​ ដែល​មាន​ទំហំ ១២​ម៉ែត្រ​គុណ​នឹង ២២​ម៉ែត្រ បាន សាងសង់ ដោយ​ត្រូវ​ចំណាយ​ថវិកា​អស់​ជាង​៤០០ លាន​រៀល សុទ្ធ​សឹង​ជា​ថវិកា​កើតឡើង​ដោយ​កម្លាំង​សាមគ្គី របស់​សប្បុរសជន​និង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ទាំងអស់​តាមរយៈ​ការ​ធ្វើ​បុណ្យផ្កា​សាមគ្គី​ផ្សេងៗ ។

ជាពិសេស​ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ថវិកា​ផ្ទាល់​ពីស​ម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​លោកជំទាវ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត​ជាដើម ដែល​បាន​លះបង់​នូវ​កម្លាំងកាយ​ចិត្ត និង​បច្ច័យ​ដោយ​សទ្ធា​ជ្រះថ្លា ដើម្បី​ចូលរួម​ចាប់មគ្គផល​កសាង​សមិទ្ធផល​នានា​នៅក្នុង​វត្ត​នេះ ដែល​ជា​តំបន់​ដាច់ស្រយាល​ឲ្យ​មានការ​រីកចម្រើន​ដូច​ទីវ​ត្ត​អារាម​នានា៕