ក្រសួងការបរទេស​ប្រគល់​បដិមា​ព្រះ​សិរ្ស​ព្រះព្រហ្ម​ដល់​ក្រសួង​វប្បធម៌​ដើម្បី​តម្កល់​នៅ​សារមន្ទីរ​ជាតិ​

417

ភ្នំពេញ ៖ ក្រសួងការបរទេស​ប្រគល់​បដិមា​ព្រះ​សិរ្ស​ព្រះព្រហ្ម​ដល់​ក្រសួង​វប្បធម៌​ដើម្បី​តម្កល់​នៅ​សារមន្ទីរ​ជាតិ​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ​ខែ​មីនា ឆ្នាំ​២០១៦​។​

ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ​រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ប្រគល់​ជូន​លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ ​នូវ​ព្រះ​សិរ្ស​ចំនួន​ពីរ ដើម្បី​រក្សា​ទុក​នៅ​សារមន្ទីរ​ជាតិ​កម្ពុជា ​ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ វេលា​ម៉ោង ០៩និង០០​នាទី​ព្រឹក នៅ​សារមន្ទីរ​ជាតិ​កម្ពុជា ​ដោយមាន​វត្តមាន​ចូលរួម​របស់​ថ្នាក់ដឹកនាំ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ អន្តរជាតិ ហើយ​និង​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ ព្រមទាំង​ភ្ញៀវកិត្តិយស​ជាតិ និង​អន្តរជាតិ ជា​ច្រើន​រូប ផ្សេងទៀត​។​

តាម​គំនិត​ផ្ដួចផ្ដើម​របស់​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រូប​ព្រះ​សិរ្ស​នេះ​ត្រូវ​បាន​បញ្ជូន​ពី​និវេសនដ្ឋាន​នៃ​ស្ថាន​ឯកអគ្គរាជទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​បារាំង ​មកដល់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ រួច​បន្ត​ដឹកជញ្ជូន​មកដល់​សារមន្ទីរ​ជាតិ​កម្ពុជា នៅ​ថ្ងៃ​ទី ១៦ ខែ​មីនា ឆ្នាំ​២០១៦ ដោយ​សុវត្ថិភាព​។​

រូប​ព្រះ​សិរ្ស​ទាំងពីរ​នេះ ធ្វើ​ពី​ថ្ម​ភក់ នៅ​សតវត្ស​ទី​១០ ស្ថិត​ក្នុង​រចនាបថ​កោះ​កេរ្តិ៍ ដែល​មាន​កម្ពស់ ប្រហាក់​ប្រហែល​គ្នា ​និង​ទំហំ​ទទឹង ខុសគ្នា គឺ​ព្រះ​សិរ្ស​ទី​១ មាន​ទំហំ ៤៧×៧៥×១១២ សង់ទីម៉ែត្រ និង​ព្រះ​សិរ្ស​ទី​២ មាន​ទំហំ ៥២×៤៧×១១០​សង់ទីម៉ែត្រ​។ ព្រះ​សិរ្ស​ទាំងពីរ​នេះ​ត្រូវ​បាន​ជនខិលខូច​លួច ចេញពី​ប្រាសាទ​ណាមួយ​នៃ​ក្រុម​ប្រាសាទ​កោះកេរ្តិ៍ ក្នុង​អំឡុង​ពេល​ដែល​ក​ម្ពុ​ជា​កើតមាន​សង្គ្រាមស៊ីវិល​នា​ទសវត្ស​ឆ្នាំ​១៩៧០​។​

លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​បាន​សម្ដែង​នូវ​ការ​គោរព​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដែល​បាន​ខិតខំ​ទាមទារ​យក​មក​វិញ​នូវ​វត្ថុ​បុរាណ​ខ្មែរ​ទាំងពីរ​នេះ និង​បាន​ប្រគល់​ជូន​មក​សារមន្ទីរ​ជាតិ​កម្ពុជា ដែល​ផ្ដល់​ឱកាស​សម្រាប់​ការ​ជួប​ជុំ​គ្នា​វិញ​នៃ​រូប​បដិមា​ផ្សេងៗ មកពី​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​កោះ​កេរ្តិ៍​។ លោកជំទាវ​ក៏បាន​បន្ថែម​ទៀត​ថា « ការ​ប្រគល់​វត្ថុ​បុរាណ​នេះ គឺ​បង្ហាញ​នូវ​ការ​ស្រឡាញ់ និង​ការចូលរួម​ថែរក្សា​ចំពោះ​តម្លៃ​បេតិកភណ្ឌ​វប្បធម៌​ជាតិ​។ ការ​ប្រគល់​នេះ ក៏​ឆ្លុះបញ្ចាំង​ពី​អំពើ​ចោរកម្ម​យ៉ាង​ធ្ងន់ធ្ងរ​មក​លើ​វត្ថុ​បុរាណ​ខ្មែរ ​ដែល​បាន​កើតឡើង​នៅ​ប្រទេស​យើង​កាលពី​សម័យ​អតីតកាល ព្រមទាំង​បង្ហាញ​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​រប​ស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ ​ទាមទារ​ត្រឡប់មកវិញ​នូវ​រូប​បដិមា​ដែល​ជា​ផ្នែក​មួយ​នៃ​ដួង​ព្រលឹង​ជាតិ ដែល​ត្រូវ​បាន​យក​ចេញពី​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់ »​។​

មាន​មតិ​សំណេះសំណាល​ក្នុង​ឱកាស​នោះ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ​បាន​គូស​បញ្ជាក់​ថា​ ក្នុង​ពេល​ឯកឧត្ដម​ធ្វើជា​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​បារាំង មាន​មិត្ត​ភក្តិ​របស់​ឯកឧត្ដម​បាន​ជម្រាប​ឯកឧត្ដម​ថា បាន​ប្រទះឃើញ​ព្រះ​សិរ្ស​ចំនួន​ពីរ​ដាក់​តាំង​លក់​ក្នុង​តម្លៃ​១​លាន​ដុល្លារ​អាមេរិក ​នៅ​ទីកន្លែង​មួយ​នៃ​ក្រុង​ប៉ារីស​។ ឯកឧត្ដម បាន​ធ្វើ​ការ​ស្រាវជ្រាវ ហើយ​បាន​ដឹង​ថា ព្រះ​សិរ្ស​ទាំងពីរ​នោះ គឺជា​វត្ថុ​បុរាណ​ខ្មែរ​ពិត​ ហើយ​ឯកឧត្ដម​បាន​ប្ដឹង​ទៅ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​វត្ថុ​បុរាណ​របស់​បារាំង​។ នគរបាល​បារាំង​ប្រឆាំង​ការ​ជួញ​ដូរ​វត្ថុ​បុរាណ បាន​ធ្វើ​ការ​ស៊ើបអង្កេត​អំពី​ការ​លក់​ព្រះ​សិរ្ស​នោះ ហើយ​បានសម្រេច​បញ្ជូន​ឯកសារ និង​វត្ថុ​បុរាណ​ទាំងពីរ​នោះ ទៅកាន់​តុលាការ​បារាំង​ដើម្បី​ធ្វើការ​វិនិច្ឆ័យ​។​

ជា​ភ័ព្វ​សំណាងល្អ តុលាការ​បារាំង​ដែល​ទទួល​ក្ដី​នេះ គឺ​លោកស្រី Pelligrini ដែលជា​អតីតមន្ត្រី ក្រសួងការបរទេស​បារាំង ហើយ​ជា​សមាជិក​មួយ​រូប​រប​ស់​គណៈប្រតិភូ​បារាំង ពេល​បារាំង​ធ្វើជា​សហប្រធាន​ក្នុង​កិច្ច​ចរចារ​ស្វែងរក​ដំណោះស្រាយ​សន្តិភាព​ចំពោះ​បញ្ហា​កម្ពុជា ពី​ឆ្នាំ​១៩៨៧១៩៩៣​។ ដោយពេល​នោះ ឯកឧត្ដម​ក៏​ជា​សមាជិក​មួយ​រូប​រប​ស់​គណៈប្រតិភូ « រដ្ឋ​កម្ពុជា » ក្នុង​ដំណើរការ​ចរចារ​នេះ​។ ឯកឧត្ដម​ក៏បាន​ស្គាល់​លោកស្រី Pelligrini យ៉ាង​ច្បាស់ ហើយ​ជា​មិត្ត​ភក្តិ​នឹង​គ្នា​។ ឯកឧត្ដម​បាន​ជួប​ស្នើ សុំ​ឲ្យ​លោកស្រី​ជួយ​ក្នុង​រឿង​ក្តី​នេះ ហើយ​លោកស្រី​ក៏បាន​កាត់​ឲ្យ​ប្រគល់​វត្ថុ​បុរាណ​ទាំងពីរ​នោះ​មក​កម្ពុជា​វិញ​ក្នុង​ឆ្នាំ​១៩៩៤​។ ឯកឧត្ដម​ក៏បាន​ទទួលយក​បដិមា​ទាំងពីរ​នោះ​មក​រក្សាទុក​នៅ​និវេសនដ្ឋាន​ឯកអគ្គរាជទូត នៅ​ទីក្រុង​ប៉ារីស រហូត​មក​ដល់ពេល​ប​ញ្ជូ​ន​ត្រឡប់​មក​កម្ពុជា​វិញ​។​

នគរបាល​ប្រឆាំង​ការ​ជួញដូរ​វត្ថុ​បុរាណ​របស់​បារាំង បាន​ធ្វើ​ការ​ស៊ើបអង្កេត​អំពី​ការ​លក់​ព្រះ​សិរ្ស​នេះ​នៅ​ប្រទេស​ថៃ​ឡង់​ដ៍ តាម​ឈ្មោះ និង​អាស័យ​ដ្ឋាន​ ដែល​អ្នកទិញ​ជនជាតិ​បារាំង​បាន​ផ្ដល់​ឲ្យ​។ ក្រោយ​ការស៊ើបអង្កេត នគរបាល​បារាំង​បាន​រាយការណ៍​មក​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ​ថា នគរបាល​ថៃ​និង​អ្នកលក់​ជនជាតិ​ថៃ មិន​សហការ​ក្នុង​ការ​ស៊ើបអង្កេត​នេះ​ឡើយ ដោយ​ឆ្លើយ​យ៉ាង​ខ្លី​ថា​ទិញ​បន្ត​ពី​គេ​។​

តាម​អ្នក​ជំនាញ​សារមន្ទីរ​ជាតិ​កម្ពុជា បាន​ឲ្យ​ដឹង​ថា « ក្រោយពី​បាន​សិក្សា និង​ពិនិត្យ​លើ​ព្រះ​សិរ្ស​ទាំងពីរ​នេះ បង្ហាញ​ថា​មាន​ប្រភព​មកពី​បដិមា​ដើម​តែមួយ​អង្គ ពោល​គឺ​ព្រះ​បដិមា​ព្រះព្រហ្ម​ដ៏​ធំ​មួយ ដែល​ប្រហែល​យកចេញ​មកពី​ប្រាសាទ​ណាមួយ​នៃ​ក្រុម​ប្រាសាទ​កោះកេរ្តិ៍ ដែល​បាន​កសាង​នៅ​ក្នុង​សតវត្ស​ទី​១០ ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៤ (៩២១៩៤១ គ​.​ស​.) ដែល​បាន​បន្សល់ទុក​នូវ​ស្នា​ព្រះហស្ត​ផ្នែក​សំណង់​ប្រាសាទ​ដ៏​ស្កឹមស្កៃ​និង​បដិមា​ធំ​ៗ​ផ្នែក​ព្រហ្មញ្ញសាសនា​។ ហើយ​តាមរយៈ​ការ​ផ្គុំ​សាកល្បង​នូវ​ព្រះ​សិរ្ស​ទាំងពីរ​នេះ ឃើញ​ថា​មាន​ទំហំ​ធំ ក៏​កើតមាន​សំណួរ​ថា​តើ​មាន​ប្រាសាទ​ណាមួយ​សម្រាប់​តម្កល់​ទេព​នេះ​? ដូច្នេះ នេះ​គឺជា​កិច្ចការ​បន្ទាប់​ដែល​ក្រុមការងារ​ជំនាញ​របស់​សារមន្ទីរ​ត្រូវ​ធ្វើ »​។​

ដោយ​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ជា​អ្នកមាន​ទឹកចិត្ត​ស្រឡាញ់ យ៉ាង​ជ្រាលជ្រៅ​ចំពោះ​វត្ថុ​បុរាណ​ខ្មែរ នៅ​ក្នុង​ពេលនោះ ឯកឧត្ដម​ក៏បាន​ធ្វើ​ការ​តវ៉ា​ជាមួយ​រដ្ឋាភិបាល​ប្រទេស​ហូ​ឡង់ ទាមទារ​បាន​វត្ថុ​បុរាណ​ចំនួន​ពីរ​ផ្សេងទៀត ដែល​ជា ចម្លាក់​ទេពអប្សរ​នៅ​តាម​ជញ្ជាំង​ប្រាសាទ ក្នុង​រចនាបថ​បា​យ័ន្ត នា​ចុង​សតវត្ស​ទី​១២​និង​ដើមទី​១៣ នៃ​គ​.​ស​. ដែល​បច្ចុប្បន្ន​ត្រូវ​បាន​រក្សាទុក​នៅ​និវេសនដ្ឋាន​របស់​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​បារាំង​៕​

7777