ស្នងការដ្ឋាន​ខេត្តសៀមរាប ​សន្និបាត​បូកសរុប​លទ្ធផល​កិច្ច​ប្រតិបត្តិ​ការ​រក្សាសន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម​ប្រចាំឆ្នាំ

365

សៀមរាប​៖  ​នាព្រឹក​ថ្ងៃទី​០៤​ខែមេសា ​ឆ្នាំ​២០១៦​នៅ​សាលប្រជុំ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ បានរៀបចំ​ពិធី​សន្និបាត​បូកសរុប​លទ្ធផល​កិច្ច​ប្រតិបត្តិ​ការ​រក្សាសន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម​ប្រចាំឆ្នាំ​២០១៥ និង​ទិ​សដៅ​អនុវត្តន៍​ឆ្នាំ​២០១៦​។

ពិធី​នេះ​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ ឆៃ ​ស៊ីណា​រិ​ទ្ធ ​អគ្គ​ស្នងការរង​នគរបាល​ជាតិ​ទទួល​ការងារ​សន្តិសុខ​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់លោក ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ លោក គឹម​ ឆៃ​ហ៊ាង​ អភិបាលរង​ខេត្ត​ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ របស់​លោក ​ឃឹម ប៊ុន​សុង​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​ និង​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​មន្ត្រីរាជការ​កង​កម្លាំង​ប្រដាប់​អាវុធ​ជាច្រើន​ចូលរួម​ផងដែរ​។

លោក​វរសេនីយ៍ឯក ឈួន រួន នាយរង​សេនាធិការ​ ឡើង​អាន របាយការណ៍​លំអិត ស្តីពី​កិច្ច​ប្រតិ​បត្តិ​ការ​របស់​កងកម្លាំង​នគរបាល​ខេត្ត ក្នុង​រយ​ការ​កន្លងមក ​និង​ផែនការ​ទិស​ដៅ​ឆ្នាំ​២០១៦ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។ ក្នុង​អង្គពិធី​នោះដែរ ​លោក​វរសេនីយ៍ត្រី ​ទេព ពុំសែន អធិការ​នគរបាល​ស្រុក​ពួក បាន​ឡើង​ធ្វើ​បទ​អន្តរាគមន៍​ស្តីពី​ផែនការ​សកម្មភាព​រប​ស់​កងកម្លាំង​នគរបាល​ស្រុក​ក្នុង​នោះ​លោក​អធិការ​បាន​លើកឡើង​អំពី​បញ្ហា​ប្រឈម​មួយ​ចំនួន​និង​សំណូមពរ​ដល់​គណៈអធិបតី​សូម​ឲ្យ​ជួយ​លើកទឹកចិត្ត​ដល់​កងកម្លាំង​ដែល​មាន​ស្នង​ដៃ​ល្អ​ផងដែរ​។​

បន្ទាប់មកទៀត ​លោក គឹម ឆៃ​ហ៊ាង ​អភិបាលរង​ខេត្ត និង​លោក ​នាយ​ឧ​ត្ត​ម​សេនីយ៍ ឆៃ ​ស៊ីណា​រិ​ទ្ធ អគ្គ​ស្នងការរង​បាន​អញ្ជើញ​​មានមតិ​សំណេះសំណាល​និង​ធ្វើការ​ផ្ដាំផ្ញើរ​ដល់​កងកម្លាំង​នគរបាល​ទាំងអស់​ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់​ក្នុង​ការ​រក្សាសន្តិសុខ​ សុវត្ថិភាព សណ្ដាប់ធ្នាប់​សង្គម ជូន​ប្រជាពលរដ្ឋ ​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​គណៈប្រតិភូ​និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ឲ្យ​បាន​ល្អ​ប្រសើរ​ថែមទៀត​និង​ធ្វើការ​ទប់ស្កាត់​រាល​បទ​ល្មើស​ផ្សេងៗ​ក៏ដូចជា​ការផ្ដល់​សេវា​សាធារណៈ​ជូន​ប្រជា​ពលរដ្ឋនៅក្នុង​មូលដ្ឋាន​អោយបាន​ទាន់ពេលវេលា​។

ក្នុងនោះដែរ​គណៈអធិបតី​បាន​ទទួលយក​សំណូមពរ​របស់​លោក​អធិការ​នគរបាល​ស្រុក​ទាំងអស់​ទៅ​ជូន​ថ្នាក់ដឹកនាំ​ដើម្បី​ឲ្យ​ថ្នាក់ដឹកនាំ​ធ្វើការ​ដោះស្រាយ​ទៅតាម​លទ្ធភាព​ដ៏​អាច​ធ្វើ​បាន​មិនតែប៉ុណ្ណោះ​។ គណៈអធិបតី​បាន​ធ្វើការ​កោតសរសើរ​ចំពោះ​កងកម្លាំង​នគរបាល​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុងការ​អនុវត្តន៍​ភារៈ​កិច្ច​ស្នូល​របស់ខ្លួន​ក្នុង​រយៈកាល​កន្លងមក​៕​

កុសល

btvnews(04-04-2016(26))