បើក​សវនាការ​​ជំនុំ​ជម្រះ​ទោស​​ឧកញ៉ា ​សៀង​ ចាន់​ហេង ​​ពី​បទ​​លួច​ដី​គេ​លក់ ​​​នៅ​ថ្ងៃទី​១៩ ​ខែ​មេសា ​​

3723

ភ្នំពេញ​៖ ​លោក ឡុង កេស​ភី​រម្យ ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​ក្រុងភ្នំពេញ​ ​នៅ​ព្រឹក​ថ្ងៃទី​៧​ ខែមេសា ​ឆ្នាំ​២០១៦​នេះ ​​បាន​លើក​យក​សំណុំរឿង​លោកជំទាវ​ឧកញ៉ា ​សៀង ចាន់​ហេង អគ្គ​នាយ​ការ​ក្រុមហ៊ុន ហេង​អភិវឌ្ឍន៍​ ដែល​ត្រូវ​បាន​ដើម​បណ្តឹង​ឈ្មោះ​លោកស្រី លឹម ឃី និង​ម្ចាស់​ភាគហ៊ុន ៩​នាក់​ ទៀត​ប្តឹង​ថា ​បាន ក្លែងបន្លំ​ឯកសារ​ និង​ប្រើប្រាស់​ឯកសារ​ក្លែង​ លួច​យក​ដី​ទំហំ ​១៤៧ ហិតា ស្ថិតនៅ​ភូមិ​ទឹកល្អក់ ​ឃុំ​ទឹក​ហូត​ ស្រុក​រលាប្អៀរ ​ខេត្តកំពង់ឆ្នាំង ។


​ដើម​បណ្តឹង​ បាន​ទិញ ​ពី​លោកជំទាវ​ឧកញ៉ា ​សៀង ​ចាន់​ហេង ​នៅ​អំឡុង​ឆ្នាំ​១៩៩៥ ប៉ុន្តែ​នៅ​ឆ្នាំ​២០១៣ ​ដី​ទំហំ ​១៤៧​ហិចតា​នោះ​ ​ត្រូវ​បាន​លោកជំទាវ​ឧកញ៉ា ​សៀង ចាន់​ហេង ​លួច​លក់​ឲ្យ​ទៅ​ឈ្មោះ គង់ ​សែន ជា​ប្តី ​និង​ឈ្មោះ ​នី គឹម​អ៊ា​ន់ ​ជា​ប្រពន្ធ ​ដោយ​ប្រើប្រាស់​ឯកសារ​ក្លែង​។

យោង​តាម​លោក ធុ​យ សុគន្ធ មេធាវី​ការពារ​ក្តី​ដើមបណ្ដឹង ​បាន​ថ្លែងថា ​កូនក្តី​របស់​លោក​បាន​ប្តឹង​ទាមទារ សំណង​ចំនួន​១​លាន​ដុល្លារ​ និង​ទាមទារ​ដី​១៤៧​ហិចតា​មកកាន់​កាប់​វិញ​។

ទោះជា​យ៉ាងណា លោក ឡុង កេស​ភី​រម្យ ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​ក្រុងភ្នំពេញ​ បាន​លើក​ពេល​ប្រកាស​សាលក្រម​នៃ​សំណុំ​រឿង​នេះ ​ទៅ​រសៀល​ថ្ងៃទី​១៩ ​ខែមេសា ​ឆ្នាំ​២០១៦​វិញ​៕

btvnews(07-04-2016(19))