ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន​ នាំ​យក​អំណោយ ​ចុះ​សួរ​សុខទុក្ខ​សំណេះ​សំណាល​យោធិន​ពិការ​និង​កង​ទ័ព​តាម​ព្រំដែន​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំថ្មី

291

បន្ទាយមានជ័យ​ ៖ យោធិន​ពិការ​និង​នគរបាល ​យោធា​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​ថៃ​ ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃ​ណីជាតិ ​ឆ្នាំវក​អដ្ឋស័ក​ពុទ្ធសករាជ​២៥៦០ នា​ព្រឹក​ថ្ងៃទី​១០ ​ខែមេសា ​ឆ្នាំ​២០១៦​នេះ​ឯកឧត្តម ​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ​អមដំណើរ​ដោយ​ក្រុមការងារ​បាន​នាំ​យក​អំណោយ​ជួប​សំណេះ​សំណាល​សួរសុខទុក្ខ​នៅ​យោធិន​ពិការ​ក្នុង​មណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​៣១៧​តេ​ជោ​ភ្នំ​ឆ័​ត្រ ​ក្នុងស្រុក​ស្វាយចេក​ខេត្តបន្ទាយមានជ័យ​។

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទុយ ប៊ុនលី  នាយក​មណ្ឌល​៣១៧​តេ​ជោ​ភ្នំ​ឆ័​ត្រ ​បានអោយ​ដឹង​ថា​ ចាប់​តាំងពី​ឆ្នាំ​២០១២​ដល់​ឆ្នាំ​២០១៦ ​មណ្ឌល​បាន​ទទួល​បងប្អូន​ជន​ពិការ​អោយ​មក​រស់​នៅ​ចំនួន​៤៣៤​គ្រួសារ​។​ហើយ​ដើម្បី​ផ្តល់​នូវ​ចំណេះដឹង​ដល់​កូនចៅ​បងប្អូន​យោធិន​មណ្ឌល​បាន​ស្ថាបនា​សាលារៀន​មួយ​ខ្នង​មាន​៦​បន្ទប់​ ដោយ​ចាប់ពី​ថ្នាក់​មត្តេយ្យ ​ដល់​ថ្នាក់​ទី​៦​ មាន​គ្រូ​៤​នាក់ ​និង​មាន​សិស្ស​ចូលរៀន​ចំនួន​២១០​នាក់​ ស្រី​៨៩​នាក់​។

លោក​ បាន​លើកឡើង​ទៀត​ថា​ ​សិស្ស​មួយចំនួន​ជា​កូនចៅ​យោធិន​បាន​បង្ខំចិត្ត​បញ្ឈប់​ការសិក្សា​ត្រឹម​ថ្នាក់​ទី​៦​ ព្រោះតែ​មិន​មាន​លទ្ធភាព​បន្ត​កា​សិក្សា​បាន​ព្រោះតែ​សាលា​នៅ​ឆ្ងាយ​ម្យ៉ាងវិញទៀត​បច្ចុប្បន្ន​មណ្ឌល​ពិការ​តេ​ជោ​ភ្នុំ​ឆ័​ត្រ​ កំពុង​ជួប​បញ្ហា​កង្វះ​ទឹក​ប្រើប្រាស់​ ខ​ណះ​អាកាសធាតុ​ក្តៅ​ខ្លាំង​មិន​មាន​ភ្លៀង​។

លោក​ឧបនាយករដ្ឋមន្ត្រី ​កែ ​គឹមយ៉ាន​ បាន​ពាំនាំ​ប្រសាសន៍​សួរសុខទុក្ខ​របស់​សម្តេច​តេ​ជោ ​ហ៊ុន​ សែន  ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​  និង​សម្តេច​កិត្តិ​​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន ក្នុង​ឱកាស​ចូល​ឆ្នាំថ្មី​ផ្តាំផ្ញើ​ចំពោះ​បងប្អូន​យោធិន​និង​បាន​នាំ​យក​អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ​និង​ថវិកា​មួយចំនួន​មក​ចែក​ជូន​ផងដែរ​។

ជា​ចុងក្រោយ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ កែ​ គឹមយ៉ាន ​សូម​អោយ​សមត្ថកិច្ច​ទាំងអស់​ត្រូវ​យក​ចិត្ត​ទុកដាក់​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​នាពេល​ខាងមុខនេះ​ ៕

អ ពៅ

btvnews(11-04-2016(2))