វិទ្យាស្ថាន​បច្ចេកទេស​ក​ម្ពុ​ជា​ ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​សាកលវិទ្យាល័យ ​MIREA ប្រទេស​រុស្ស៊ី

273

ភ្នំពេញ៖ វិទ្យាស្ថាន​បច្ចេកទេស​ក​ម្ពុ​ជា​ឬ សាលា​តិច​ណូ នៅថ្ងៃនេះ បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​សាកលវិទ្យាល័យ Moscow State University Mirea​របស់​ប្រទេស​រុស្ស៊ី ក្រោម​អធិបតីភាព​ឯកឧត្តម ហ៊ុន ម៉ា​នី សមាជិក​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​។​

វិទ្យាស្ថាន​បច្ចេកទេស​ក​ម្ពុ​ជា ឬ សាលា​តិច​ណូ នៅ​ថ្ងៃទី​២០ ខែមេសា នេះ បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​សាកលវិទ្យាល័យ Moscow State University Mirea ​របស់​ប្រទេស​រុស្ស៊ី ដើម្បី​នាំមក​នូវ​ការអភិវឌ្ឍន៍​ធនធានមនុស្ស សម្រាប់​គាំទ្រ​ទៅនឹង​គោលនយោបាយ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​ពង្រឹង​សេដ្ឋកិច្ច​កម្ពុជា និង​ជាពិសេស​ចូលរួម​ធ្វើ​កំណែទម្រង់​គុណភាព​នៅ​ឧត្ដមសិក្សា​។​

ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​នេះ គឺ​ត្រូវ​បាន​ធ្វើឡើង​ដោយ លោក អ៊ុម រម្យ​ណី នាយក​វិទ្យាស្ថាន​បច្ចេកទេស​កម្ពុជា​និង​លោក អា​ឡិច​សាន ស៊ី​ហ្គូ​វ សាកលវិទ្យាធិការ​Moscow State University Mirea នៃ​សហភាព សហព័ន្ធ​រុស្សី ដែល​គោលបំណង​នៃ​កិច្ចព្រមព្រៀង​នេះ គឺ​ផ្តោត​ទៅលើ​សារៈសំខាន់​៤​ចំនុច​គឺ​ទី​១​អោយមាន​ការផ្លាស់ប្តូរ​ទស្សនកិច្ច​រវាង​គ្រូបង្រៀន និង និស្សិត​នៃ​គ្រឹះស្ថាន​ទាំងពីរ ទី​២​ធ្វើ​សហការ​ក្នុង​កិច្ចការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ការ​បោះពុម្ព​អត្ថបទ​វិទ្យាសាស្ត្រ ទី​៣​សហការ​ក្នុងការ​រៀបចំ​សិក្ខាសាលា​សន្និសីទ​វិទ្យាសាស្ត្រ​និង​ការងារ​ដែល​ទាក់ទង​នឹង​ឧស្សាហកម្ម​និង​ទី​៤​អភិវឌ្ឍ​ន៏​ការបណ្ដុះបណ្ដាល​និង​ផ្ដល់​សញ្ញាបត្រ​រួមគ្នា​។​

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​នៃ​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​នេះ បាន​បញ្ជាក់​ថា កិច្ចព្រមព្រៀង​នេះ គឺ​បាន​ធ្វើឡើង​ក្រោម​ការ​ផ្តួចផ្តើម​របស់​ឯក​ឧ​ត្ត​ម ហ៊ុន ម៉ា​នី សមាជិក​រដ្ឋសភា​កម្ពុ​ជា និង ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​បាន​ដឹកនាំ​ប្រតិភូ​អញ្ជើញ​ទៅធ្វើ​ទស្សនកិច្ច​នៅ​សហព័ន្ធ​រុស្ស៊ី​កាលពី​ឆ្នាំ​២០១៥​កន្លងទៅ​។

ក្រោយ​ពេល​ធ្វើ​ទស្សនកិច្ច​នៅ​តាម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​នានា​ក្នុង​ប្រទេស​រុស្សី​និង​ឆ្លងតាម​ការពិភាក្សា​ដើម្បី​រិត​ចំណង​សាមគ្គីភាព​រវាង​ប្រទេស​កម្ពុជា​និង​សហព័ន្ធ​រុស្សី​ភាគី​ទាំងពីរ​បាន​ផ្តល់​ជា​គំនិត​ក្នុង​ការ​ផ្សាភ្ជាប់​ទំនាក់ទំនង​គ្នា​តាមរយៈ​នៃ​ការអភិវឌ្ឍន៍​ធនធានមនុស្ស​។

ដោយសារ​សាលា​តិច​ណូ​ធ្លាប់ជា​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ជាតិ ដែលមាន​ទំនាក់ទំនង​យ៉ាង​ជ្រាលជ្រៅ​ជាមួយ​អតីត​សហភាពសូវៀត​តាំងពី​ឆ្នាំ​១៩៦៤​មក​ម្លេះ រួមទាំង​សំណង់​អគារសិក្សា​ដ៏​ធំ​ស្គឹ​ម​ស្គៃ ហេតុនេះ​ការ​តភ្ជាប់​ទំនាក់ទំនង​វា​ជា​ឱកាស​ដែល​ញាំ​ង​អោយ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ទាំងពីរ​មានលទ្ធភាព​ធ្វើការ​ពង្រីក​សមត្ថភាព​និង​ឧត្តមភាព​ក្នុងការ​បណ្តុះបណ្ដាល​ការផ្លាស់ប្ដូរ​ធនធានមនុស្ស​ការពង្រឹង​ការងារ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​និង​ការងារ​បង្រៀន​ជាដើម៕​​