កម្ពុជា ស្នើសុំ​ដល់ IFAD និង​ដៃ​គូរ​ពាក់ព័ន្ធ​គិតគូរ​ពិនិត្យ​ឡើងវិញ​នូវ​គោលនយោបាយ និង​ការ​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ថ្មីៗ​បន្ថែម​ទៀត​

191

ភ្នំពេញ​៖ ឯកឧត្ដម វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ស្នើ​សុំ​ដល់ មូលនិធិ​អន្តរជាតិ​សម្រាប់​ការអភិវឌ្ឍន៍​កសិកម្ម (IFAD) ដៃគូរ​ពាក់ព័ន្ធ ពិសេស​ក្រសួង​ស្ថាប័ន ដែល​ជា​ម្ចាស់​នៃ​គម្រោង​ផ្ទាល់ ត្រូវធ្វើ​ឆ្លើយតប​ទៅ​នឹង​ការប្រែប្រួល នៃ​បរិការណ៍​សេដ្ឋកិច្ច​-​សង្គម​របស់​កម្ពុជា​ផង និង​បរិការណ៍​ដោយឡែក​របស់​វិស័យ​កសិកម្ម តាមរយៈ​ការ​គិតគូរ​ពិនិត្យ​ឡើងវិញ​នូវ​គោលនយោបាយ និង​ការ​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ថ្មីៗ​បន្ថែម​ទៀត​។​

ការ​ស្នើសុំ​នេះ ​ធ្វើឡើង​នៅក្នុង​សិក្ខាសាលា ស្តីពី​ការ​ត្រួតពិនិត្យ​ការអនុវត្ត​គម្រោង និង​ការ​ត្រួតពិនិត្យ​ពាក់​កណ្តាល​អាណត្តិ​លើ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​កម្ពុជា​២០១៣២០១៨ ដែល​ជា​ផែនការ​យុទ្ធសាស្ត្រ ក្នុង​ការ​ផ្តល់​ហិរញ្ញប្បទាន​ដល់​កម្ពុជា​របស់​(IFAD) ព្រឹក​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៦​នេះ នៅ​សណ្ឋាគារ​ភ្នំពេញ ។

ដែល​សិក្ខាសាលា​នេះ ​មានការ​អញ្ជើញ​ចូលរួម​ផង​ដែរ ​ពី​តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ និង​មន្ត្រី​គម្រោង​មកពី​បណ្តា​ខេត្ត​នានា ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍​ពាក់ព័ន្ធ ក្នុង​គោលបំណង ()-​ធ្វើការ​ពិភាក្សា​ផ្លាស់​ប្តូរ​មតិយោបល់ និង​ចែករំលែក​បទពិសោធន៍​អំពី​កាលានុវត្ត និង​ភាព​ចន្លោះ​ប្រ​យោង ព្រមទាំង​កំណត់​ឡើងវិញ​នូវ​បញ្ហា​ប្រឈម​នានា ទាំង​កម្រិត​បច្ចេកទេស និង​កម្រិត​នយោបាយ ដែល​បាន​ជួបប្រទះ​កន្លងមក ក្នុង​ការ​អនុវត្ត​ទាំង​នៅ​កម្រិត​គម្រោង​/​កម្មវិធី​នីមួយៗ ក៏ដូចជា​កម្រិត​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​ភាពជា​ដៃគូរ​ទាំងស្រុង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា ជាមួយ IFAD និង​()-​ធ្វើការ​វាយតម្លៃ​ឡើងវិញ និង​ស្នើ​ឡើង​នូវ​វិធានការ​មុត​ស្រួច​ចាំបាច់​នានា ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ទាំង​កម្រិត​គម្រោង​/​កម្មវិធី​នីមួយៗ​ក៏ដូចជា​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​កម្ពុជា​២០១៣២០១៨ (​បច្ចុប្បន្ន និង​ការរៀបចំ​ផែនការអភិវឌ្ឍន៍​កម្ពុ​ជាថ្មី​ក្រោយ​ឆ្នាំ​២០១៨)​។​

​ឯកឧត្ដម វ​ង្សី វិស្សុត បាន​មានប្រសាសន៍ថា កសិកម្ម​បាន និង​កំពុង​ដើរ​តួនាទី​សំខាន់​ណាស់​ នៅក្នុង​សេដ្ឋកិច្ច​កម្ពុជា ជាពិសេស​ការកាត់បន្ថយ​ភាពក្រីក្រ​។ ប៉ុន្តែ​ កំណើន​របស់​វិស័យ​កសិកម្ម​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ថមថយ ដោយសារ​បញ្ហា​ ដែល​មាន​ចរិត​ជា​រចនាសម្ព័ន្ធ​មួយចំនួន ក្នុង​ខណៈ​វិស័យ​នេះ​ក៏​កំពុង​ទទួលរង​ផល​ប៉ះពាល់​ពី​ការប្រែប្រួល​អាកាសធាតុ​។

ក្នុង​ន័យនេះ លោក​រដ្ឋលេខាធិការ​បា​ន​ស្នើសុំ​ដល់ IFAD ដៃគូរ​ពាក់ព័ន្ធ ពិសេស​ក្រសួង​ស្ថាប័ន​ដែល​ម្ចាស់​នៃ​គម្រោង​ផ្ទាល់ ត្រូវធ្វើ​ឆ្លើយតប​ទៅ​នឹង​ការប្រែប្រួល​នៃ​បរិការណ៍​សេដ្ឋកិច្ច​-​សង្គម​របស់​កម្ពុជា​ផង និង​បរិការណ៍​ដោយឡែក​របស់​វិស័យ​កសិកម្ម តាមរយៈ​ការ​គិតគូរ​ពិនិត្យ​ឡើងវិញ​នូវ​គោលនយោបាយ និង​ការ​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ថ្មីៗ​បន្ថែម​ទៀត​។

លោក វ​ង្សី វិស្សុត ក៏បាន​សម្តែង​នូវ​អំណរគុណ និង​ការវាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​រវាង​កម្ពុជា​និង IFAD ដែល​បាន​ចាប់ផ្តើម​តាំងពី​ឆ្នាំ​១៩៩៦​មក​។ លោក​រដ្ឋលេខាធិការ​បា​ន​សង្កត់​ធ្ងន់ថា បើ​គិត​ពី​ទំហំ​ហិរញ្ញប្បទាន​ដែល IFAD បាន​ផ្តល់​ដល់​កម្ពុជា គឺ​មិន​ច្រើន​ណាស់ណា​ទេ ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ IFAD ជា​ដៃគូ​មួយ​ដ៏​ល្អ ជា​ដៃគូ​អភិវឌ្ឍន៍​ពិតប្រាកដ មាន​ឯកទេស​ជំនាញ​ច្បាស់លាស់ ជាពិសេស​បាន​គោរព​ភាពជា​ម្ចាស់​របស់​កម្ពុជា ហើយ​គ្មាន​របៀបវារៈ​នយោបាយ​នៅ​ពី​ក្រោយខ្នង​។

លោក​រដ្ឋលេខាធិការ​បា​ន​ស្នើ​ផង​ដែរ​ឱ្យ IFAD បន្ត​ធ្វើ​ការ​សម្របសម្រួល​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ផ្សេងទៀត ដើម្បី​ធ្វើការ​បំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក និង​បង្កើន​តម្លៃបន្ថែម​របស់​គម្រោង​។

គួរ​បញ្ជាក់​ដែរថា ចាប់តាំងពី​ឆ្នាំ​១៩៩៦​មក កម្ពុជា​ បាន​ទទួល​ហិរញ្ញប្បទាន​ពី IFAD ចំនួន​ប្រមាណ ១៤៣ លាន​ដុល្លារ​អាមេរិក សម្រាប់​អនុវត្ត​គម្រោង ០៨ ក្នុង​នោះ មាន​គម្រោង​កំពុង​ដំណើរការ​ចំនួន ០៣ និង​គម្រោង​ ដែល​បាន​បញ្ចប់​ចំនួន ០៥​៕