ក្រសួង សុខាភិបាល​ប្រកាស​ឱ្យ​ដឹង​ពី​អាការៈ​រោគ​ កើត​នៅ​រដូវក្ដៅ​ខ្លាំង​

219

ភ្នំពេញ ៖ ​រោគសញ្ញា​ជាច្រើន​ប្រភេទ អាច​នឹង​កើតមាន​ចំពោះ​បុគ្គល​មួយចំនួន​នៅ​អំឡុង​រដូវក្ដៅ​នេះ​។ រោគសញ្ញា​ទាំងនេះ ប៉ះពាល់​ខ្លាំង​ដល់​កុមារ និង ជន​ចាស់ជរា​។​

ការ​ប៉ះពាល់​សរសៃឈាម​ក្នុង​ខួរក្បាល ដែល​អាច​បណ្ដាល​ឱ្យ​បាត់បង់​ជីវិត​ អាច​នឹង​កើតមាន​ចំពោះ​បុគ្គល​មួយចំនួន នៅ​អំឡុង​ពេល​ដែល​មាន​អាកាសធាតុ​ក្ដៅ​ខ្លាំង​នេះ​។ នេះ​បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង ​សុខាភិបាល​ចេញផ្សាយ​ឱ្យ​ដឹង​​នៅ​ថ្ងៃ ​២៧ ​មេសា​នេះ​។​

ក្រៅ​ពី​នេះ​ ក៏​មាន​អាកា​រៈ​ខ្លះទៀត ក៏​អាច​កើតមាន​ចំពោះ​បុគ្គល​មួយ​ចំនួន​ទៀត​ដែរ ក្នុង​នោះ​មាន​ដូច​ជា​ អស់កម្លាំង​, រមួលក្រពើ​, ក្រហម​ស្បែក​, ក្ដៅ​ស្បែក​, ស្ងួត​ស្បែក​, ឈឺក្បាល​, វិលមុខ​ធី​ង​ធោ​ង​, បាត់បង់​ការ​បញ្ចេញ​ញើស​, ក្អួតចង្អោរ​, បេះដូង​លោត​ញាប់​, ដកដង្ហើម​ញាប់​, វង្វេងវង្វាន់​, ដើរ​ទ្រេតទ្រោត​, បាត់បង់​ស្មារតី​និង​តានតឹង​ក្នុង​អារម្មណ៍​ជាដើម​។​

ប្រភព​ដដែល​ក៏បាន​ឱ្យ​ដឹងពី​វិធី​សង្គ្រោះ​ចំពោះ​ជនរងគ្រោះ ដែល​កើតមាន​អាកា​រៈ​ទាំង​នោះ ផង​ដែរ ក្នុង​មាន​ដូច​ជា ដាក់​អ្នកជំងឺ​ឱ្យ​សម្រាក នៅ​ក្រោម​ម្លប់​ត្រជាក់​ និង​ លើកជើង​ឡើងលើ​ខ្ពស់​បន្តិច​, ដោះ ឬ បន្ធូរ​ខោអាវ​, ឱ្យ​ទទួល​ទាន​ទឹក​, ជៀសវាង​ឱ្យ​ទទួល​ទាន​កាហ្វេ ឬ​ជាតិ​ស្រវឹង ជាតិ​ស្រា និង ដណ្ដប់​លើ​ខ្លួន​អ្នកជំងឺ ដោយ​ក្រណាត់ ឬ កន្សែង​សើម​ត្រជាក់​ជាដើម​។​

សេចក្ដីប្រកាស​ព័ត៌មាន​ដដែល ក៏បាន​អំពាវនាវ​ដល់​ពលរដ្ឋ​គ្រប់​វ័យ ឱ្យ​ប្រុងប្រយ័ត្ន​ចំពោះ សុខភាព​ផ្ទាល់ខ្លួន​ផង​ដែរ​ ជាពិសេស កុមារ និង ជន​ចាស់ជរា​៕